(ភ្នំពេញ)៖ ទម្លាប់បន្ទោបង់ពាសវាលពាសកាល និងការមិនយកចិត្តទុកដាក់លើបញ្ហាអនាម័យ របស់ប្រជាពលរដ្ឋខ្មែរយើង ជាពិសេសពលរដ្ឋនៅតាមជនបទ បានធ្វើអោយប្រទេសខ្មែរយើង ជាប់ចំណាត់ថ្នាក់ទាបជាងគេ សំរាប់ប្រជាជនដែលមាន បង្គន់ប្រើប្រាស់នៅក្នុងចំណោមបណ្ដាលប្រទេស នៅក្នុងតំបន់អាស៊ាន។
មន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ បានបង្ហាញរបាយការណ៏ អោយដឹងយ៉ាងដូច្នេះនៅក្នុងឱកាសបើក «វេទិកាការីនិពន្ធ» អំពីអនាម័យជនបទ នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ ដែលរៀបចំឡើងដោយ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៏ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការគាំទ្រពី ក្រុមប្រឹក្សាសហប្រតិបត្តិការ វិស័យទឹកស្អាត និង អនាម័យរបស់អង្គការសហប្រជាជាតិ ក្រសួងអភិវឌ្ឍន៏ជនបទ និងអង្គការ WaterAid កម្ពុជា ក្រោមអធិបតីភាព លោក ជា សំណាង នាយខុទ្ទកាល័យ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី និងជាអ្នកសម្របសម្រួលថ្នាក់ជាតិ របស់ក្រុមប្រឹក្សាសហប្រតិបត្តិការវិស័យទឹកស្អាត និងអនាម័យរបស់អង្គការសហប្រជាជាតិ។
វេទិកាការីនិពន្ធអំពីអនាម័យជនបទនេះ ធ្វើឡើងដើម្បីបង្កើតអោយមានការជជែកពិភាក្សា ពីសំណាក់ការីនិពន្ធ ស្ដីអំពី ក្ដីកង្វល់ឬបញ្ហាប្រឈម ក្នុងការរាយការណ៏ព័ត៌មានពីបញ្ហា «អនាម័យជនបទ» ដំណោះស្រាយ និងមតិយោបល់ពីអ្នក ជំនាញមកពីស្ថាប័នដែលធ្វើការពាក់ព័ន្ធបញ្ហានេះ។
វេទិកាការីនិពន្ធក៏ជាសកម្មភាពដំបូងបង្អស់ មុននឹងឈានទៅបើក វគ្គបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ចំនួន២០នាក់ ស្ដីពីការធ្វើសេចក្ដីរាយការណ៏ពី «អនាម័យជនបទ» ដែលនឹងរៀបចំ ឡើងនៅខែកញ្ញាខាងមុខនេះ។ លោក ថី ចាន់តូ មន្ត្រីបញ្ចេកទេស នៃក្រសួងអភិវឌ្ឍន៏ជនបទ បានលើកឡើងថា យោងតាមរបាយការណ៏សិក្សាស្រាវ ជ្រាវ បានបង្ហាញអោយឃើញថា គិតមកដល់ឆ្នាំ២០០៨ មានប្រជាជននៅតាមជនបទ តែ២៣ភាគរយប៉ុណ្ណោះ ដែលមានបង្គន់ប្រើប្រាស់ ខណៈ៤៣ភាគរយ ពួកគាត់មានម៉ូតូប្រើប្រាស់ ដែលករណីនេះ បង្ហាញអោយឃើញថាពួកគាត់នៅខ្វះការ យកចិត្តទុកដាក់ពីបញ្ហាអនាម័យ ហើយនៅគិតពី បញ្ហាសម្ភារនិយមច្រើនជាង។
ក្នុងនោះក្នុងចំណោមប្រជាពលរដ្ឋ១៥លាននាក់ គឺមានតែជាង៤លាននាក់ប៉ុណ្ណោះ ដែលមានបង្គន់ប្រើប្រាស់ ខណៈ១០លាននាក់ ពួកគាត់បន្ទោបង់ពាសវាលពាសកាល បើគិតជាលាមក ក្នុង១ថ្ងៃមានទម្ងន់៣,០០០តោន ត្រូវបានជុះពាសវាលពាសកាល ដែលជាដើមចមនាំអោយមានជម្ងឺឆ្លង ដោយសារការរស់នៅ និងហូបចុកមិនមានអនាម័យ ដែលនាំអោយខាតបង់ថវិកា ក្នុងមួយឆ្នាំៗស្មើជិត៤៥០លានដុល្លារ ហើយកុមារដែលមានអាយុក្រោម៥ឆ្នាំ មាន២០ភាគរយ ស្លាប់ដោយជម្ងឺរាគដែលបណ្ដាលមកពី ការរស់នៅហូបចុកខ្វះអនាម័យ។
ដោយឡែក យោងតាមរបាយការណ៏ឆ្នាំ២០១៥ ប្រជាជនដែលមានបង្គន់ប្រើប្រាស់ បានកើនឡើងដល់៥២.៩ភាគរយ ដែលតួលេខនេះ បើប្រៀបធៀបជាមួយ បណ្ដាលប្រទេសនៅតំបន់អាស៊ាន ក៏នៅតែទាបជាងគេដដែល។ យោងតាមផែនការជាតិ រាជរដ្ឋាភិបាល បានដាក់ចេញនូវយុទ្ធសាស្ត្រកំណត់យកត្រឹមឆ្នាំ២០២៥ បញ្ចប់កង្វះអនាមួយនៅ តាមជនបទនិយាយរួមធ្វើឲ្យសេវាទឹកស្អាត និងអនាម័យនៅជនបទមានភាពប្រសើរឡើង និងប្រកបដោយនិរន្តរភាព ដែលវិធានការទាំងនោះរួមមាន ទី១៖ សាងសង់ និងប្រើប្រាស់បង្គន់អនាម័យ ទី២៖ អនាម័យលាងសំអាតដៃ និងទី៣៖ ហូបទឹកស្អាត៕