(កែប)៖ រដ្ឋបាលខេត្តកែប នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ បានធ្វើពិធីព្រលែងកូនត្រីចូលទៅក្នុងអាងទំនប់អូរក្រសារ ដើម្បើស្វាគមន៍ទិវាមចម្ឆជាតិ១កក្កដា ២០១៧ ស្ថិតភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
ពិធីនេះបានធ្វើឡើងក្រោមការចូលរួមពីសំណាក់លោក កែន សត្ថា អភិបាលខេត្តកែប លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោក ថឹង បូរិន ប្រធានមន្ទីរកសិកម្មខេត្ត និងលោក គុជ វីរៈ នាយខណ្ឌរដ្ឋបាលជលផលកែប ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជំនាញនានា និងអាជ្ញាធរក្នុងតំបន់ ប្រជាពលរដ្ឋ គ្រូបង្រៀន និងសិស្សានុសិស្ស សរុបជិត៥០០នាក់។
លោក ថឹង បូរិន បានឲ្យដឹងថា «នៅថ្ងៃនេះមន្ទីរបាននាំយកកូនត្រីជាច្រើនប្រភេទចំនួន៣០.០០០ក្បាល មកព្រលែងនៅទំនប់អូរក្រសារនេះ។ វារីវប្បកម្មបានដើរតួរនាទី កាន់តែសំខាន់ ក្នុងការបំពេញបន្ថែមតម្រូវការប្រើប្រាស់ ធនធានជលផលដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលដែលការទាញយកផល ពីធម្មជាតិហាក់មានទំនោថយចុះ ដោយសារការកើនឡើងចំនួនប្រជាជន និងការប្រែប្រួលអាកាសធាតុ»។
លោកបន្តថា កន្លងមករដ្ឋបាលជលផល បានស្វែងរកដៃគូរអភិវឌ្ឍន៍ និងបណ្តាប្រទេសជាមិត្តនានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍វិស័យវារីវប្បកម្ម ជាពិសេសការរៀបចំបង្កើត ស្ថានីយ៍ស្រាវជ្រាវ លើវិស័យនេះនៅកម្ពុជា។ ទន្ទឹមនឹងនេះ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានណែនាំបច្ចេកទេសចិញ្ចឹមត្រី ដល់កសិករជាលក្ខណៈគ្រូសារ នៅតាមមូលដ្ឋាននៃខេត្តទាំងមូលផងដែរ។
នៅក្នុងឱកាសនោះលោក កែន សត្ថា អភិបាលខេត្តកែប បានថ្លែងឲ្យដឹងថា ត្រីគឺជាម្ហូបអាហារប្រចាំថ្ងៃ ដ៏មានសារសំខាន់ ក្នុងការផ្គត់ផ្គង់សារធាតុខនិច និងប្រូតេអ៊ីន(៨១%)នៃប្រូតេអ៊ីនសរុប ដែលប្រជាជនកម្ពុជា ទម្លាប់បរិភោគត្រីច្រើនដោយក្នុងមួយឆ្នាំៗ ជាមធ្យម៦៣គក្រ ក្នុងមនុស្សម្នាក់ៗ ហើយចំណុចថវិកាទទួល បានពីវិស័យនេះ ត្រូវគេប៉ាន់ប្រមាណថា នឹងបានទទួលដ៏ច្រើនសន្ធឹកសន្ធាប់ទៀតផង។
យ៉ាងណាមិញ លោកអភិបាលខេត្ត បានទទួលស្គាល់ថា ធនធានជលផលត្រូវបានធ្វើអាជីវកម្មកាន់តែធ្ងន់ធ្ងរទៅៗ ពីមួយឆ្នាំទៅមួយឆ្នាំ បង្កជាក្តីកង្វល់អំពីនិរន្តរភាពរបស់វា លើផ្នែកសេដ្ឋកិច្ច សង្គម និងប្រព័ន្ធអេកូឡូស៊ី ដែលយើងមិនអាចមើលរំលងបានឡើយ។ ដោយមើលឃើញពីអត្ថប្រយោជន៍ដ៏ធំធេង នៃធនធានជលផល រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានខិតខំប្រឹងប្រែងដោះស្រាយបញ្ហាជាបន្ទាន់ នូវសេចក្តីត្រូវការផ្នែកសេដ្ឋកិច្ច និងសង្គម ដោយបានដាក់ចេញនូវគោលនយោបាយ កែទម្រង់លើការគ្រប់គ្រងវិស័យជលផល ឲ្យកាន់តែមាននិរន្តរភាពខ្ពស់ និងការការពារថែរក្សាទុកជាធនធានធម្មជាតិដ៏មានតម្លៃ សម្រាប់មនុស្សជំនាន់ក្រោយផងដែរ៕