(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ លោក កែម រិទ្ធិសិត បានថ្លែងក្នុងនាមគណៈកម្មការសាងសង់ចេតិយ ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យុដឹងថា នៅពេលនេះចេតិយរបស់បងប្រុសលោកបានវិវត្តន៍ទៅមុខបណ្តើរៗហើយ ដោយលេចចេញជារូបរាងថ្មីច្រើនជាងមុន បន្ទាប់ពីទទួលបានប្រាក់ឧបត្ថម្ភ ជួយកសាងចំនួន៥ម៉ឺន​ដុល្លារកាលពីពេលថ្មីៗកន្លងទៅនេះ (ប្រហែលកន្លះខែមុន)។

លោក កែម រិទ្ធិសិត បានថ្លែងក្នុងនាមគណៈកម្មការសាងសង់ចេតិយឲ្យដឹងថា «សម្រាប់ការសាងសង់ (ផ្នែកគ្រោងឆ្អឹងនិងគ្រឹះ) បានប្រមាណ៥០% និងសម្រាប់ សំណង់ទាំងមូលបានប្រមាណ១០%ហើយ។ ចំណែកថវិកានៃការសាងសង់ចេតិយ លោកបានប្រគល់ជូនដល់ក្រុមការងារ សាងសង់អស់ចំនួន ៣៤៤០០ដុល្លារអាមេរិករួចហើយ។ ហើយក្រុមការងារសាងសង់នឹងបន្តធ្វើការងារទៀត»។ ទោះបីយ៉ាងណាលោក សិត ធ្លាប់បានថ្លែងដោយក្តីអំពាវនាវ សូមកុំឲ្យលាបពណ៌ដាក់គ្នាជុំវិញការសម្លាប់ របស់បងប្រុសលោក (បណ្ឌិត កែម ឡី) ប៉ុន្តែទោះបីយ៉ាងណាលោកអំពាវនាវឲ្យរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ជូន​បងប្រុសរបស់លោកផងដែរ»។

ស្របពេលជាមួយនេះដែរ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា ក៏បាននឹងកំពុងបើកយុទ្ធនាការរៃអង្គាសថវិកា ដើម្បីចូលរួមកសាងចេតិយជូន លោកបណ្ឌិត កែម ឡី ផងដែរ បន្ទាប់ពីលោក កែម រិទ្ធិសិត អំពាវនាវសុំការជួយឧបត្ថម្ភ។ យុទ្ធនាការនេះចាប់ផ្តើមពីថ្ងៃទី០១ រហូតដល់ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧។

កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចចូលរួមឧបត្ថម្ភថវិកាចំនួន៥ម៉ឺនដុល្លារ ដើម្បីឱ្យក្រុមគ្រួសារយកទៅសាងសង់​ចេតិយជូនសពលោកបណ្ឌិត កែម ឡី ក្រោយពីលោក កែម រិទ្ធិសិត បានអំពាវនាវស្វែងរកថវិកាពីសប្បុរសជននានា ដើម្បីសាងសង់ចេតិយជូនលោកបណ្ឌិតកែម ឡី។ ក្រោយទទួលបានប្រាក់ឧបត្ថម្ភដ៏ច្រើននេះភ្លាម ក្រុមគ្រួសារសពរបស់លោកបណ្ឌិត កែម ឡី ដែលកំពុងជួបនូវការខ្វះខាតនោះ បានយកថវិកាទាំងអស់នេះ ទៅចាត់ចែងដើម្បីសាង់សងចេតិយភ្លាមតែម្ដង។

ថវិកាទាំង៥ម៉ឺនដុល្លាររបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាព Fresh News និងក្រុមការងារ បានយកទៅប្រគល់ជូន ដល់ផ្ទះក្រុមគ្រួសារ លោកបណ្ឌិត កែម ឡី ស្ថិតនៅភូមិ​អង្គ​តា​កុប ឃុំ​លាយ​បូរ ស្រុក​ត្រាំកក់ ខេត្តតាកែវ។​

សូមជំរាបថា នៅពេលដែលទទួលថវិកាដ៏ច្រើនបែបនេះ លោកយាយ ភោគ សេ ម្ដាយចាស់ជរារបស់លោកបណ្ឌិត កែម ឡី​ ពិតជារំភើប ឥតឧបមាររកអ្វីថ្លែង មិនចេញ រលីងរលោងទឹកភ្នែក លើកដៃសំពះថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌ពីសម្ដេចតេជោ ហ៊ុន សែន បើទោះបីពេលខ្លះសម្តេច ទទួលរងនូវ ការលាបពណ៌ពីសំណាក់គណបក្សប្រឆាំង ពាក់ព័ន្ធទៅនឹងសំណុំរឿងលោក កែម ឡី ក៏ដោយនោះ តែសម្តេចនៅតែផ្តល់ទឹកចិត្តអាណិតអាសូរ រហូតជួយឧបត្ថម្ភ ថវិកាយ៉ាងច្រើនបែបនេះ។ លោក កែម រិទ្ធិសិត ដែលត្រូវជាប្អូនប្រុសបង្កើត របស់បណ្ឌិត កែម ឡី បានចាត់ទុកទឹកចិត្តរបស់សម្តេចតេជោ ហ៊ុន សែន គឺជាទឹកចិត្តសណ្តោសប្រណីដ៏ធំធេងបំផុត សម្រាប់ក្រុមគ្រួសារ របស់លោក ដែលក្រុមគ្រួសារលោកទាំងមូលមិនអាចបំភ្លេចបាននោះ ឡើយពេញមួយ ជីវិតនេះ។

សូមជំរាបថា ថវិកា៥ម៉ឺនដុល្លារនេះ គឺជាឧបត្ថម្ភរបស់សម្តេចតេជោ ហ៊ុន សែន លើកទីពីរ ហើយសម្រាប់ក្រុមគ្រួសារសពរបស់លោកបណ្ឌិត កែម ឡី។ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានចូលបុណ្យថវិកា ១ម៉ឺនដុល្លារផងដែរ សម្រាប់ក្រុមគ្រួសារ លោក កែម ឡី យកទៅទូទាត់ការជំពាក់ថ្លៃបបរ និងការចំណាយផ្សេងៗ ក្នុងពិធីបុណ្យសពគម្រប់មួយឆ្នាំ នៃមរណភាពរបស់លោក កែម ឡី៕