(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងទេសចរណ៍ជាសេនាធិការ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ពេលនេះ បាននិងកំពុងពិភាក្សា ដើម្បីពិនិត្យលើកការអនុវត្តគម្រោងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ នៅតាមតំបន់ទេសចរណ៍នានា និងដើម្បីពិភាក្សារៀបចំគម្រោងផែនការថ្មី ក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទាំងនោះ ឲ្យកាន់តែប្រសើរឡើង។
កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមវត្តមានរបស់ លោក ទិត ចន្ថា រដ្ឋមន្រ្តីស្ដីទីនៃក្រសួងទេសចរណ៍ ជាមួយលោក Steven Schipani តំណាងធនាគារ ADB ដែលមានការចូលរួមពីប្រតិភូការងារអភិវឌ្ឍន៍វិស័យទេសចរណ៍ នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ នៅទីស្ដីការក្រសួងទេសចរណ៍។
លោក ទិត ចន្ថា បានឲ្យដឹងថា ភាគីទាំងពីរបានពិនិត្យលើការអនុវត្តគម្រោងដែលបាននិងកំពុងអនុវត្ត និងពិភាក្សារៀបចំគម្រោងផែនការថ្មី ក្នុងការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធវិស័យទេសចរណ៍ ដោយសារធនាគារ ADB បានមើលឃើញពីសក្ដានុពលនៃការអភិវឌ្ឍ វិស័យទេសចរណ៍កម្ពុជា ដែលកំពុងមានសន្ទុះខ្លាំងក្លា។
បើតាមលោករដ្ឋមន្រ្តីស្ដីទី រាល់ការងារពាក់ព័ន្ធដែលរាជរដ្ឋាភិបាលកម្ពុជា សហការជាមួយដៃគូអភិវឌ្ឍន៍នានា មានធនាគារ ADB ជាដើមនេះ គឺដើម្បី ត្រៀមខ្លួនឲ្យបានស្រេចបាច់ ក្នុងការទទួលកំណើនភ្ញៀវទេសចរអន្តរជាតិ ដែលមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងដើម្បីបំពេញ តាមតម្រូវការ របស់ពួកគេ ដែលទាំងនេះ ក៏ជាការរួមចំណែកទាក់ទាញទេសចរអន្តរជាតិឲ្យចាប់អារម្មណ៍មកទស្សនា កម្ពុជាផងដែរ ពីព្រោះទាល់តែមាន ផ្លូវខ្វាត់ខ្វែង មានទឹកស្អាត អគ្គិសនី អាកាសយានដ្ឋាន កំពង់ផែទេសចរណ៍ សណ្ឋាគារទំនើបៗ កន្លែងស្នាក់នៅ និងផលិតផលទេសចរណ៍ថ្មីៗច្រើនសម្បូរបែប ទើបភ្ញៀវទេសចរគេមកទស្សនា។ ទាំងនេះហើយ ដែលកម្ពុជាបានស្នើ ទៅធនាគារ ADB ឲ្យជួយសហការអនុវត្តការងារជាមួយគ្នា។
សូមជម្រាបថា ឆ្នាំ២០១៦ កន្លងទៅ ទេសចរអន្តរជាតិដែលបានមកទស្សនាកម្ពុជាមានជាង ៥លាននាក់ បូករួមទាំងទេសចរជាតិជាង ១០លាននាក់ទៀត ដោយបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា តាមរយៈការនាំមកនូវចំណូលចាក់បញ្ចូលត្រង់ ក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា ប្រមាណជាង ៣,០០០លានដុល្លារ និងបង្កើតឱកាសការងារ និងប្រាក់ចំណូលសម្រាប់ប្រជាជន។
នៅឆមាសទី១ ឆ្នាំ២០១៧ កំណើនទេសចរអន្តរជាតិមកកាន់កម្ពុជា បានកើនឡើង ១២.៨% ហើយក្នុងឆ្នាំ២០១៧នេះ កម្ពុជានឹងទទួលបាន ទេសចរអន្តរជាតិប្រមាណ ៥.៥លាននាក់ និងចំណូលទេសចរណ៍ប្រមាណ ៤,០០០លានដុល្លារ៕