(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាពិបាលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានថ្លែងថា ការចូលរួមរបស់វិស័យឯកជន ក្នុងការជំរុញឲ្យមានការប្រកួតប្រជែងស្នាដៃ ដោយច្នៃប្រឌិត ពីធនធានក្នុងស្រុក ទៅជារបស់ប្រើប្រាស់មានប្រយោជន៍ គឺជាគំនិតល្អមួយ ក្នុងការដុសខាត់ធនធានមនុស្សជំនាន់ក្រោយ ឲ្យកាន់តែខ្លាំង។
លោក ថ្លែងបែបនេះ ក្នុងឱកាសប្រគល់ជ័យលាភី ប្រកួតស្នាដៃ ច្នៃបង្កើតវត្ថុសិល្បៈពីបំពង់ទីបជ័រសញ្ញាឥន្ទ្រី នៅទីលានវាយកូលហ្គោល ស៊ីធីហ្គោល។
លោកបានថ្លែងទៀតថា ការជំរុញ ឲ្យមានការប្រកួតប្រជែង ស្នាដៃច្នៃប្រឌិត ពីយុវជនជំនាន់ក្រោយ គឺជាសញ្ញាល្អសម្រាប់សង្គម ។ជាក់ស្ដែងណាស់ ធនធានជំនាន់ក្រោយ គឺជាកំលាំងចលករ ដ៏សំខាន់ ដើម្បីចូលរួមដល់ការអភិវឌ្ឍសង្គម ហើយសង្គមមួយ ដែលសំបូរដោយធនធានមនុស្សពូកែៗ នឹងធ្វើឲ្យប្រទេសជាតិ មានការរីកចម្រើនឆាប់រហ័ស សម្រាប់ការរៀបចំបង្កើតឲ្យមានជាកម្មវិធីប្រកួតស្នាដៃ ច្នៃបង្កើតវត្ថុសិល្បៈពីបំពង់ទីបជ័រ ដោយផ្តើមគំនិតដោយ ក្រុមហ៊ុន យូ ភី ជី ផាយ Co,Ltd នាពេលនេះ គឺបានចូលរួមចំណែកដ៏សំខាន់មួយ ដល់ការអភិវឌ្ឍសង្គម ដោយផ្តើមចេញពីធនធានមនុស្សជំនាន់ក្រោយនេះ។
លោកបណ្ឌិត ម៉ី កល្យាណ បន្ថែមថា នេះគឺគំរូល្អមួយរបស់ក្រុមហ៊ុនឯកជន ដែលបានយកចិត្តទុកដាក់ដល់ សង្គមតាមរយៈការជំរុញឲ្យមានជាការប្រកួតប្រជែងស្នាដៃ ដែលធ្វើឡើងពីបំពង់ទីបជ័រ ពីសិស្សានុសិស្សទាំងកម្រិតសិក្សាថ្នាក់វិទ្យាល័យ និងមហាវិទ្យាល័យ។
លោក ឈុន ចេតនា អគ្គនាយកក្រុមហ៊ុន UPG Pipe Co,.Ltd បានលើកឡើងថា នេះគឺជាលើកដំបូងដែលក្រុមហ៊ុនយូ ភី ជី ផាយ Co,Ltd បានរៀបចំឲ្យ មានជាការ ប្រកួតប្រជែងស្នាដៃនេះឡើង ក្នុងគោលបំណងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីឲ្យយុវជនជំនាន់ក្រោយ ដោយផ្តោតទៅលើសិស្សានុសិស្សផ្ទាល់តែម្តង អាចមានឱកាស បញ្ចេញនូវទេព្យកោសល្យរបស់ខ្លួន ជាសាធារណៈ តាមរយៈការប្រកួតប្រជែង បង្កើតគំនិតច្នៃប្រឌិត ដោយយកបំពង់ទីប មកបង្កើតជារបស់ប្រើប្រាស់ចំបាច់ផ្សេងៗ។
សូមបញ្ជាក់ថា កម្មវិធីប្រកួតស្នាដៃ ច្នៃបង្កើតវត្ថុសិល្បៈពីបំពង់ទីបជ័រសញ្ញាឥន្ទ្រីនេះ មានស្នាដៃសិល្បៈចំនួន១៥ ដាក់ពាក្យចូលរួមប្រកួត ហើយជាលទ្ធផលក្រុមហ៊ុន សម្រចជ្រើសរើសយកស្នាដៃជ័យលាភីចំនួនបី ជាបេក្ខភាពជ័យលាភីចុងក្រោយ៕