(ភ្នំពេញ)៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក្រេឌីត ភី អិល ស៊ី នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ បានចុះកិច្ចព្រមព្រៀងភាពជាដៃគូ​លើសេវាទូទាត់វិក្កយបត្រ ជាមួយនឹងក្រុមហ៊ុនទ្រូម៉ាន់នី ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជន ដែលខ្ចីប្រាក់ពីក្រេឌីតទាំងអស់ អាចបង់ប្រាក់កម្ចីសងមកក្រេឌីតវិញ តាមរយៈភ្នាក់ងារទ្រូម៉ាន់នី។

ការចុះកិច្ចព្រមព្រៀងភាពជាដៃគូនេះ គឺជាជម្រើសល្អមួយសម្រាប់អតិថិជនក្រេឌីត ក្នុងការបង់សងប្រាក់កម្ចីមកក្រេឌីតវិញ បើទោះ​ជាក្នុងថ្ងៃធ្វើការ ថ្ងៃសម្រាក ឬថ្ងៃចុងសប្ដាហ៍ក្ដី ដោយអតិថិជនគ្រាន់តែយកមកជាមួយ នូវតារាងកាលវិភាគសងប្រាក់​ និងអញ្ជើញ​ទៅភ្នាក់ងារទ្រូម៉ាន់នី ណាមួយក្នុងប្រទេសកម្ពុជាជាការស្រេច។

លោក ចាន់ ម៉ាច នាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត បានថ្លែងឲ្យដឹងថា ការចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាង​ក្រេឌីត និងក្រុមហ៊ុនទ្រូម៉ាន់នីនេះ បានផ្ដល់ភាពងាយស្រួលច្រើនដល់អតិថិជន ពីមុនពេលអតិថិជនទាំងអស់ ត្រូវមកបង់ប្រាក់កម្ចី គឺត្រូវមក​បង់ប្រាក់ផ្ទាល់ដល់កន្លែង ប៉ុន្ដែឥឡូវអតិថិជនមិនបាច់ចំណាយពេលវេលាមកផ្ទាល់ទេ គឺគ្រាន់តែបង់តាមរយៈទ្រូម៉ាន់នី
ជាការស្រេច។

លោកបញ្ជាក់ទៀតថា បច្ចុប្បន្នក្រេឌីត មានការិយាល័យស្ទើរតែគ្រប់កន្លែងទូទាំងប្រទេស តែក្រេឌីតនៅតែស្វែងរកនូវជម្រើសសេវាកម្មផ្សេងៗ និងថ្មីៗ សម្រាប់អតិថិជនរបស់ខ្លួន ដោយអតិថិជនអាចជ្រើសរើស ជម្រើសណាមួយដែលស័ក្ដិសមសម្រាប់ពួកគាត់ ងាយស្រួល និងសន្សំសំចៃ តាមរយៈភ្នាក់ងារទ្រូម៉ាន់នី នៅទូទាំង​ប្រទេស ដែលមានប្រមាណ៥០០០កន្លែង។

ជាមួយគ្នានោះលោក គង់ មាន នាយកគ្រប់គ្រងទូទៅក្រុមហ៊ុនទ្រូម៉ាន់នី បានថ្លែងឲ្យដឹងថា ការសហការនេះពិតជាបានផ្ដល់​ប្រយោជន៍ យ៉ាងច្រើនសម្រាប់អតិថិជន ដោយអតិថិជនទាំងអស់ អាចសន្សំសំចៃពេលវេលាក្នុងការធ្វើដំណើរ ទៅកាន់គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក្រេឌីត ហើយអតិថិជនអាចបង់សេវាទាន់ ពេលវេលាកំណត់ ដោយមិនអស់ថ្លៃពិន័យ ពីព្រោះទ្រូម៉ាន់នីបានផ្ដល់ភាព​ងាយស្រួល និងជួយកាត់បន្ថយចំណាយ របស់អតិថិជនបានច្រើន តាមរយៈការផ្ដល់សេវាសមរម្យ និងភ្នាក់ងារច្រើនទីតាំងផង។

លោកបានបញ្ជាក់ទៀតថា « ក្រុមហ៊ុននឹងពង្រីកវិសាលភាពឲ្យធំធេងជាងមុន រួមទាំងបន្ដពង្រឹង និងបន្ថែមសេវាកម្មថ្មីៗឲ្យរឹតតែ​ប្រសើរឡើង ជាក់ស្ដែងនៅពេលឆាប់ៗខាងមុខនេះ នឹងមានសេវាកម្ម E-Wallet ដែលអតិថិជនអាចប្រើសេវាកម្មទ្រូម៉ានីទាំងអស់ ​បាន​តាមរយៈគណនីជាមួយនឹងកម្មវិធី Mobile App ដោយពុំចាំបាច់មានកាត និងសេវាកម្ម Payment Solution ដែលអតិថិជន​អាចទូទាត់ចំណាយតាមហាងផ្សេងៗ បានតាមរយៈទ្រូម៉ាន់នី»។

សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ មានអតិថិជនប្រមាណ១.៥លាននាក់ ដែលតែងតែប្រើប្រាស់សេវាកម្មទ្រូម៉ាន់នី ហើយថ្មីៗនេះ​ក្រុមហ៊ុនបានបង្កើតនូវកម្មវិធីពិសេសគឺ «ឈ្នះលុយរាល់ថ្ងៃ! ម៉ូតូរាល់សប្ដាហ៍! ដោយផ្ដល់សំណាងជូនអតិថិជន​ ដែលបានផ្ញើលុយតាមភ្នាក់ងារទ្រូម៉ាន់នី៕