(ព្រះវិហារ)៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ បានអញ្ជើញចូលរួមប្រកាសឲ្យចូលកាន់តំណែង ប្រធានមន្ទីរអប់រំយុវជន និងកីឡាថ្មី នៅខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមផងដែរពីថ្នាក់ដឹកនាំខេត្តព្រះវិហារ មន្ត្រីរាជការ នៅតាមមន្ទីរអង្គភាពជុំវិញខេត្ត ជាច្រើនរូបទៀត។
ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលត្រូវប្រកាសឲ្យចូលកាន់តំណែងនៅពេលនេះគឺលោក ចេង លឹមហ៊ាន់ ជំនួសលោក ហន ឆន ប្រធានចាស់ត្រូវចូលនិវត្តន៍។
លោក ចេង លឹមហ៊ាន់ ប្រធានមន្ទីរថ្មី បានឡើងប្តេជ្ញាថា លោកនឹងខិតខំធ្វើឲ្យមានសុខដុមភាពទាំងក្នុងជួរថ្នាក់ដឹកនាំ ទាំងក្នុងជួរមន្រ្តី អប់រំគ្រប់លំដាប់ថ្នាក់ និងក្នុងក្របខ័ណ្ឌ គ្រូបង្រៀនទាំងអស់ ដើម្បីធានាបាននូវនិរន្តរភាព នៃការងារប្រកបដោយគុណភាព ខិតខំអនុវត្តន៍កិច្ចការទាំងឡាយ ក្នុងវិស័យអប់រំឲ្យបានល្អ ស្របទៅតាមលិខិតបទដ្ឋានគតិយុត្តិ ដែលជាបន្ទាត់ជាត្រីវិស័យ ដើម្បីធានាបាននូវភាពជោគជ័យលើវិស័យអប់រំ បង្កើននូវការទំនាក់ទំនងល្អជាមួយបណ្តាមន្ទីរអង្គភាពពាក់ព័ន្ធនានា ដើម្បីធានាដល់ការអភិវឌ្ឍន៍ លើវិស័យអប់រំ ខិតខំជម្រុញដល់គ្រប់រចនាសម្ព័ន្ធអប់រំឲ្យមានទំនាក់ទំនងល្អ ជាមួយសហគមន៍មូលដ្ឋាន ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនការចូលរួមអភិវឌ្ឍន៍ លើវិស័យអប់រំប្រកបដោយចិរភាព។
លោកបណ្ឌិត ហង់ ជួនណារ៉ុន បានថ្លែងអបអរសាទរដល់លោក ចេង លឹមហ៊ាន់ ដែលត្រូវបានរាជរដ្ឋភិបាល ផ្តល់ការទុកចិត្តឲ្យចូលកាន់មុខតំណែងប្រធានមន្ទីរអបើរំ យុវជន និងកីឡាខេត្តព្រះវិហារនាពេលនេះ។
លោកបណ្ឌិតបានជំរុញឲ្យអាជ្ញាធរខេត្ត ប្រធានមន្ទីរថ្មី ត្រូវជួយជម្រុញធ្វើយ៉ាងណា ឲ្យមានការចុះឈ្មោះសិស្ស ដែលគ្រប់អាយុចូលរៀន ឲ្យបានច្រើនបន្ថែមទៀត គ្រប់មធ្យមសិក្សាក្នុងគោលដៅ ពង្រឹងធនធានមនុស្ស ក្រសួងអប់រំបានដាក់ចេញនូគោលនយោបាយ ដោយផ្តល់ជាអត្ថិភាពលើវិស័យអប់រំ និងគោលនយោបាយលើកទឹកចិត្ត គ្រូបង្រៀន។
លោកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានផ្តល់ប្រាក់បៀរវត្តន៍កើនឡើង រហូតទៅដល់៩៥ម៉ឺន ហើយឆ្នាំក្រោយអាចលើងដល់១លានរៀន ដើម្បីឲ្យជីវភាពគ្រូបង្រៀនធូរធាមួយកម្រិតទៀត ដើម្បីគុណភាពអប់រំ ហើយអាជ្ញាធរដែនដី និងមន្ទីរអប់រំ ត្រូវបន្តត្រួតពិនិត្យគុណភាពអប់រំឲ្យមានប្រសិទ្ធភាព ដើម្បីធានាបានគុណភាពចំណេះដឹង ពិតប្រាកដរបស់សិស្ស៕