(ភ្នំពេញ)៖ អតីតបេក្ខជន តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិមណ្ឌលប៉ៃលិន លោក សួង សុភ័ណ្ឌ ដែលទើបនឹងលាលែងពីតំណែង នៅក្នុង គណបក្សសង្រ្គោះជាតិនោះ នឹងទៅកាន់តំណែងជាអនុប្រធានគណបក្សអំណាចខ្មែរ នៅពេលខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ។

លោក សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ Fresh News ឱ្យដឹងថា លោក សួង សុភ័ណ្ឌ មានសមត្ថភាពគ្រប់គ្រាន់ នឹងកាន់តំណែងអនុប្រធានបក្ស ដែលលោកនឹងកាន់ជំនួសលោកស្រី លីណា តាន់ ដែលបានដាក់ពាក្យលាលែងនាពេលកន្លងទៅ។ លោកជឿជាក់ថា ក្រោមការរួបរួមនេះ គណបក្សអំណាចខ្មែរ នឹងរីកចំរើនទៅមុខ។

លោកបានថ្លែងបន្តថា នាគ្រាដែលចូលរួមជីវភាពនយោបាយជាមួយគណបក្សអំណាចខ្មែរ លោក សួង សុភ័ណ្ឌ ក៏បានដឹកនាំយុវជនមួយចំនួនរបស់ គណបក្សសមរង្ស៊ី និងគណបក្សសង្រ្គោះជាតិ មកជាមួយផងដែរ។ ក្រៅពីនោះ គណបក្សអំណាចខ្មែរក៏ទទួលបានសមាជិកថ្មីជាច្រើន មកពីគណបក្សខ្មែររួបរួមជាតិ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យថែមទៀត។

លោក សួង សុភ័ណ្ឌ ដែលជាអតីតប្រធានក្រុមការងារ និងជាអតីតបេក្ខជនតំណាងរាស្រ្ត ប៉ៃលិនរបស់គណបក្សសង្គ្រោះជាតិ និងជាអតីតប្រធានយុវជន គ្រប់ជាន់ថ្នាក់របស់គណបក្ស សម រង្ស៊ីផងនោះ បានដាក់ពាក្យលាលែងតំណែងនានា នៅក្នុងគណបក្សប្រឆាំង កាលពីខែមីនា ឆ្នាំ២០១៧ បន្ទាប់ពីលោក កឹម សុខា ឡើងកាន់តំណែងជាប្រធានគណបក្សសង្រ្គោះជាតិជំនួសលោក សម រង្ស៊ី។ តាមរយៈលិខិតលាលែងនោះ លោក សួង សុភ័ណ្ឌ បានប​ង្ហាញអំពីការមិនទុកចិត្ត លោក កឹម សុខា ក្រោយបែកធ្លាយសំឡេងសន្ទនា ជាមួយសម្តេចតេជោ ហ៊ុន សែន។

ថ្លែងនៅក្នុងសន្និសីទជាថ្មី នៅចំណុចស្តូបគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់នៅលើស្ពានពេជ្រ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧នេះ លោក សួង សុភ័ណ្ឌ ក៏បានឆ្លៀតវាយប្រហារម្តងទៀតចំពោះ លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ។ លោកថ្លែងថា មូលហេតុដែលនាំឲ្យលោកចាកចេញពី គណបក្សសង្គ្រោះជាតិដោយសារតែថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ មិនអាចធ្វើអ្វីតាមសំណូមពររបស់ប្រជាពលរដ្ឋបាន ហើយមិនដែលធ្វើអ្វីតាម ដែលខ្លួននិយាយ។ លោកបានឧទាហរណ៍ថា ក្រោយបោះឆ្នោតឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិបានអះអាងថា មិនចូលសភា ប៉ុន្ដែចុងក្រោយចូលទៅវិញ និងការបែកធ្លាយសារសំឡេងជាដើម។

អតីតបេក្ខជនតំណាងរាស្ដ្រ រូបនេះបន្ថែមថា ចំពោះគំនិតរបស់លោក គណបក្សសង្គ្រោះនឹងមិនអាចទទួលជ័យជម្នះនៅរាល់ការបោះឆ្នោតនោះទេ ទើបបណ្ដាលឲ្យសកម្មជនជាច្រើនបន្ដចាកចេញ ហើយលោកថា ប៉ុន្មានថ្ងៃខាងមុខនឹងមានអ្នកចេញជាបន្ដបន្ទាប់ទៀត។

លោក សួង សុភ័ណ្ឌ នឹងចូលកាន់តំណែងអនុប្រធានគណបក្សជាផ្លូវការ នៅក្នុងគណបក្សអំណាចខ្មែរ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះ៕