(ក្រចេះ)៖ រថយន្ដដឹកទំនិញផ្ទុកលើសទម្ងន់ ត្រូវបានក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយជញ្ជីងមន្ទីរសាធារណការខេត្តក្រចេះ ឃាត់រថយន្តចំនួន៤គ្រឿង ក្នុងរយៈពេល២ថ្ងៃជាប់គ្នាចាប់ពីថ្ងៃទី៦-៧ ខែសីហា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ៧ ក្នុងស្រុកស្នួល ខេត្តក្រចេះ រួចធ្វើការផាកពិន័យតាមផ្លូវច្បាប់។

លោក ជួប ផល្លីន អនុប្រធានមន្ទីរសាធារណការខេត្តក្រចេះ ទទួលបន្ទុកស្ថានីយ៍ថ្លឹងរថយន្ដបានឲ្យដឹងថា ប្រតិបត្តិការឆ្មក់ចាប់រថយន្តដឹកលើសទម្ងន់នេះដឹកនាំដោយលោក តេង ឈួន អនុរដ្ឋលេខាធិការក្រសួងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីមន្ត្រីសាធារណការខេត្តក្រចេះផងដែរ។

លោក ជួប ផល្លីន បានឲ្យដឹងថា រថយន្តទាំង៤គ្រឿងនេះ បានដឹកទំនិញលើសទម្ងន់កំណត់នេះចាប់ពី៦តោន ទៅ២១តោន។ សម្រាប់ការងារនេះក្រុមការងារជញ្ជីងចល័ត នឹងធ្វើការត្រួតពិនិត្យជាប្រចាំនៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ និងកាត់បន្ថយការខូចខាតផ្លូវជាតិ ដែលកន្លងមកការចំណាយលើការជួសជុលផ្លូវថ្នល់ ត្រូវចំណាយអស់ថវិកាជាតិជាច្រើន។

លោកបានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន និងម្ចាស់យានយន្តដឹកទំនិញទាំងអស់ សូមកុំដឹកទំនិញលើសទម្ងន់កំណត់ ព្រោះរដូវនេះជារដូវវស្សា ងាយធ្វើឲ្យខូចផ្លូវ ដោយសារតែការដឹកទំនិញលើសកំណត់នេះ។

ប្រជាពលរដ្ឋមានការត្រេកអយ៉ាងខ្លាំង ចំពោះចំណាត់ការរបស់ក្រុមជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងជញ្ជីងមន្ទីរសាធារណការខេត្ត។ ពួកគាត់ក៏ស្នើឲ្យក្រុមជញ្ជីងចល័ត បន្ដចុះចាប់រថយន្ដដឹកឈើធំៗ របស់ក្រុមហ៊ុនដែលផ្ទុកឈើលើសទម្ងន់បណ្ដាលឲ្យខូចខាតផ្លូវជាតិ ជាពិសេសរថយន្ដដឹកឈើរបស់ក្រុមហ៊ុនម៉ាស្ទ័រខេសាន់របស់ឧកញ៉ា ស៊ឹង សំអុល ដឹកចេញពីខេត្តមណ្ឌលគីរី ឆ្លងកាត់ខេត្តក្រចេះ ជាច្រើនគ្រឿងទៀតផង។

ក្នុងឱកាសដែលលោកអញ្ជើញចុះត្រួតពិនិត្យការជួសជុលផ្លូវជាតិលេខ២ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នៅពាក់កណ្តាលយប់ថ្ងៃទី១-២ ខែសីហា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ពេលខ្លះមានឡានដឹក៣០តោន លើសទម្ងន់ដែលច្បាប់កំណត់៣០តោន គឺវាស្នើនឹងរថយន្តជិត១លានគ្រឿង ដែលបើកលើផ្លូវនេះ ដូច្នេះសូមមេត្តាចូលរួមជាមួយ រាជរដ្ឋាភិបាលដើម្បីថែទាំផ្លូវរបស់យើងនេះ ដែលរដ្ឋាភិបាលខិតខំប្រឹងប្រែង ដើររកប្រាក់កម្ចីពីបរទេស ប្រមូលថវិកាជាតិដើម្បីយកមកកសាងផ្លូវ ថែទាំផ្លូវ។ លោកក៏សូមអំពាវនាវឲ្យម្ចាស់ក្រុមហ៊ុនដឹកទំនិញ ត្រូវគោរពច្បាប់ដឹកជញ្ជូន មិនត្រូវកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស វែងពេក ខ្ពស់ពេក ពេលពិបាកបត់អាចបង្ក ឲ្យមានគ្រោះថ្នាក់ចរាចរកើតឡើង៕