(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាលពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានបង្ក្រាបទីតាំងម៉ាស្សាយីហោ «ថាវហុង» ដែលបង្កប់សេវាបម្រើផ្លូវភេទ នាយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ នៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ។
លោកឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះ ស្ថិតក្រោមការ សម្របសម្រួលពីលោក រស់ សារាំ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្ត ជាលទ្ធផលកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ ជនជាតិចិន ក្នុងនោះប្រុស៥នាក់ និងស្រី៧នាក់។
លោកស្នងការរង បញ្ជាក់ថា ក្រោយធ្វើការឃាត់ខ្លួន កម្លាំងនគរបាលដកហូតបានលុយចំនួន ២៣០ដុល្លារ, ទូរស័ព្ទដៃ១៣គ្រឿង, លិខិតឆ្លងដែន២ច្បាប់, អត្តសញ្ញាណប័ណ្ណចិន២សន្លឹក, កុំព្យូរទ័រយួរដៃ១គ្រឿង, អាយផេត២គ្រឿង និងសម្ភារមួយចំនួនទៀត។
ចំពោះទីតាំងហាងខាងលើ បានបិទទ្វារចាក់សោរ និងបិទស៊ីល ប្រគល់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ គ្រប់គ្រងថែរក្សា។ ដោយឡែកជនសង្ស័យទាំង១២នាក់ បានឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបន្តធ្វើការសាកសួរតាមនីតិវិធី៕