(ភ្នំពេញ)៖ ដោយសារតែស្លាកប៉ានណូ ឬការដាក់តាំងតូបលក់ទំនិញផ្សេងៗ ក៏ដូចជាសំយ៉ាបផ្ទះ ដែលប្រជាពលរដ្ឋជាអាជីវករមួយចំនួន បានសាងសង់រំលោភលើចិញ្ចើម ចំណីផ្លូវសាធារណៈរបស់រដ្ឋ ដើម្បីប្រកបរបរ និងបិតផ្សាយស្លាកពាណិជ្ជកម្មផ្សេងៗផ្ទាល់ខ្លួននាំឲ្យបង្ក ជាការកកស្ទះចរាចរ ធ្វើឲ្យបាត់បង់ទាំងសោភ័ណ្ឌភាព និងរបៀបរៀបរយផងនោះ ត្រូវបានលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវ ចាត់វិធានការក្ដៅភ្លាមៗ ដោយដឹកនាំមន្ត្រី ដែលពាក់ព័ន្ធមួយចំនួន ដើម្បីប្រតិបត្តិការចុះធ្វើកិច្ចសន្យា និងសម្រេចរុះរើ អារកាត់សំយ៉ាបផ្ទះ មួយចំនួន ដែលបានសាងសង់រំលោភលើចិញ្ចើមផ្លូវរបស់រដ្ឋ ដោយមិនទទួលខុសត្រូវ លើការខូចខាតសម្ភារ ឬបាត់បង់ទ្រព្យសម្បត្តិ ឡើយ។
ប្រតិបត្តិការរបស់អាជ្ញាធរខណ្ឌឫស្សីកែវ ក្នុងការចុះធ្វើកិច្ចសន្យា និងរុះរើកាត់ទាំងសំយ៉ាបផ្ទះមួយចំនួន ដែលបានសាងសង់រំលោភយក ចំណីចិញ្ចើមផ្លូវរបស់រដ្ឋ ដើម្បីប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ពីសំណាក់ប្រជាពលរដ្ឋជាអាជីវករខាងលើនេះ ត្រូវបានធ្វើឡើងរយៈពេល២ថ្ងៃ ជាប់គ្នា ពោលចាប់តាំងពីព្រឹកថ្ងៃទី៧ រហូតមកដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧នេះ តាមដងផ្លូវសាធារណៈ ចាប់ពីព្រំប្រទល់សង្កាត់ ស្រះចក ខណ្ឌដូនពេញ មកប៉ែកខាងជើង តាមបណ្ដោយផ្លូវលេខ៧០ ស្ថិតក្នុងភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ដោយមាន ការដឹកនាំផ្ទាល់ពីលោក ជា ពិសី អភិបាលរងខណ្ឌលោក ប្រាជ្ញ សីហា នាយករងរដ្ឋបាលខណ្ឌ លោក ស៊ូ សារ៉ាត់ និងមន្ត្រីពាក់ព័ន្ធរួមមាន លោក គ្រី គឹមហុង លោក អ៊ាង សុខណេង លោក អាន សុធា និងកងកម្លាំងសណ្ដាប់ធ្នាប់ជាច្រើននាក់ផងដែរ ក្រោយពីបានណែនាំ និងជូនដំណឹង ជាច្រើនលើក ច្រើនសារមកហើយ ចំពោះអ្នករកស៊ីជួញដូរផ្សេងៗ ពោលគឺអ្នកប្រកបរបរផ្ទាល់ខ្លួន នៅតែបន្តរំលោភយកចំណីចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋ មកធ្វើអាជីវកម្មដដែលជាដដែល។
លោក ជា ពិសី បានថ្លែងថា «ដើម្បីអនុវត្តឲ្យបានតាមគោលការណែនាំរបស់សាលារាជធានីភ្នំពេញ ក៏ដូចជា អនុក្រឹត្យរបស់រាជរដ្ឋាភិបាល កម្ពុជា ដើម្បីហាមប្រាណ មិនឲ្យមានដាច់ខាត ចំពោះប្រជាពលរដ្ឋជាអាជីវករ ប្រកបរបរអាជីវកម្មខុសច្បាប់ពោលគឺការរំលោភយកចិញ្ចើម ចំណីផ្លូវរដ្ឋ ដែលអាចដំណើរការជោគជ័យទៅបានដោយរលូន លុះត្រាតែមានការចូលរួមសហការពីប្រជាពលរដ្ឋខណៈកន្លងមក អាជ្ញាធរខណ្ឌ និងសង្កាត់ បានចេញសេចក្តីណែនាំជូនដំណឹងទៅដល់ក្រុមអាជីវករ ដោយធ្វើការចាក់មេក្រូតាមដងផ្លូវសាធារណៈ ទីប្រជុំជន និងតាមទីផ្សារជាដើម ក្នុងមូលដ្ឋានដើម្បីហាមប្រាមមិនឲ្យមានអាជីវករ អ្នករកស៊ីលក់ដូរផ្សេងៗ យកចិញ្ចើមផ្លូវមកប្រើប្រាស់ និងបិតផ្សាយពាណិជ្ជកម្មបានឡើយ ព្រោះជាសម្បត្តិរបស់រដ្ឋ។
បន្ថែមពីនេះលោក ប្រាជ្ញ សីហា ក៏បានថ្លែងផងដែរថា ក្នុងប្រតិបត្តិការរៀបចំសណ្ដាប់ធ្នាប់សាធារណៈនេះដែរ មានគោលបំណង ដើម្បីលុបបំបាត់ការយកចិញ្ចើមចំណីផ្លូវរបស់រដ្ឋ មកធ្វើអាជីវកម្មផ្ទាល់ខ្លួន ដោយក្នុងរយៈពេល២ថ្ងៃនេះ មានប្រជាពលរដ្ឋ ជាអាជីវករក្ដី បានចូលរួមសហការធ្វើកិច្ចសន្យាជាមួយអាជ្ញាធរចំនួន៣២គ្រួសារ និង៤គ្រួសារផ្សេងទៀត បានសហការរុះរើកាត់សំយ៉ាបផ្ទះ ដែលរំលោភលើចំណីផ្លូវចេញដោយខ្លួនឯង ក្នុងករណីតម្រូវឲ្យទុកមួយភាគបី នៃចិញ្ចើមផ្លូវទើបបាន ព្រោះអាចធ្វើឲ្យមានការកកស្ទះចរាចរ និងបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ បង្កជាបាត់ទាំងសោភ័ណ្ឌភាព រាជធានីភ្នំពេញថែមទៀត បន្ទាប់ពីណែនាំជាច្រើនលើក ជាច្រើនសារ ដើម្បីជម្រុញឲ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករ ដាច់ខាតសូមកុំយកចិញ្ចើមផ្លូវមកដាក់តាំង ជាតូបលក់ដូរហៀរ មកលើទ្រូងផ្លូវ។
លោក ប្រាជ្ញ សីហា បន្តថា បើទោះបីបានចេញសេចក្តីណែនាំជូនដំណឹងទៅដល់ក្រុមអាជីវករ ដោយធ្វើការចាក់មេក្រូតាមដងផ្លូវ សាធារណៈ ទីប្រជុំជន និងតាមទីផ្សារជាដើម ក្នុងមូលដ្ឋាន ដើម្បីហាមប្រាមមិនឲ្យមានអាជីវករ អ្នករកស៊ីលក់ដូរផ្សេងៗយកចិញ្ចើមផ្លូវ មកប្រើប្រាស់ និងបិតផ្សាយពាណិជ្ជកម្ម ព្រោះជាសម្បត្តិរបស់រដ្ឋ ប៉ុន្តែក្រោយចេញសេចក្ដីជូនដំណឹង បែជាក្រុមអាជីវករនៅតែបន្តបំពាន មិនស្តាប់តាមការណែនាំរបស់អាជ្ញាធរឡើយ ហើយដើម្បីឲ្យមានប្រសិទ្ធភាពខ្ពស់ ទៅលើអ្នកលក់ដូរ រកស៊ី ជាអាជីវករដែលមិនស្ដាប់តាម ការណែនាំរបស់អាជ្ញាធរ មានសមត្ថកិច្ចទេនោះ ប្រាកដជាត្រូវប្រឈម និងវិធានការរដ្ឋបាលតាមផ្លូវច្បាប់មិនខាន ដោយធ្វើការរុះរើ និងមិនទទួលខុសត្រូវលើការខូចខាតសម្ភារ ឬបាត់បង់ទ្រព្យសម្បត្តិឡើយ៕