(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង បានចែកកូនឈើចំនួន៥ពាន់ដើម ឲ្យទៅស្រុកក្រុងនានា ក្នុងខេត្តយកទៅដាំនៅតាមមូលដ្ឋានរបស់ខ្លួន នាក្នុងឱកាសពិធីប្រារព្វរុក្ខទិវា៩កក្កដា នាព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ នៅក្នុងបរិវេណវត្តវាលទ្រា ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត លោក ច័ន្ទ សុផល អភិបាលខេត្ត សមាជិកព្រឹទ្ធសភា អភិបាលរងខេត្ត អភិបាល អភិបាលរងស្រុក ក្រុងទាំង១៤ ថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់ស្ថាប័នរដ្ឋនានា កងកម្លាំងទាំង៣ប្រភេទ មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ សិស្សានុសិស្ស អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋជាច្រើនរូបទៀត។
លោក ច័ន្ទ សុផល បានបញ្ជាក់ថា រុក្ខទិវាជាតិ៩កក្កដា ខេត្តបាត់ដំបងតែងបានធ្វើពិធីនេះជារៀងរាល់ឆ្នាំ ដោយបានចែកកូនឈើចម្រុះយកទៅដាំ នៅតាមបណ្តាលស្រុក គោលដៅនានា តាមទីសារណៈ ដើម្បីជាគុណប្រយោជន៍ ទាក់ទាញទឹកភ្លៀងសម្រាប់ប្រជាពលរដ្ឋធ្វើស្រែចំការ និងបានកាត់បន្ថយការបម្រែបម្រួល អាកាសធាតុនៅលើពិភពលោក ពិសេសនៅកម្ពុជាយើងបច្ចប្បន្ន។
លោកអភិបាលខេត្តបានបន្តថា «បាត់ដំបងយើងមានសក្តានុពលខ្លាំង ក្នុងវិស័យកសិកម្មក៏ជាជង្រុកស្រូវផងនោះ បច្ចុប្បន្នមានឡរសម្ងួតស្រូវក្នុងខេត្ត ដែលមានកម្លាំងអាចផលិតសម្ងួតស្រូវ ឲ្យបាន៣០តោនក្នុង១ថ្ងៃ និងអនាគតអាចបានច្រើនជាងនេះផងដែរ។ ចំពោះបញ្ហាទឹកលែងមានការព្រួយបារម្មណ៍ ហើយដោយយើងបានកសាងទំនប់ទឹកពហុបំណង ដែលអាចទុកបានជាង២០០ម៉ែត្រ និងមានវារីអគីសនី១កន្លែង មានទំហំ១៣មេកាវ៉ាត់នៅ ស្រុករតន:មណ្ឌល និងបន្តធ្វើទំនប់ទឹកនៅសាលាតាអន សម្រាប់ទប់ទឹកមានគ្រប់គ្រាន់ទុកជូនពលរដ្ឋធ្វើស្រែ»។
ជាកិច្ចបញ្ចប់គណអធិបតីក៏បានចែកចំណោយសៀវភៅប៊ិច ថវិកាដល់សិស្សានុសិស្ស និងចែកសារុងជូនប្រជាពលរដ្ឋម្នាក់១ និងចែកកូនឈើតាមបណ្តាស្រុកនានា យកទៅដាំមូលដ្ឋានរបស់ខ្លួន រួចដាំកូនឈើជានិមិត្តរូបផងដែរ៕