(កណ្ដាល)៖ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍២ផ្សេងគ្នា នៅយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ បណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់ និង២នាក់រងរបួស នៅក្រុងតាខ្មៅ និងស្រុកកៀនស្វាយ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅក្រុងតាខ្មៅ បណ្ដាលមកពីអ្នកបើកបរ ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ដោយឡែកករណីគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកៀនស្វាយ បណ្ដាលមកពីការបើកបរមិនគោរពច្បាប់ ពោលគឺបើកបរបញ្ច្រាស់ទិស។
បើតាមលោកឧត្តមសេនីយ៍ស្នងការ នៅក្រុងតាខ្មៅ កើតហេតុតាមបណ្ដោយផ្លូវជាតិលេខ២១ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ បង្កឡើងដោយរថយន្តម៉ាក Camry ឆ្លាម ពណ៌ស្ករ ផ្លាកលេខ ភ្នំពេញ2H-3738 អ្នកបើកបរឈ្មោះ នៅ ថារ៉ូត អាយុ២៨ឆ្នាំ (ស្លាប់) មានទីលំនៅក្នុងភូមិព្រែកលោក ឃុំព្រែកស្តី ស្រុកកោះធំ បើកបរចេញពីផឹកស៊ី ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនមកដល់ចំនុចខាងលើបានរេចង្កូតទៅឆ្វេង បុកចំពីចំហៀងជាមួយរថយន្ត Hyundai ពណ៌ស ពាក់ផ្លាកលេខ ក្រុងព្រះសីហនុ3A-2452 ប្រភេទធំចំណុះ១០តោន ដឹកពោត អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (គេចបាត់)។
ក្នុងហេតុការណ៍នេះ បណ្តាលឲ្យអ្នករួមដំណើរជាមួយរថយន្ត Camry របួសធ្ងន់ស្រាល២នាក់ និងស្លាប់០៣នាក់ ទី១៖ឈ្មោះ ម៉ុង សុងហ៊ត ភេទប្រុស អាយុ៣៤ឆ្នាំ (ស្លាប់), ទី២៖ឈ្មោះ គង់ ចេងហេង ភេទប្រុស អាយុ៣៤ (ស្លាប់), ទី៣៖ឈ្មោះ ស្រ៊ី ស៊ីនឿន ភេទប្រុស អាយុ៣០ឆ្នាំ (ស្លាប់), ទី៤៖ឈ្មោះ ឡេង វុធ ភេទប្រុស អាយុ៣៦ឆ្នាំ (របួសស្រាល) និងទី៥៖ឈ្មោះ ញ៉ ធឿង ភេទប្រុស អាយុ៣០ (រងរបួសធ្ងន់)។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានបន្ថែមថា ចំពោះករណីគ្រឿងថ្នាក់ចរាចរណ៍នៅស្រុកកៀនស្វាយវិញ កើតឡើងតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិស្លាបតាអោន ឃុំគគីរ បណ្ដាលឲ្យអ្នកជិះម៉ូតូ២នាក់ស្លាប់ នៅនឹងកន្លែង។
លោកស្នងការបញ្ជាក់ថា នៅម៉ោងកើតហេតុខាងលើរថយន្ត ម៉ាកVOLVO ប្រភេទកុងទីន័រ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3C-7592 ធ្វើដំណើរចេញពីកំពង់ផែស្វយ័តភ្នំពេញ ទិសដៅឡើងទៅភ្នំពេញ លុះមកដល់ចំនុចកើតហេតុ បានបុកជាមួយម៉ូតូ C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខស្វាយរៀង1J-3252 ទិសដៅពីភ្នំពេញមកផ្ទះនៅស្រុកកៀនស្វាយ បើកបរដោយឈ្មោះ ឆាត និស័យ ភេទប្រុស អាយុ១៧ឆ្នាំ និងស្ដ្រីម្នាក់ឈ្មោះ លី សុជាតិ អាយុ១៨ឆ្នាំស្លាប់។
ក្រោយកើតហេតុវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងនិងយកទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់៕