(ស្ទឹងត្រែង)៖ កូនត្រីពូជ និងមេត្រីពូជជាច្រើនម៉ឺនក្បាល ត្រូវបានយកទៅព្រលលែងនៅទំនប់បាចុងក្នុងបរិវេណដីប្រមាណ១៤ហិកតា ភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែងមានចំងាយពីទីរួមខេត្តប្រមាណ៤គីឡូម៉ែត្រ។
ការព្រលែងកូនត្រីពូជ និងមេត្រីពូជខាងលើនេះ បានធ្វើឡើងក្នុងពិធី «ទិវា០១កក្ដដា មច្ឆារជាតិ» ក្រោមវត្តមានលោក ញែម សាម៉ន ប្រធានក្រុមប្រឹក្សាខេត្ត លោក មុំ សារឿង អភិបាលខេត្តស្ទឹងត្រែង លោក វាត់ បុត្តកុសល អគ្គលេខាធិការរងគណៈកម្មាធិកាជាតិទន្លេមេគង្គ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧។
លោក ទុំ នីរូ នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តស្ទឹងត្រែងបានឲ្យដឹងថា ការប្រារព្ធទិវាមច្ឆាជាតិលែងកូនត្រីពូជ និងមេពូជត្រី មានត្រី៥ប្រភេទ ដែលក្រុមការងាររបស់លោកបានយកមកព្រលែងនៅពេលនោះរួមមាន៖ កូនត្រីពូជមានចំនួន៧ម៉ឺនក្បាល (កូនត្រីឆ្ពិន៤ម៉ឺនក្បាល ,កូនត្រីក្រាញ់២ម៉ឺនក្បាល និងកូនត្រីកន្ធរ១ម៉ឺនក្បាល)។
លោក ទុំ នីរូ បានបន្ដទៀតថា ដោយឡែកត្រីមេពូជរួមមាន៖ ត្រីរស, ត្រីឆ្ពិន, ត្រីអណ្ដែក និងត្រីក្រាញ់ ប្រមាណជាង៣០០គីឡូក្រាម ដែលយកទៅព្រលែង ជាមួយគ្នាផងដែរ។
នាយខ័ណ្ឌរដ្ឋបាលជលផលខេត្ត បានបន្ថែមទៀតថា ការធ្វើប្រារព្ធពិធីលែងមច្ឆារជាតិនេះ មិនមែនធ្វើតែម្ដងទេ គឺធ្វើរៀងរាល់ឆ្នាំម្ដង និងធ្វើនៅទីកន្លែង ដែលមានប្រភពទឹកផ្សេងៗគ្នា បើទោះបីប្រភពទឹកនោះនៅឆ្ងាយក៏ដោយ។
ជាមួយគ្នានេះលោក ទុំ នីរូ ក៏បានអំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ក្នុងរយៈពេល១ខែនេះ សូមកុំមកនេសាទនៅតំបន់ទំនប់លែងកូនត្រីនេះអី ទុកពេលឲ្យកូនត្រីនេះ ធំធាត់សិនទៅចាំនេសាទ៕