(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានថ្លែងថា តាំងពីឆ្នាំ២០១៦ កន្លងមក វិនិយោគិនចិន បានឈរនៅលំដាប់ថ្នាក់លេខ១ ក្នុងចំណោមវិនិយោគិនបរទេស ដែលបានមកបណ្តាក់ទុនកស៊ី នៅក្នុងប្រទេសកម្ពុជា។
ការលើកឡើងរបស់ លោក ហោ ណាំហុង បានធ្វើឡើងក្នុងឱកាសដែលលោក អញ្ជើញចូលរួមពិធីបើកសន្និសីទលើកទី១១ ស្តីពីមិត្តភាពប្រជាជន និងប្រជាជន អាស៊ាន-ចិន ក្រោមប្រធានបទ «ពង្រឹងចំណងមិត្តភាពប្រជាជននិងប្រជាជន អាស៊ាន-ចិន ដើម្បីការការពារសន្តិភាព និងសហប្រតិបត្តិការ» ដែលប្រារព្វឡើងនៅសណ្ឋាគារសុខាសៀមរាបរីសត និងមជ្ឈមណ្ឌលសន្និបាត រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៧។
លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងថា ក្នុងក្របខ័ណ្ឌទំនាក់ទំនងកម្ពុជា-ចិន កិច្ចសហប្រតិបត្តិការទ្វេភាគី បានក្លាយជា «ភាពជាដៃ គូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់តាំងពីឆ្នាំ២០១០មក។ ភាពជា «ដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ»នេះ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំង លើគ្រប់វិស័យ ពីមួយឆ្នាំទៅមួយឆ្នាំ។
លោកបន្តថា នៅឆ្នាំ២០១៦កន្លងមក ការផ្លាស់ប្តូពាណិជ្ជកម្មរវាង កម្ពុជា-ចិន មានចំនួន ៤,៧៦០លានដុល្លារ។ ទំហំពាណិជ្ជកម្មនេះ នឹងបន្តកើនឡើង បន្ថែមទៀតដល់៦ពាន់លានដុល្លារ នៅឆ្នាំ២០២០។
លោកបានបន្តថា ការវិនិយោគរបស់ចិននៅកម្ពុជា មានទំហំចំនួនជិត ១ពាន់លានដុល្លារ នៅឆ្នាំ២០១៦ ដែលឈរនៅលំដាប់ទី១ក្នុងចំណោមអ្នកវិនិយោគបរទេស នៅកម្ពុជា។ គិតពីឆ្នាំ២០១០មក ក្រុមហ៊ុនចិនបានវិនិយោគនៅកម្ពុជា មានចំនួនជាង ៥ពាន់លានដុល្លារ ជាពិសេសលើវិស័យនានា ដូចជា ហេដ្ឋារចនាសម្ព័ន្ធ វារីអគ្គិសនី និងសំណង់ ។ល។
គួរកត់សំគាល់ថា មកដល់ឆ្នាំ២០១៧នេះ នៅកម្ពុជាផ្លូវថ្មីៗ នឹងពង្រីកឲ្យធំដែលបានអនុវត្តន៍ហើយ និងកំពុងអនុវត្ត ដែលជាហិរញ្ញបទានរបស់ចិនមានចំនួនប្រហែល 2700KM។ ទន្ទឹមនេះការកសាងស្ពានថ្មីៗ ឆ្លងកាត់Tonlé Mekong និង Tonlé Sap ជាច្រើន។
ចំពោះវារីអគ្គិសនីវិញ ការវិនិយោគរបស់ចិនជាង3B$ បានក៏សាងរួចវារីអគ្គិសនីចំនួន06 ដែលផលិតអគ្គិសនីបាន928 MW នាំឲ្យតម្លៃអគ្គិសនីចុះ និងមានសល់ខ្លះផងសព្វថ្ងៃនេះ។ ក្នុងពេលឆាប់ៗនេះវារីអគ្គិសនីថ្មីមួយងទៀត នៅTonlé Sesan2 និងចាប់ដំណើរការផ្តល់អគ្គិសនីចំនួន 400MW ដែលអាចនាំទៅប្រទេសជិតខាងបាន។
ចិនបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាចំនួន៥០០ និងជួយបណ្តុះបណ្តាលអ្នកបច្ចេកទេសវ័យក្មេងកម្ពុជាចំនួន១០០នាក់ សម្រាប់៥ឆ្នាំទៅមុខ ដោយចាប់ផ្តើមពីឆ្នាំ២០១៧។ ទន្ទឹមនេះក៏មានការផ្លាស់ប្តូរយុវជនជាញឹកញាប់ដែរ។
ដោយឡែក ទេសចរចិនមកកម្ពុជា ប្រហែល៨៣ម៉ឺននាក់នៅឆ្នាំ២០១៦ ហើយភាគីទាំងពីរបានឯកភាពគ្នាថានៅឆ្នាំ២០២០ ទេសចរចិននឹងមកកម្ពុជា អាចនឹងកើនឡើងដល់២លាននាក់៕