(ភ្នំពេញ)៖ គណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខជាតិថៃ ដឹកនាំដោយលោក Phoplar Piyapanant ទទួលបន្ទុកការិយាល័យព្រំដែន បណ្តាខេត្តភាគខាងត្បូង នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ បានដឹកនាំគណៈប្រតិភូ១០រូប ពីស្ថាប័នផ្សេងគ្នា ក្នុងនោះរួមមាន លោក Darm Bootham ភារៈធារីស្ថានទូតថៃ ប្រចាំកម្ពុជា ដើម្បីជួបពិភាក្សាការងារ និងចែករំលែកបទពិសោធន៍ពីលោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលជាបេសកជនពិសេសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការឥស្លាមនៅកម្ពុជា។
ជំនួបនេះ ភាគីថៃបានលើកឡើងជូនភាគីកម្ពុជា ឲ្យជួយចែករំលែកបទពិសោធន៍ និងគោលនយោបាយល្អៗ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដោយបានចោទជាសំនួរ៣ចំណុច សំខាន់ៗរួមមាន៖ ទី១៖ស្ថានភាពទូទៅរបស់ប្រជាពលរដ្ឋកម្ពុជា, ទី២៖គោលនយោបាយសុខដមបនីយកម្ម របស់រាជរដ្ឋាភិបាលកម្ពុជា និងទី៣៖ ទំនាក់ទំនងល្អរវាងអ្នកកាន់សាសនាឥស្លាម និងអ្នកកាន់សាសនាព្រះពុទ្ធ។
ជាការឆ្លើយតប លោក អូស្មាន ហាស្សាន់ បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺប្រជាពលរដ្ឋទូទៅ បាននិងកំពុងរួមរសរួមសុខជាមួយគ្នា ដោយសន្តិភាព និងគ្មានអំពើរហិង្សា បៀតបៀនពីសំណាក់ ជាតិសាសន៍មួយទៅមួយទៀតឡើយ គឺគ្រប់គ្នាមានសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ក្នុងការរួមរស់នៅក្រោមម្លប់សន្តិភាពតែមួយ របស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបន្តថា រាជរដ្ឋាភិបាលមានគោលនយោបាយសុខដមបនីយកម្ម ជាតិសាសន៍ និងសាសនា ហើយលោកក៏មានមោទនភាពណាស់ ដែលក្រោយសម័យសង្គ្រាម ជាពិសេសក្រោយរបបប្រល័យពូជសាសន៍ប៉ុល ពល គឺភ្លើងសង្គ្រាមទូទៅ ត្រូវបានរលត់សាបសូន្យ ហើយក៏ពុំមានបញ្ហាជម្លោះជាតិសាសន៍ និងសាសនានោះឡើយ ក្នុងខណៈដែលប្រទេសជាច្រើនទាំងក្នុង និងក្រៅតំបន់ កំពុងតែមានវិបត្តិរឿងបញ្ហាជាតិសាសន៍ និងសាសនានេះឯង ក្នុងនោះក៏មាននៅប្រទេសថៃ ដែលជាប្រទេសជិតខាង។
បើតាមលោក អូស្មាន ហាស្សាន់ បញ្ហាវាស្ថិតនៅលើការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់មេដឹកនាំ តើផ្តល់នូវសិទ្ធិអំណាច សិទ្ធិសេរីភាព ការផ្តល់ភាពកក់ក្តៅ និងផ្តល់អ្វីៗ ដែលប្រជាជាតិរបស់ខ្លួនមានតម្រូវការដែរ ឬអត់? ប្រទេសកម្ពុជាពិតមែនតែសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ប៉ុន្តែទាំងសាសនាព្រះពុទ្ធក្តី និងរដ្ឋាភិបាលក្តី ពុំដែលបង្កការថ្នាំងថ្នាក់ និងរើសអើងមកលើសាសនិកឥស្លាម ដែលជាពលរដ្ឋរបស់ខ្លួននោះទេ តែផ្ទុយទៅវិញ មានតែការយកចិត្តទុកដាក់ ការផ្តល់ភាពកក់ក្តៅ សិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា ជាពិសេសរាជរដ្ឋាភិបាល បាននិងកំពុងតែចូលរួមការផ្តល់និងកសាងសមិទ្ធផលច្រើន ឥតគណនាជូនសហគមន៍ខ្មែរឥស្លាម មិនខុសអំពីសហគមន៍ខ្មែរ អ្នកកាន់សាសនាព្រះពុទ្ឋឡើយ។
ទាំងនេះហើយ ដែលកម្ពុជារក្សាបាននូវសុខដមបនីយកម្ម ក៏ដូចជាដឹកនាំការរំលត់ភ្លើងសង្រ្គាម បានយ៉ាងជោគជ័យ៕