(ភ្នំពេញ)៖ ព្រោះតែការប្រើសារនយោបាយមិនច្បាស់លាស់ ក្នុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤កន្លងទៅនេះ បាននិងកំពុងបង្កជាបាតុភាពយល់ច្រឡំស្ទើរទូទាំងប្រទេសពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ជាមួយចៅសង្កាត់ ឬមេឃុំថ្មី មកពីគណបក្សសង្រ្គោះជាតិ រឿងលុយអភិវឌ្ឍន៍ឃុំ សង្កាត់ ៥០ម៉ឺនដុល្លារ ដែលគណបក្សប្រឆាំងមួយនេះ បានសន្យាក្នុងពេលធ្វើយុទ្ធនាការ ឃោសនារកសំឡេងឆ្នោត។
ក្នុងវេទិកាសាធារណៈនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋប្រមាណ៤០នាក់នៅក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ បានផ្ទុះការងឿងឆ្ងល់ និងជជីកសួរដេញដោលលោកចៅសង្កាត់ថ្មីមកពីគណបក្សសង្រ្គោះជាតិ រឿងលុយអភិវឌ្ឍន៍ឃុំ-សង្កាត់ ៥០ម៉ឺនដុល្លារ ដែលគណបក្សប្រឆាំងមួយនេះ បានសន្យាក្នុងពេលឃោសនាបោះឆ្នោតឃុំ សង្កាត់ នាពេលកន្លងទៅ។ ក្រុមប្រជាពលរដ្ឋ ក៏បានជជីកសួររឿងលុយឧបត្ថម្ភ ១០ដុល្លារសម្រាប់ជួយដល់ចាស់ជរា ដែលគណបក្សមួយនេះ បានសន្យាកាលពីឆ្នាំ២០១៣ផងដែរ។
ការសួរដេញដោលនេះ ធ្វើឲ្យលោកចៅសង្កាត់ថ្មីស្ទើរតែដាច់ផ្ងារ ហើយព្យាយាមរកលេសឆ្លើយដោះសារជាមួយប្រជាពលរដ្ឋទាំងញ័រមាត់។ លោក អ៊ុក ស៊ីណាត់ ចៅសង្កាត់ទំនប់ទឹក បានឆ្លើយតបទៅកាន់ប្រជាពលរដ្ឋថា នៅពេលនេះសង្កាត់មិនទាន់មានលុយនោះទេ ហើយលុយទាំងអស់នេះអាចទទួលបាន លុះត្រាតែគណបក្សរបស់ខ្លួនជាប់ឆ្នោតថ្នាក់ជាតិសិន។ មិនត្រឹមតែប្រជាពលរដ្ឋសង្កាត់ទំនប់ទឹកនោះទេ នៅមានប្រជាពលរដ្ឋតាមបណ្តាសង្កាត់ និងឃុំជាច្រើនទៀត ក៏ធ្លាប់បានផ្ទុះការងារងឿងឆ្ងល់បែបនេះ ហើយបានចោទសួរទៅកាន់មេឃុំ ឬ ចៅសង្កាត់ថ្មីមកពីគណបក្សសង្រ្គោះជាតិផងដែរ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា ធ្លាប់បានរិះគន់ថា ចម្ងល់ និងការទាមទាររបស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតនេះ ក៏ដោយសារតែគណបក្សនយោបាយប្រឆាំងមួយនេះ បានឃោសនាមិនច្បាស់លាស់ ដោយយកគោលនយោបាយថ្នាក់ជាតិ មកឃោសនាក្នុងពេលធ្វើយុទ្ធនាការឃោសនាថ្នាក់ឃុំ-សង្កាត់។
ក្រុមអ្នកតាមស្ថានការណ៍នយោបាយបានលើកឡើងថា គណបក្សនយោបាយ គួរតែពន្យល់ឲ្យបានច្បាស់ថាអ្វីទៅជាគោលនយោបាយថ្នាក់ឃុំ សង្កាត់ ហើយអ្វីជាគោលនយោបាយថ្នាក់ជាតិរបស់ខ្លួន មិនគួរចេះតែឃោសនាឲ្យរួចពីមាត់ ដើម្បីបានការគាំទ្រពីប្រជាពលរដ្ឋនោះទេ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ ក៏ចង់ឲ្យគណបក្សនយោបាយទាំងអស់ គិតគូរពីលទ្ធភាពថា តើអ្វីដែលខ្លួនបានសន្យាក្នុងពេលធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតនោះ អាចធ្វើបាន ឬមិនបាន? ហើយក៏ត្រូវគិតពីផលប៉ះពាល់ដល់សង្គមជាតិ ដែលកើតចេញពីការឃោសនារបស់ខ្លួនផងដែរ៕