(ភ្នំពេញ)៖ លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី០៧ ខែសីហានេះថា ពិតជាបានចេញលិខិតផ្លូវការស្តីពីការកំណត់ពន្ធឡើងវិញ ជូនម្ចាស់កាសែត Cambodia Daily ពិតប្រាកដមែន, លោកបញ្ជាក់ថា ប្រសិនបើមិនមានទំនាស់ណាមួយក្នុងរយៈពេល១ខែ នឹងត្រូវកត់ត្រាជាបំណុល នឹងអាចឈានដល់ការព្យួរអាជ្ញាប័ណ្ណចេញផ្សាយ, បង្កកគណនីក្រុមហ៊ុន..។ល។
ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ លោក គង់ វិបុល បានថ្លែងយ៉ាងដូច្នេះថា «អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧កន្លងទៅនេះ ពិតជាបានចេញលិខិតស្តីពីការកំណត់ពន្ធឡើងវិញ ជូនដល់ម្ចាស់កាសែត Cambodia Daily ពិតប្រាកដមែន ហើយបុគ្គលិកម្នាក់របស់កាសែតនេះ បានមកទទួលនៅអង្គភាពនាយដ្ឋានពន្ធដារ នៅថ្ងៃដដែលនោះផងដែរ»។
លោក គង់ វិបុល បានថ្លែងបញ្ជាក់ទៀតថា «យើងទុករយៈពេល៣០ថ្ងៃ ឲ្យ Cambodia Daily ធ្វើការដាក់លិខិតជំទាស់ ប្រសិនបើកាសែតនេះ មិនដាក់លិខិតជំទាស់ទេ បានសេចក្តីថា ពួកគេទទួលយកការកំណត់ឲ្យបំពេញកាតព្វកិច្ចបង់ពន្ធនេះ យើងនឹងកត់ត្រាជាបំណុល ដែលតម្រូវឲ្យបង់ពន្ធជូនរដ្ឋ ប៉ុន្តែប្រសិនបើក្រុមហ៊ុននេះ មិនព្រមបង់ប្រាក់បំណុលទៀត យើងនឹងមានវិធានការដូចជា ព្យួរអាជ្ញាប័ណ្ណ បង្កកគណនីក្រុមហ៊ុន ផ្អាកការនាំចេញនាំចូល ទៅតាមច្បាប់សារពើពន្ធ, ប្រសិនបើឈានដល់ការមិនព្រមមកបង់ប្រាក់ជំពាក់ពន្ធនោះ អគ្គនាយកដ្ឋានពន្ធដារនឹងអនុវត្តទៅតាមច្បាប់សារពើពន្ធ»។
លោកស្រី Krisher-Steele ដែលជាម្ចាស់ថ្មីរបស់ Cambodia Daily បានបញ្ជាក់តាមរយៈសារព័ត៌មានរបស់លោកស្រី Cambodia Daily យ៉ាងដូច្នេះថា «ខ្ញុំពិតជាភ្ញាក់ផ្អើល ដែលបានឃើញលិខិតពី នាយកដ្ឋានពន្ធដារ នៅលើបណ្តាញសង្គម មុខពេលដែលលិខិតនោះមកដល់ ហើយអនុញ្ញាតឲ្យខ្ញុំធ្វើការឆ្លើយ តបនោះ»។ លិខិតនោះបានទៅដល់ដៃលោកស្រី កាលពីថ្ងៃអាទិត្យ ខណៈស្រីកំពុងស្នាក់នៅគេហដ្ឋានផ្ទាល់ខ្លួន ក្នុងទៅក្រុងតូក្យូ ប្រទេសជប៉ុន ហើយលោកស្រី បានអះអាងថា លោកស្រីកំពុងតែពិនិត្យមើលចំពោះឯកសារទាំង៥៤ទំព័រនោះនៅឡើយ ដោយការត្រូវការពេលវេលាបន្ថែមទៀតដើម្បីធ្វើការឆ្លើយតប។
លោកស្រី Krisher បានបញ្ជាក់ក្នុងសារអេឡិចត្រូនិក ដោយត្រូវបានកាសែត Cambodia Daily ចុះផ្សាយថា កាសែតមួយនេះគឺបានចាប់ផ្តើមដំណើរការដោយ «មិនមែនជាគំរោងរកប្រាក់កម្រៃ» ប៉ុន្តែក៏មិនមែនជា NGO នោះដែរ ដោយបន្តពីឪពុកលោកស្រី គឺលោក Bernard Krisher ដែលកាលពីខែមេសា បានលក់ទ្រព្យ សម្បត្តិនានា ទៅឲ្យក្រុមហ៊ុន Bernard Kisher Jimusho Co. Ltd. ដែលជាក្រុមហ៊ុនមួយនៅកម្ពុជា របស់លោកស្រី Krisher បានបង្កើតឡើងដូចដែលមាន សរសេរឈ្មោះនៅក្នុងលិខិតក្រសួង។
សូមជំរាបថា ឯកសារសំខាន់មួយរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ផ្ញើជូនកាសែតអាមេរិក Cambodia Daily ដោយជូនដំណឹងអំពីការជំពាក់ថ្លៃពន្ធរយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៦ មានទឹកប្រាក់ 25,756,015,695 រៀល ត្រូវបានបែកធ្លាយនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក អ៊ូ ច័ន្ទរិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ។
នៅក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចុះហត្ថលេខាដោយលោក ហេង ណារិទ្ធ នៅថ្ងៃទី០៤ ខែសីហានេះ បានសរសេរផ្ញើជូន នាយកសហគ្រាស៖ ប៊ែណាត គ្រីសឺ ជីម៉ូស្ស ឯ.ក BERNARD KRISHER JIMUSHO Co, LTD. អាស័យដ្ឋានសហគ្រាស៖ លេខ២៩ ផ្លូវ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សហគ្រាសរបស់លោកត្រូវបានពិនិត្យបញ្ជីគណនេយ្យ និងរាល់កិច្ចប្រតិបត្តិការដែលកើតមានក្នុងការិយបរិច្ឆេទគណនេយ្យឆ្នាំ ២០០៧ ដល់ ឆ្នាំ២០១៦ ជំពាក់ពន្ធរដ្ឋ 25,756,015,695 រៀល»។ តាមតួលេខទឹកប្រាក់ប្រហាក់ប្រហែលជាង៦លានដុល្លារសហរដ្ឋអាមេរិក៕