(តូក្យូ-ជប៉ុន)៖ យោងតាមទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ បានផ្សាយឲ្យដឹងថា នៅក្នុងជួបពិភាក្សាការងារជាមួយលោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន គ្រោងពិភាក្សាលើគម្រោងសាងសង់ផ្លូវរថភ្លើងលើអាកាសពីភ្នំពេញ ឆ្ពោះទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលមានទឹកប្រាក់ប្រមាណ ៨០០លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា បន្ទាប់ពីជំនួបពិភាក្សាការងារនៅរសៀលថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន និងលោក ស៊ិនហ្សូ អាបេ នឹងអញ្ជើញធ្វើជាអធិបតីរួមគ្នាក្នុងពិធីចុះហត្ថលេខាស្តីពីជំនួយជប៉ុនផ្តល់មកកម្ពុជាលើគម្រោងចំនួនពីររួមមាន៖
១៖ ហិរញ្ញប្បទានឥតសំណង សម្រាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញ ការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ តំណាក់កាលទី៤ ដែលមានទឹកប្រាក់ ៣,៩៤៨លានយ៉េន ស្មើនឹងប្រមាណ ៣៥លានដុល្លារ។
២៖ ឥណទានសម្បទាន សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានទឹកប្រាក់ ២៣,៥០២លានយ៉េន ស្មើនឹង ២០៨លានដុល្លារ៕