(ភ្នំពេញ)​៖ បញ្ហាវិវាទរបស់មេធាវីប្តឹងអគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ ទំនងជាត្រូវបញ្ចប់វិញ បន្ទាប់ពីប្រធានគណៈមេធាវីកម្ពុជា ចូលជួបជាមួយពិភាក្សាជាមួយ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធារ និងបានស្នើឲ្យភាគីទាំង២ គឺភាគីមេធាវី ដែលជាដើមបណ្តឹង និងលោក វ៉ាន់ ពុទ្ធិពល អគ្គនាយករងពន្ធដារ បញ្ចប់វិវាទដោយសន្តិវិធី និងយោគយល់គ្នា ក្នុងកម្រិតខ្ពស់បំផុត។

ការស្នើនេះធ្វើឡើង ក្នុងជំនួបពិភាក្សាការងាររវាងលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោក សួន វិសាល ប្រធានគណៈមេធាវី នៅអគ្គនាយដ្ឋានពន្ធដារ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គណៈមេធាវីកម្ពុជា ដែល Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី៧ ខែសីហានេះ។

លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារ និងគណៈមេធាវីកម្ពុជា យល់ឃើញថា បញ្ហាសំណេរក្នុង Facebook របស់លោក វ៉ាន់ ពុទ្ធិពល គឺជារឿងបុគ្គលប៉ុណ្ណោះ។

ពាក់ព័ន្ធកាតព្វកិច្ចបង់ពន្ធចូលថវិកាជាតិ អគ្គនាយកដ្ឋាន​ពន្ធដារ​ សម្រេច​ពន្យារពេល​ចេញ​លិខិត ​អញ្ជើញ​ការិយាល័យ​មេធាវី​ មក​ចុះ​បញ្ជី​ពន្ធ​នៅ​គ្រប់​សាខា​ពន្ធដារ​ទូទាំងប្រទេស ហើយលោក គង់ វិបុល គាំទ្រ និងទទួលយកសំណើរបស់គណៈមេធាវី ក្នុងការបង្កើតក្រុមការងារអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច ក្រសួងយុត្តិធម៌ ដើម្បីតាក់តែងលិខិតបទដ្ឋាន គតិយុត្តពាក់ព័ន្ធនឹងកាតព្វកិច្ចបង់ពន្ធរបស់មេធាវីដាក់ជូន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដើម្បីពិនិត្យ និងសម្រេច។

សូមជម្រាបថា មេធាវីម្នាក់ឈ្មោះ លី ច័ន្ទតុលា ដែលអះអាងថា តំណាងមេធាវី៥០នាក់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ បានដាក់ពាក្យប្តឹង លោក វ៉ាន់ ពុទ្ធិពល អគ្គនាយករង អគ្គនាយកដ្ឋានពន្ធដារ ទៅសាលាដំបូងរាជធានីភ្នំពេញ ដោយចោទថា បានសរសេរលើ Facebook ប្រើប្រាស់ពាក្យពេចន៍មួយចំនួន ប្រមាថមេធាវី ថាជាសត្វគោ ដែលរូបលោកមិនអាចទទួលយកបានឡើយ, ប៉ុន្តែករណីនេះត្រូវបានលោក វ៉ាន់ ពុទ្ធិពល បដិសេធវិញថា លោកមិនបានប្រៀបធៀបមេធាវីជាសត្វគោល ដូចការចោទប្រកាន់ឡើយ គឺជាការយល់ច្រឡំប៉ុណ្ណោះ។

ការប្រតិកម្មឈានដល់ការដាក់ពាក្យប្តឹងនេះ ត្រូវបានគេដឹងថា កើតឡើងបន្ទាប់ពីអគ្គនាយកដ្ឋានពន្ធដារ និងគណៈមេធាវីកម្ពុជា បានបើកសិក្ខាសាលារួមគ្នាមួយ ស្តីពី​ «កាតព្វកិច្ច​បង់​ពន្ធ​របស់​មេធាវី» នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧ ដោយភាគីទាំងពីរពិភាក្សាដេញដោលគ្នាយ៉ាងតឹងរឹងមួយ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សាគ្នានេះ លោក វ៉ាន់ ពុទ្ធិពល នៅយប់ថ្ងៃដដែលនោះ បានបង្ហោះនូវលើ Facebook របស់លោកដោយសរសេរថា «ថ្ងៃ​នេះ​ថ្នាក់​លើ​ប្រើ​ទៅ​ឲ្យ​ប្រមូល ​គោ​បញ្ជូល​ក្រោល​ដើម្បី​ថែរក្សា​ឲ្យ​គត់​មត់​។​ គោ​មួយ​ចំនួន​ធំ​បាន​ចូល​ក្រោល​ត្រឹមត្រូវ​ វៀរ​លែង​តែ​ អា​ពាល​ អា​ត្នោត​ និង​ អា​ទែក​ វា​ធ្លាប់​តែ​នៅ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ក្រៅ​ ដើរ​ជាន់​ដំណាំ​ ស៊ី​ដំណាំ​អ្នក​ស្រុក​ កៀច​មិន​ព្រម​ចូល​ក្រោល​។​ មិន​ត្រឹម​តែ​កៀច​ វា​ចង់​ជល់​ហើយ​ធាក់​ខ្ញុំ​ទៀត​ សុំ​សួរ​ប្រិយមិត្ត​ តើ​អា​៣ក្បាល​ហ្នឹង​ សម​នឹង​ចាក់​កន្លុះ​ឲ្យ​តឹង​ ហើយ​សំពង​នឹង​ទំពក់​រនាស់​ឲ្យ​បាក់​លោង​ទេ​ ?​ សើច​ !​»

ពាក្យពេចន៍របស់លោក វ៉ាន់ ពុទ្ធិពល សរសេរលើ Facebook យ៉ាងដូច្នេះបានធ្វើឲ្យគណៈមេធាវីប្រតិកម្ម និងបានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ដោយកោះប្រជុំគណៈមេធាវី ជាបន្ទាន់មួយ។

ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ លោក វ៉ាន់ ពុទ្ធិពល បានចេញមកបដិសេធ និងអះអាងថា ជាការយល់ច្រឡំប៉ុណ្ណោះ អត្ថន័យរបស់លោកសរសេរលើ Facebook មិនសំដៅលើមេធាវីឡើយ ប៉ុន្តែបើពាក្យពេចន៍ដែលលោកបានសរសេរនោះ ប៉ះពាល់ដល់មេធាវីគ្រប់រូបឲ្យលោកសុំទោស។ លោកបានលើកឡើងទៀតថា ពាក្យពេចន៍របស់លោកសរសេរ គឺជាពាក្យលេងសើច ចំពោះមន្ត្រីកូនចៅរបស់លោកប៉ុណ្ណោះ ដែលមានកូនចៅរបស់លោកខ្លះ បំពេញការងារមិនបានល្អ ហើយពួកគេស្គាល់ និងគោរពលោកចំពោះការលេងសើចទាំងនោះ។

លោក វ៉ាន់ ពុទ្ធិពល បានសរសេរឆ្លើយតបនៅក្នុង Facebook លោកថា «ខ្ញុំគិតថាជាការយល់ច្រឡំដូចពាក្យចាស់ថា «អូសសម្រាស់ប្រទះពាក្យ» ខ្ញុំសរសេររឿងគោ គឺសំដៅទៅលើមន្ត្រីក្រោមឱវាទមួយចំនួន ដែលមិនព្រមសម្របខ្លួន តាមកំណែទម្រង់រដ្ឋបាលសារពើពន្ធ ស្របតាមគោលដៅយុទ្ធសាស្ត្រ កៀរគរចំណូលរបស់រាជរដ្ឋាភិបាល ដោយឆ្លៀតយកសិទ្ធិអំណាចរបស់ខ្លួន ទៅអនុវត្តខុសច្បាប់ និងក្រមសីលធម៌របស់មន្ត្រីរាជការ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ខ្ញុំសូមបញ្ជាក់ថា សំណេររបស់ខ្ញុំពុំមានពាក្យ «មេធាវី» ហើយក៏ពុំបានសំដៅដល់ស្ថាប័នមេធាវី ដែលជាស្ថាប័នឯករាជ្យនោះដែរ។ ការប្រើពាក្យគោ ក្នុងទស្សនៈធៀបទៅនឹងការប្រើប្រាស់មន្ត្រីក្រោមឱវាទ ដួចជា ប្រើគោឲ្យស៉ីស្នៅផង ប្រើមើលតែគោក្របី ។ល។ ម៉្យាងទៀត ពាក្យគោក៏មិនមែនជាពាក្យអាក្រក់ដែរ ឥណ្ឌាខ្លះគោរពគោជាអាទិទេព ខ្មែរយើងមានជំនឿលើគោ (ឧសភរាជ) ក្នុងការព្យាករណ៍ផលកសិកម្ម។ អាស្រ័យហេតុនេះ ប្រសិនបើសំណេររបស់ខ្ញុំ មានការប៉ះពាល់ដល់មេធាវី ដោយកត្តាណាមួយ ខ្ញុំសូមឯកឧត្តម អស់លោក លោកស្រី នាងកញ្ញា ដែលជាមេធាវីទាំងអស់មេត្តាអភ័យទោសដល់រូបខ្ញុំ»៕ ​