(តូក្យូ-ជប៉ុន)៖ បន្ទាប់ពីបានជួបប្រជុំពិភាក្សាការងារជាមួយក្រុមវិនិយោគិនជប៉ុនរួចមក នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ដដែលនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញចូលគាល់ព្រះរាជទាយាទជប៉ុន ណារូហីតូ (Naruhito) នៅព្រះរាជតំណាក់របស់ព្រះអង្គក្នុងទីក្រុងតូក្យូ។
សម្តេចតេជោ ហ៊ុន សែន បានថ្វាយនូវព្រះរាជបណ្តាំសួរសុខទុក្ខពីសំណាក់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច នរោត្កម សីហមុនី ចំពោះព្រះរាជទាយាទណារូហីតុ ក្នុងឱកាសដែលសម្តេចតេជោបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន។
ការចូលបង្គំគាល់របស់សម្តេចតេជោ ចំពោះព្រះមហាក្សត្រជប៉ុន ថ្ងៃនេះ គឺជាការរួមចំណែករឹតបន្តឹងចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ និងរឹង មាំថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ជាច្រើនសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរ៕