(ស្ទឹងត្រែង)៖ កម្លាំងអាវុធហត្ថខេត្តស្ទឹងត្រែង សហការជាមួយអាវុធហត្ថមូលដ្ឋានក្រុងស្ទឹងត្រែង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ ដកហូតបានវត្ថុតាងមួយចំនួនធំ។
ការចុះប្រតិបត្តិការបង្ក្រាបខាងលើនេះ ដឹកនាំបញ្ជាកម្លាំងដោយលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងខេត្តស្ទឹងត្រែង នៅចំណុចក្បែរមន្ទីរធម្មការខេត្ត ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧។
បើតាមមន្ដ្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យ ចំនួន២នាក់រួមមាន ១៖ ឈ្មោះ ហុង លីហួរ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរទិញលក់ឈើ មានទីលំនៅស្នាក់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ២៖ ឈ្មោះ រុណ វី ភេទប្រុស អាយុ២០ឆ្នាំ ទីលំនៅភូមិក្ងោក ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ដកហូតវត្ថុតាង បានរួមមាន៖ ថ្នាំញៀនមេតំហ្វេតមីន (ice) ៣កញ្ចប់តូចទម្ងន់ ១,៧៥ក្រាម ,ទូរស័ព្ទដៃ០៤គ្រឿង ,លុយ៤០ម៉ឺនរៀល ,ម៉ូតូ១គ្រឿងម៉ាកវ៉េវពណ៌ខ្មៅគ្មានស្លាកលេខ។
តាមចម្លើយសារភាពរបស់ឈ្មោះ ហុង លីហួរ ទើបឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត នៅចំណុចអូរលាងគ្រួស ភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ១៖ ឈ្មោះ ជុន សុភ័ក្រ្ត ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ មានទីលំនៅស្នាក់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ២៖ ឈ្មោះផល រ៉ាវី ភេទប្រុស អាយុ៣០ឆ្នាំ ខ្មែរឥស្លាម មុខរបរធ្វើចំការ មានទីលំនៅស្នាក់នៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់និងវត្ថុតាង កំពុងឃាត់និងរក្សាទុក ក្នុងអង្គភាពដើម្បីការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕