(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ មានស្រ្តីប្រមាណ ៣៨៥,០០០នាក់ មកពីកម្ពុជា ប្រទេសវៀតណាម និង ប្រទេសហ្វីលីពីន ត្រូវបានគេរំពឹងថា នឹងទទួលបានផលប្រយោជន៍ពីគម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រីមានតម្លៃ៨លានដុល្លារ ដែលផ្តល់ដោយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID)។ សញ្ញាប័ណ្ណនេះនឹងផ្តល់ឲ្យស្ត្រីអាចទទួលបាន នូវសេវាឥណទាន ការតភ្ជាប់ទៅកាន់ទីផ្សារ ព្រមទាំងទំនិញ និងសេវាមួយចំនួនទៀត ដែលមានតម្លៃសមរម្យ ដើម្បីជួយឲ្យក្រុមហ៊ុនរបស់ពួកគេរីកលូតលាស់។
លោក Todd Sorenson អនុប្រធានបេសកកម្ម នៃទីភ្នាក់ងារអភិវឌ្ឍន៍ប្រចាំតំបន់អាស៊ីរបស់ទីភ្នាក់ងារ USAID ដែលមានទីតាំងនៅទីក្រុងបាងកក បានថ្លែងថា សញ្ញាប័ណ្ណនេះផ្តល់ប្រយោជន៍ដល់ស្ត្រី ដែលរស់នៅតាមបណ្តារដ្ឋក្នុងតំបន់អាស៊ាន និងត្រូវបានរៀបចំឡើង ដោយក្រុមហ៊ុនមួយ ដែលមានមូលដ្ឋានក្នុងតំបន់អាស៊ាន។ អាស៊ាន គឺជាសហគមន៍ប្រជាជាតិអាស៊ី-អាគ្នេយ៍។
លោកបានបន្ថែមថា «គម្រោងរយៈពេលបួនឆ្នាំ ដែលមានអាត្រាការប្រាក់៥.៦ភាគរយ ត្រូវបានរៀបចំដោយក្រុមហ៊ុន Impact Investment Exchange (IIX) ដែលមានមូលដ្ឋាននៅ ប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងថា នឹងចុះបញ្ជីរក្នុងទីផ្សារមូលប័ត្រសិង្ហបុរី ក្នុងខែនេះគម្រោងនេះ នឹងក្លាយជាសញ្ញាប័ណ្ណនិរន្តរ ភាពសង្គមដំបូងគេ ដែលផ្តោតលើចំណូលសង្គម និងហិរញ្ញវត្ថុដែលនឹងត្រូវចុះបញ្ជីលើទីផ្សារមូលប័ត្រធំមួយ»។
លោក Todd Sorenson បានបន្តថា USAID កំពុងផ្តល់ប្រាក់ធានាចំនួន៥០ភាគរយនៃគោលការណ៍ទំហំប្រាក់កម្ចី ដើម្បីកាត់បន្ថយហនិភ័យ ទាក់ទាញអ្នកវិនិយោគ និងគាំទ្រដល់ការអភិវឌ្ឍ។
ដោយសង្កេតឃើញថាគម្រោងសញ្ញាប័ណ្ណជីវភាព សម្រាប់ស្ត្រីត្រូវបានគាំទ្រដោយស្ថាប័នសាធារណៈ ស្ថាប័នឯកជន និងអង្គការមនុស្សធម៌មួយចំនួនដូចជា៖ ធនាគារ DBSធនាគារ ANZ មូលនិធិ Rockefeller អង្គការគំនិតផ្តួចផ្តើមសកលរបស់គ្លីនតុន និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក Durreen Shahnaz ស្ថាបនិកក្រុមហ៊ុន IIXបានថ្លែងថា៖ «គម្រោងនេះ នាំយើងខិតកាន់តែជិតមួយជំហានថែមទៀតទៅកាន់ពេលវេលាមួយ ដែលទីផ្សារហិរញ្ញវត្ថុរបស់យើងគិតគូរអំពីផលប៉ះពាល់សង្គម និងបរិស្ថាន ដូចគ្នាទៅនឹងចំណូលហិរញ្ញវត្ថុ»។ ៦០ភាគរយ នៃមូលធនសម្រាប់សញ្ញាប័ណ្ណនេះ ត្រូវបានផ្តល់ដោយអ្នកវិនិយោគអាស៊ី ដែលភាគច្រើនជាអតិថិជនរបស់ធនាគារឯកជន។
លោក Todd Sorenson បានបញ្ជាក់ថា គម្រោងសញ្ញាប័ណ្ណជីវភាពសម្រាប់ស្ត្រីនឹងផ្តល់មូលធនទៅដល់វិទ្យាស្ថានមីក្រូហិរញ្ញវត្ថុ និងសហគ្រាសសង្គម មួយក្រុមដែលនឹងជួយប្រែក្លាយស្ត្រីដែលមានប្រាក់ចំណូលទាបពីជីវភាពសមល្មមគ្រាន់តែចិញ្ចឹមជីវិតទៅកាន់ជីវភាព ប្រកបដោយចីរភាព ហើយនឹងជួយស្ត្រីទាំងនោះឲ្យធន់ទៅនឹងភាពតានតឹង ផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច។ បន្ថែមលើភាពជោគជ័យលើមុខជំនួញ ដែលគ្រប់គ្រង ដោយស្ត្រីមានផលប្រយោជន៍រយៈពេលវែងជាច្រើនទៀត ដែលពួកគេនឹងទទួលបាន ដោយក្នុងនោះរួមមាន៖ ការកើនឡើងនូវការចូលរួមរបស់ស្ត្រី ក្នុងកម្លាំងពលកម្ម ជីវភាពរស់នៅកាន់តែប្រសើរឡើងព្រមទាំងមានឱកាសកាន់តែច្រើន សម្រាប់ស្ត្រី និងកុមារក្នុងការទទួលបាននូវឱកាសអប់រំ និងសុខាភិបាល៕