(មណ្ឌលគិរី)៖ មន្រ្តីនគរបាលខេត្តមណ្ឌលគិរី បានលួចទម្លាយថា ត្រាក់ទ័រចំនួន៧គ្រឿងរបស់ជនជាតិវៀតណាម ដែលឆ្លងដែនចូលមកដីខ្មែរខុសច្បាប់ នៅឃុំប៊ូស្រា ស្រុកពេជ្រាដា ហើយត្រូវបានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ឃាត់ចាប់យកមករក្សាទុកនៅស្នងការដ្ឋានខេត្តក្នុង ឆ្នាំ២០១៥នោះ ឥឡូវត្រូវបានថ្នាក់ដឹកនាំនគរបាលខេត្ត នាំគ្នាយកចែកគ្នាប្រើអស់ហើយ។

ជុំវិញរឿងរ៉ាវដ៏រសើបមួយនេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកបានស្នើឲ្យព្រះរាជអាជ្ញា លោកស្នងការខេត្តមណ្ឌលគិរីថ្មី អ៊ុក សំណាង និងលោក ប៉ែន ផល្លី នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច ធ្វើការស៊ើបអង្កេត និងស្រាវជ្រាវប្រមូលវត្ថុតាងល្មើសច្បាប់ យកមករក្សាទុកនៅស្នងការវិញ ឲ្យខាងតែបាន ដើម្បីចាត់ការតាមនីតិវិធីតាមផ្លូវច្បាប់។

លោក ប៉ែន ផល្លី នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តមណ្ឌលគិរីថា រឿងត្រាក់ទ័រ៧គ្រឿងនេះ មិនមែនមន្រ្តីនគរបាល យកទទេរៗនោះឡើយ គឺគេខ្ចីប្រើ ហើយមន្រ្តីនគរបាលដែលខ្ចីត្រាក់ទ័រយកទៅប្រើនោះមានឈ្មោះ លោក អន ប៊ុន្នីរឹទ្ធ ស្នងការរងខេត្តមណ្ឌល ខ្ចីត្រាក់ទ័រចំនួន១គ្រឿង លោកវរសេនីទោ អ៊ូច វុធ អនុប្រធានការិយាល័យកណ្តាលភស្តុភា និងហិរញ្ញវត្ថុខេត្ត ខ្ចីត្រាក់ទ័រចំនួន១គ្រឿង លោក អ៊ិន ហេង ប្រធានការិយាល័យអន្តោប្រវេសន៍ខេត្ត ខ្ចីត្រាក់ទ័រចំនួន១គ្រឿង លោកវរសេនីយ៍ត្រី ឡេង ផលខ្ចីត្រាក់ទ័រ១គ្រឿង ដោយឡែកត្រាក់ទ័រចំនួន៣គ្រឿងទៀត លោកប្រធានលោកប្រធានការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត ហាក់បីដូចជាមិនហ៊ានទម្លាយប្រាប់ឈ្មោះនោះឡើយ។

បើតាមលោក ប៉ែន ផល្លី មន្រ្តីដែលបានយកត្រាក់ទ័រពីស្នងការដ្ឋានទៅប្រើនោះ កំពុងធ្វើឲ្យគាត់ផ្ទាល់មានការពិបាកចិត្តខ្លាំង ហើយគាត់កំពុងប្រាប់ថា ឲ្យយកត្រាក់ទ័រនោះយកមកទុកនៅស្នងការដ្ឋានវិញ ដើម្បីកុំឱ្យមានរឿងវែងឆ្ងាយ។

ជុំវិញរឿងរ៉ាវបាត់ត្រាក់ទ័រ ដែលជាងវត្ថុតាងល្មើសច្បាប់ពីស្នងការខេត្តមណ្ឌលគិរី ដោយផុយស្រួយយ៉ាងនេះលោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានសុំស្នើរឱ្យ លោក អ៊ុក សំណាង ស្នងការថ្មី និងព្រះរាជអាជ្ញាអមសាលាខេត្តមណ្ឌលគិរី ធ្វើការស៊ើបអង្កេតស្រាវជ្រាវឱ្យឃើញការពិតនិងធ្វើការប្រមូលត្រាក់ទ័រដែលបានបាត់ពីស្នងការ យកមករក្សាទុកនៅកន្លែងដូចដើមវិញ៕