(ឈាហ៊្វូ, សាន់ទុង, ចិន)៖ ផ្ទះកំណើតរបស់លោក ខុង ជឺ ដែលជាទស្សនវិទូផ្តល់តម្លៃខ្ពស់ចំពោះគុណធម៌ និងសីលធម៌សង្គមនោះ បានក្លាយទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បាញល្បីមួយ ដោយស្រូបទាញអ្នកចូលទស្សនាប្រមាណជា ៤លាននាក់ក្នុងមួយឆ្នាំ រកចំណូលរាប់សិបលានដុល្លារជូនរដ្ឋថែមទៀតផង។
ក្នុងដំណើរបំពេញទស្សនកិច្ចរបស់អ្នកព័ត៌មានកម្ពុជាទៅកាន់ប្រទេសចិនរយៈពេល ១២ថ្ងៃចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ដែលទើបបញ្ចប់ទៅថ្មីៗនេះ ក៏បានអញ្ជើញទៅទស្សនានៅតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តស្ថិតនៅក្នុងក្រុងឈាហ៊្វូ ខេត្តសានទុងនេះផងដែរ។ តំបន់ទេសចរណ៍ប្រវត្តិសាស្រ្តនេះ មានទំហំផ្ទៃដីប្រមាណ ២១ម៉ឺនម៉ែត្រការ៉េ។
នៅតំបន់ប្រវត្តិសាស្រ្តនេះ ក្រៅពីការបន្សល់ទុកនូវផ្ទះដែលជាផ្ទះកំណើតរបស់លោក ខុង ជឺ និងក្រុមគ្រួសារហើយនោះ គេមានដាក់បង្ហាញនូវរឿងរ៉ាវប្រវត្តិសាស្រ្តជាច្រើនពាក់ព័ន្ធប្រវត្តិរបស់លោក ខុង ជឺ និងក្រុមគ្រួសាររបស់គាត់ ព្រមទាំងស្លាកស្នាមប្រវត្តិសាស្រ្តរបស់ចិនជាច្រើនទៀត។
ក្រៅពីការតាំងបង្ហាញនូវរឿងរ៉ាវរបស់លោក ខុង ជឺ និងប្រវត្តិសាស្រ្តមួយចំនួនរបស់ចិនហើយនោះ នៅតំបន់ប្រវត្តិសាស្រ្តដែលមានអាយុកាលរាប់ពាន់ឆ្នាំមួយនេះ ក៏មានការរៀបចំសម្តែងសិល្បៈបង្ហាញពីរបៀបគោរពតាមរបៀបរបស់លោក ខុង ជឺ ផងដែរ។
ដោយសារតែ ខុង ជឺ ជាទស្សនវិទូដ៏ល្បាញល្បីក្នុងសង្គមចិន ព្រមទាំងនៅលើពិភពលោកផងនោះ ធ្វើឲ្យតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះ ទទួលបានការចាប់អារម្មណ៍ខ្ពស់និងមានអ្នកចូលទស្សនាជាច្រើនក្នុងមួយឆ្នាំៗ។ បើតាមប្រធានគ្រប់គ្រងមគ្គុទ្ទេសក៍ បានឲ្យដឹងថា ក្នុងមួយឆ្នាំមានភ្ញៀវទេសចរប្រមាណ ៤លាននាក់បានចូលទស្សនាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយនេះ។
អ្នកទេសចរភាគច្រើនជាពលរដ្ឋចិន ហើយក៏មានភ្ញៀវទេសចរមកពីបណ្តាប្រទេសនានាលើពិភពលោកផងដែរ។ ក្នុងភ្ញៀវម្នាក់ត្រូវចំណាយថ្លៃសំបុត្រចូលទស្សនាប្រមាណ ២៥ដុល្លារអាមេរិក ទាំងពលរដ្ឋចិន និងពលរដ្ឋមកពីប្រទេសនានា ខណៈដែលសិស្ស និស្សិតចិន ត្រូវចំណាយថ្លៃសំបុត្រជាង ១០ដុល្លារផងដែរ។
លោក ខុង ជឺ ជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញ មានកិត្តិនាមស្មើនឹងសូក្រាត នៅប្រទេសក្រិចដែរ។ តាមពិតឈ្មោះរបស់លោកគឺ ជឺ ស្ថិតនៅសម្ព័ន្ធលូ។ ត្រកូលរាជវង្សរបស់លោកជាអភិជន ហើយបើតាមការស្រាវជ្រាវត្រកូលនេះ មានពូជពង្សមកពីរាជវង្ស «ចាង» ដែលជាសន្តិវង្សមួយគ្រប់គ្រងប្រទេសចិន នាសម័យរជ្ជកាលចូវ។ ដោយសារសង្រ្គាមវាយលុកពីកុលសម្ព័ន្ធចូវ ស្ថិតនៅទិសពាយ័ព្យទន្លេលឿង រាជវង្សចាង ក៏ត្រូវរលាយបាត់បង់ក្នុងសង្រ្គាម។ ឯសមាជិកគ្រួសារ ដែលរួចផុតពីសេចក្តីស្លាប់វិញ ក៏បន្លំខ្លួនក្នុងកុលសម្ព័ន្ធ «លូ»។
ខុងជឺ កើតនៅឆ្នាំ៥៥១ មុន គ.ស ក្នុងទីងងឹត នៃកំហែងថ្មភ្នំមួយ នៃស្រុកចាងតុង ក្បែរវាលចិញ្ចឹមសត្វ របស់លោកមានៃសន្តិវង្សលូ។ មុនពេលចាប់កំណើត និងថ្ងៃចាប់កំណើតរបស់ខុងជឺមានអព្ភូតហេតុចំលែក គួរឲ្យកត់សម្គាល់ គឺផ្ទុះភ្នំភ្លើង រន្ទះ រញ្ជួយភ្នំភ្លើង។ ឪពុកខុងជឺ មានភរិយាចំនួន ៣នាក់ ភរិយាទី១ មានកូនស្រ្តី ៩នាក់ ភរិយាទី២ មានកូនប្រុសម្នាក់ ជាជនពិការ ហើយភរិយាទី៣ ជាម្តាយរបស់លោក ខុង ជឺ។ ខុងជឺ កំព្រាឪពុកតាំងពីអាយុ ៣ឆ្នាំ ហើយមានចិត្តសប្បុរសធម៌ តាំងពីក្មេង តែគាត់រស់ក្នុងទីទល់ក្រ។
លុះបានអាយុ ២០ឆ្នាំ គាត់បានរៀបការជាមួយនឹងស្រីជនជាតិម៉ុងហ្គោលម្នាក់ ដែលមានកូនប្រុសឈ្មោះលី។ ដោយកាខិតខំស្រាវជ្រាវខុងជឺ បានក្លាយជាគ្រូម្នាក់ ដែលចេះដឹងសព្វមុខវិជ្ជាពិសេសខាងវិជ្ជាពេទ្យ ខុងជឺ ចេះទស្សន៍ទាយ ជាអ្នកបង្ហាត់បង្រៀន ឲ្យប្រជាជនចិន ចេះសែនព្រេនដូនតា តាមលក្ខណៈនេះ គាត់ជាអាចារ្យពេលមានអាពាហ៍ពិពាហ៍ និងពិធីបុណ្យផ្សេងៗផងដែរ។
កិត្តិនាម របស់ ខុងជឺ ល្បីល្បាញពេញស្រុកចាន់ស៊ី ហើយពេលនោះ ទស្សនៈវិជ្ជារបស់ ខុងជឺ ក៏ចាប់រីកដុះដាល គេនាំគ្នាប្រសិទ្ធិនាមឲ្យគាត់ថា «ជូ» មានន័យថា «បណ្ឌិត» ចាប់ពីពេលនោះមក។ នៅអាយុ ៤៩ឆ្នាំ ខុងជឺ ត្រូវបានព្រះមហាក្សក្យ តែងតាំងធ្វើជាសេនាបតីធំម្នាក់ក្នុងរាជវាំង។
ខុងជឺ បានផ្សព្វផ្សាយទស្សនៈវិជ្ជារបស់គាត់គ្រប់ទិសទីពាសពេញប្រទេសចិន ក្នុងគោលបំណងឲ្យប្រជាជនចិនស្គាល់ យល់ដឹងតម្លៃរបស់ខ្លួន និងចង់កែរប្រែរបៀបអប់រំសីលធម៌ តែត្រូវមហាក្សត្រលូជំទាស់។ ដោយវិបត្តិនយោបាយ ខុងជឺ បានភៀសខ្លួនពីស្រុកមួយទៅស្រុកមួយ អស់រយៈពេល ១៣ឆ្នាំ។ ខុងជឺ បានវិលត្រឡប់ចូលស្រុកលូវិញ ក្នុងជន្មាយុ ៧០ឆ្នាំ។
ខុងជឺ បានផ្សាយទស្សនវិជ្ជារបស់គាត់អស់រយៈពេល ១៣ឆ្នាំ ក្នុងស្រុកចិនទាំងមូលព្រមទាំងបើកបង្រៀនដល់សាវ័កទៀតផង។ ខុងជឺ មិនគ្រាន់តែជាគ្រូបង្ហាត់ក្បួនខ្នាតប៉ុណ្ណោះទេ ថែមទាំងជាអ្នកដឹកនាំប្រជាជន ឲ្យអនុវត្តន៍ទំនៀមទម្លាប់ចាស់ ឲ្យរីកចម្រើនឡើងវិញ គេសង្កតឃើញប្រជាជនចិន ចាប់ប្រើក្រដាស ជក់ខ្មៅ និងដុសថ្នាំ សម្រាប់សរសេរ និងឲ្យចេះសែនព្រេនដូនតារាល់ឆ្នាំ តាំងពីសម័យខុងជឺមក។ គាត់រស់បាន ៣ឆ្នាំ ក្នុងសំណាក់សាវ័កទាំងឡាយ ហើយបានទទួលមរណភាពក្នុងឆ្នាំ ៤៧៩ មុន គ.ស។
មកដល់ពេលបច្ចុប្បន្ននេះ សាច់សារលោហិតរបស់ ខុងជឺ នៅតែបន្តមានវត្តមាន ហើយមួយចំនួនកំពុងរស់នៅលើកោះតៃវ៉ាន់។ ទ្រឹស្តីរបស់ខុងជឺ នៅតែមានឥទ្ធិពលខ្លាំងនៅក្នុងសង្គមចិន នាពេលបច្ចុប្បន្ននេះ។
ទស្សនរបស់លោក ខុងជឺ ដែលសង្គមចិន ចាត់ទុកជាសម្តីមាស ហើយកំពុងមានឥទ្ធិពលខ្លាំងនៅក្នុងសង្គមចិននោះមានចំនួន ៣ឃ្លារួមមាន៖ ១. មិត្តភក្តិមកពីឆ្ងាយត្រូវទទួលដោយក្តីរីករាយ, ២៖ សន្តិភាពជារឿងសំខាន់ និងទី៣៖ រឿងដែលខ្លួនមិនចង់ធ្វើ កុំឲ្យអ្នកដទៃធ្វើជំនួស៕