(បរទេស)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩១៧ រយៈកាល១០០ឆ្នាំមុន ក្រុមហ៊ុន Ford បានបង្កើតនូវការច្នៃប្រឌិតថ្មីមួយ និងបានផ្លាស់ប្ដូរមុខមាត់ថ្មីទាំងស្រុង នៅក្នុងវិស័យរថយន្តតាំងពីពេលនោះមក។ គ្រប់យ៉ាងបានចាប់ផ្ដើមពីរថយន្តម៉ូដែល TT ដែលជាម៉ូដែលរថយន្តដែលកើតចេញពីម៉ូដែល T ទទួលបានភាពជោគជ័យ អស់រយៈពេលជាងមួយសតវត្សមកហើយ និងបានក្លាយជាម៉ាករថយន្ត លក់ដាច់បំផុតនៅលើពិភពលោកផងដែរ។
ប៉ុន្មានឆ្នាំមកនេះរថយន្ត Ford trucks ត្រូវបានប្រើប្រាស់ដោយអ្នកចម្ការ ទាហាន អ្នកធ្វើការសំណង់ និងអ្នកបើកបរប្រណាំងជាដើម។ ដោយសារតែសមត្ថភាពនិងភាពជឿជាក់ បានជំរុញឱ្យការលក់របស់ក្រុមហ៊ុនរថយន្ត Ford ឈរមុខគេជានិច្ច។
ប៉ុន្តែសមិទ្ធផលទាំងនេះ មិនមែនកើតឡើងក្នុងពេលតែមួយយប់នោះទេ។ ភាពជោគជ័យនេះ គឺបានមកពីការចំណាយពេលវេលា យ៉ាងស្វិតស្វាញធ្វើយ៉ាងណា ដើម្បីប្រែក្លាយទស្សនៈវិស័យ ដែលគេមានឲ្យទៅជាសមិទ្ធផល នៃការច្នៃប្រឌិតថ្មី រួមជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បីផលិតនូវរថយន្តមួយ ដែលមានសម្ថតភាពលើសពីអ្វីដែល អ្នកបានរំពឹងទុក។
លោក Robert Kreipke អ្នកប្រវត្តិវិទូនៃរថយន្ត Ford បានលើកឡើងថា ក្រោយពីបានឃើញរថយន្តប្រភេទ Utes និងប្រភេទ Pickups ក្រុមហ៊ុនរថយន្ត Ford បានធ្វើការផ្លាស់ប្តូរទស្សនៈរបស់ខ្លួនចំពោះរថយន្តប្រភេទ Truck ដោយកាលពីមុនរថយន្តប្រភេទនេះប្រើប្រាស់ក្នុងការងារធ្ងន់ៗ ប៉ុន្តែក្រោយមក ក្រុមហ៊ុន Ford បានធ្វើការកែច្នៃ និងប្រែក្លាយរថយន្តប្រភេទ Truck សម្រាប់បម្រើការងារធ្ងន់ផង និងជារថយន្តគ្រួសារផង។
លោកបានបន្តទៀតថា «ម៉្យាងវិញទៀត រថយន្តនេះបានបំផុសគំនិតឈានទៅដល់ការវិវត្តន៍នៃរថយន្តប្រភេទ F-Series និង Ford Ranger ជាដើម ដែលទទួលបានជោគជ័យ យ៉ាងខ្លាំងនៅទីផ្សារទូទាំងពិភពលោក»។
កាលឆ្នាំ ១៩៧៦ អ្នកនិពន្ធ របស់ទស្សនាវដ្ដី Ford Truck បានសរសេរពាក្យសាមញ្ញបីម៉ាត់ «Built Ford Tough» ដែលបានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Ford ក្នុងការបង្កើតរថយន្តដែលរឹងមាំ ប្រកបដោយថាមពល និងមានប្រព័ន្ធសុវត្ថិភាពខ្ពស់។
បន្ទាប់មកទៀតក៏ឈាន ដល់ការចាប់កំណើតនៃរថយន្ត Ford Ranger ដែលជារថយន្ត ភីកអាប់ (Pickup) ជំនាន់ដំបូងដែលបានដាក់បង្ហាញ នៅអាមេរិចខាងជើងក្នុងឆ្នាំ១៩៨២។
រថយន្ត Ford Ranger ជារថយន្តដែលមានដើមកំណើត នៅប្រទេសអាមេរិច និងមានកេរ្តិ៍ឈ្មោះល្បីល្បាញជារថយន្ត Pickup ដែលមានភាពរឹងមាំ និងមានភាពឆ្លាតវៃលើសគេ និងលក់ដាច់បំផុតទូទាំងពិភពលោក។ បច្ចុប្បន្នរថយន្តនេះ គឺលក់ដាច់បំផុតនៅទ្វីបអឺរ៉ុបអាហ្វ្រិកខាងត្បូង ប្រទេសនូវែលសេឡង់និងទីផ្សារអាស៊ានមួយចំនួន ដូចជាវៀតណាម កម្ពុជានិងមីយ៉ាន់ម៉ា។
ប៉ុន្មានឆ្នាំក្រោយមកទៀត ក្រុមហ៊ុន Ford បានបន្តការច្នៃប្រឌិត និងសិក្សាទៅលើរថយន្តប្រភេទ Truck កាន់តែស៊ីជម្រៅ និងបានបង្កើតឡើងនូវរថយន្ត F-150 SVT Raptor ក្នុងឆ្នាំ 2009។ រថយន្តប្រភេទនេះ ក៏បានក្លាយជារថយន្តដែលលក់ដាច់ជាងគេ នៅក្នុងទីផ្សារប្រទេសចិន ជាពិសេសគឺរថយន្ត F-150 Raptor ជំនាន់ថ្មីឆ្នាំ២០១៧ ដែលទើបតែសម្ពោទដាក់លក់នៅ ក្នុងទីផ្សារនាពេលថ្មីៗនេះ។
ក្រៅពីនេះ ក្រុមហ៊ុន Ford ក៏បានបញ្ជាក់ផងដែរថារថយន្ត Ford Ranger នឹងត្រូវដាក់លក់នៅក្នុងទីផ្សាររថយន្តធំបំផុត របស់ពិភពលោក ក្នុងឆ្នាំក្រោយនេះ។
យើងឃើញថាការរចនា អនុភាព និងសមត្ថភាពរបស់រថយន្ត Ford Trucks បានផ្លាស់ប្តូរទាំងស្រុងបើប្រៀបធៀបទៅនឹងរថយន្ត Ford Model TT កាលពី១០០ ឆ្នាំមុន។ ក៏ប៉ុន្តែការប្ដេជ្ញាចិត្តនិងគោលដៅរបស់ក្រុមហ៊ុន Ford មិនបានផ្លាស់ប្ដូរឡើយ ពួកគេនៅតែបន្តសិក្សានិងផលិតនូវរថយន្តដែលមានសម្ថតភាពលើសពីការរំពឹងទុករបស់អ្នកជានិច្ច៕