(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ បានសហការជាមួយនឹង APT និង APNIC បើកសិក្ខាសាលាបណ្តុះបណ្តាលមួយ ស្តីពី Internet Exchange Point (IXP) គឺដើម្បីបង្កើនចំណេះដឹងជូន ដល់សិក្ខាកាមជាច្រើន ដែលមកពីបណ្តាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងប្រតិបត្តិករទូរគមនាគមន៍នានា។
សិក្ខាសាលាបណ្តុះបណ្តាលស្តីពី Internet Exchange Point (IXP) មានការចូលរួមពី លោក ជុន វ៉ាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងមន្ត្រីមួយចំនួន ដែលមកពី បណ្តាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងប្រតិបត្តិករទូរគមនាគមន៍នានា ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្នុងឱកាសបើកសិក្ខាសាលាបណ្តុះបណ្តាលនោះ លោក ជុន វ៉ាត បានឲ្យដឹងថា «ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមពិធីបើក សិក្ខាសាលាបណ្តុះបណ្តាល ស្តីពី Internet Exchange Point (IXP)ដែលបានរៀបចំឡើងដោយ អគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សហការជាមួយ APT និង APNIC ព្រមទាំងមានសិក្ខាកាមចូលរួមមកពីបណ្តាក្រសួង-ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងប្រតិបត្តិករទូរគមនាគមន៍នានា ដែលមានវត្តមាននៅទីនេះ»។
លោកបន្តថា «ការធ្វើសិក្ខាសាលាបណ្តុះបណ្តាលនេះ បានឆ្លុះបញ្ចាំងនូវការសហការគ្នាយ៉ាងជិតស្និទ រវាងស្ថាប័នរដ្ឋ និងអង្គការដៃគូរអភិវឌ្ឍន៍នានា ជាពិសេសលើគ្រប់វិស័យទាំងអស់ក្នុងនោះរួមមាន វិស័យ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន ដែលយើងទាំងអស់គ្នាបាននឹងកំពុងបើកសិក្ខាសាលាបណ្តុះបណ្តាលនាពេលនេះ»។
ការបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី Internet Exchange Point (IXP) គឺមានគោលបំណងធ្វើឲ្យ កាន់តែប្រសើរឡើងនូវចំណេះដឹង ពាក់ព័ន្ធនឹងការប្រើប្រាស់សេវាអ៊ិនធឺណិត ប្រកបដោយប្រសិទ្ធិភាពនិងមានល្បឿនលឿនជាងមុន ហើយការទទួលបាននូវចំណេះដឹងនេះ នឹងអាចជួយពង្រឹងសមត្ថភាព ក៏ដូចជាការលើកកម្ពស់ធនធានមនុស្សនៅក្នុងស្ថាប័នរដ្ឋ និងវិស័យឯកជនដែលកំពុងប្រតិបត្តិការណ៍ការងារប្រចាំថ្ងៃ ហើយជាពិសេសតម្រូវការទំនើបកម្មវិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានគឺមិនអាចខ្វះបានឡើយ។
លោក ជុន វ៉ាត បានបង្ហាញចំណាប់អារម្មណ៍ចុងក្រោយថា «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ក្រោយពីបានចូលរួមវគ្គសិក្ខាសាលាបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់នឹងទទួលបានចំណេះដឹងថ្មីៗ ជាពិសេសចំណេះដឹងដែលទាក់ទងនឹងប្រធានបទខាងលើនេះ ពិតជាមានសារៈសំខាន់ដើម្បីជាប្រយោជន៍ដល់តម្រូវការការលើកម្ពស់ ការអភិវឌ្ឍន៍ទាំងស្ថាប័នរដ្ឋ និងសហគ្រាសឯកជនឲ្យរីកចម្រើនជឿនលឿនជាក់ជាមិនខាន»៕