(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋក្នុងស្រុកថ្ពង និងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងប្រជាពលរដ្ឋមួយចំនួនទៀត មកខេត្តកំពង់ឆ្នាំង សរុបជាង១ម៉ឺននាក់ បានទទួលការពិនិត្យ ព្យាបាល និងអំណោយថ្នាំពេទ្យដោយគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី សម្រាប់រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ ទី៦ ខែសីហា ឆ្នាំ២០១៧។
ការពិនិត្យព្យាបាលនេះ ធ្វើឡើងក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យអមលាំង ក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដោយមានការចូលរួមឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន ផេសថិក លីមីធីត មកពីប្រទេសម៉ាឡេស៊ីផងដែរ។
ការពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនោះរួមមាន៖ ជំងឺទូទៅ ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬសដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ករ ជំងឺតម្រងនោម អេកូសាស្ត្រ...។ល។
បើតាមរបាយការណ៍ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៤ ដល់ ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៧ ក្រុមការងារគ្រូពេទ្យរបស់លោក ហ៊ុន ម៉ានី បានពិនិត្យ និងព្យាបាលជំងឺដូចជា៖
*ថ្ងៃទី១ គឺថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧ ពិនិត្យជំងឺជូនប្រជាពលរដ្ឋបានចំនួន ២៩១៦នាក់ ក្នុងនោះមានស្រ្តីចំនួន ១៧៨៩នាក់។
*ថ្ងៃទី២ គឺ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ពិនិត្យជំងឺជូនប្រជាពលរដ្ឋបានចំនួន ៣៣១២នាក់ ក្នុងនោះមានស្ត្រីចំនួន ១៨៨១នាក់។
*ថ្ងៃទី៣ គឺថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ ពិនិត្យជំងឺជូនប្រជាពលរដ្ឋបានចំនួន ៣៨១៧នាក់ ក្នុងនោះមានស្រ្តចំនួន ២២៨៥នាក់។
ការចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រ ខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែក។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរក ភាពជោគជ័យសុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី បានចុះពិនិត្យ ព្យាបាលជូនប្រជាពលរដ្ឋមូលដ្ឋាន ក្នុងតំបន់ដាច់ស្រយាលតាមខ្នងផ្ទះ ដោយផ្ទាល់នេះ ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើឲ្យប្រជាពលរដ្ឋមានភាពសុខសាន្ត។ មានតែសម្តេចតេជោទេ ដែលមានទេពកោសល្យពីកំណើត ដឹកនាំប្រទេសជាតិឲ្យមានការរើកចំរើន ឥតឈប់ឈរមានការផ្សះផ្សាជាតិបង្រួបបង្រួមជាតិ មានស្ថិរភាព និងសន្តិភាពពិតប្រាកដ។ ដូច្នេះនេះប្រជាពលរដ្ឋទាំងអស់ ត្រូវតែរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្ស។
ការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃដែលទទួលបានជោគជ័យ យ៉ាងត្រចះត្រចង់បែបនេះ គឺដោយសារមានការ ចង្អុលបង្ហាញពី លោក ហ៊ុន ម៉ានី តំណាងរាស្ត្រនៃកម្ពុជា។
សូមបញ្ជាក់ថារយៈពេល៥៦ខែ ឈានចូលឆ្នាំទី០៥ (២០១២-២០១៧) ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុន ម៉ានី ចំនួន១៩០៤នាក់ ចុះពិនិត្យនិងព្យាលបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន៧៨លើក ក្នុងនោះព្យាលបាលជូនប្រជាពលរដ្ឋបានចំនួន១១២៥៧៧នាក់៕