(ភ្នំពេញ)៖ កម្មករ-កម្មការិនីរោងចក្រកាត់ដេរ «ញូអូរៀន ខេមបូឌា ហ្គាមិន» ជាង៧០នាក់ ដែលបម្រើការងារនៅអគារចំនួន៤ ស្ថិតនៅក្នុងសួនឧស្សាហ៍កម្មកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានដួលសន្លប់ជាបន្តបន្ទាប់ នៅវេលាម៉ោង១៖២០នាទី រសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ខណៈដែលពួកគេកំពុងធ្វើការងារ។ ប៉ុន្តែយ៉ាងណាក៏ដោយ បន្ទាប់ពីបញ្ជូនទៅកាន់មន្ទីរពេទ្យ នារសៀលថ្ងៃដដែលនេះ ពួកគេបានធូរស្រាលជាបណ្តើរៗហើយ។
មន្រ្តីនគរបាលមូលដ្ឋានបានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា នៅមុនពេលកើតហេតុ ក្រោយពេលហូបបាយថ្វៃត្រង់រួច កម្មការិនីទាំងនោះបាននាំគ្នាធ្វើការជាធម្មតា លុះក្រោយមក ខណៈកំពុងធ្វើការងារសុខៗ ស្រាប់តែមានកម្មការិនីម្នាក់ មានអាការៈមិនស្រួលខ្លួន ងងឹតមុខថប់ដង្ហើម និងបានដួលសន្លប់ទាំងកំរោល ដែលជាហេតុបង្ក ឲ្យមានការភ្ញាក់ផ្អើលពេញក្នុងរោងចក្រ ហើយក៏មានអ្នកដួលសន្លប់ជាបន្តបន្ទាប់ទៀតរហូតជាង៧០នាក់តែម្ដង។ ខណៈនោះតំណាងរោងចក្រកាត់ដេរខាងលើ បានដឹកអ្នករងគ្រោះទាំងនោះ ទៅកាន់គ្លីនិកមូលមិត្ត និងសុខលាភមេត្រី ដែលស្ថិតនៅក្នុងភូមិកើតហេតុនោះដែរ។
មន្រ្តីនគរបាលបានបន្តទៀតថា ក្រោយពេលមានហេតុការណ៍បែបនេះកើតឡើង កម្មការិនីដែលមិនបានដួលសន្លប់ ត្រូវបានថៅកែអនុញ្ញាតឲ្យសម្រាកពីការងារ និងបាននាំគ្នាត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ហើយចំពោះការដួលសន្លប់របស់ពួកគេ មិនទាន់ត្រូវបានគេដឹងពីមូលហេតុនៅឡើយទេ។
តែសង្ស័យបណ្ដាលមកពីការធ្វើការហួសកម្លាំង បូករួមក្លិនគីមីក្នុងក្រណាត់ និងអាកាសធាតុនៅក្នុងរោងចក្រនោះផងដែរ។ ទោះបីជាបែបណា ហេតុការណ៍នេះ មិនបានបណ្ដាលឲ្យមាននរណាស្លាប់នោះឡើយ គ្រាន់តែមានអាការៈខ្លះរាងធ្ងន់ធ្ងរតែប៉ុណ្ណោះ។ ដោយមុនដំបូងពួកគេមានអាការៈវិលមុខ ងងឹតមុខ ថប់ដង្ហើម រកកលក្អួតចង្អោរ បន្ទាប់មកក៏បានដួលសន្លប់បែបនេះតែម្ដង ហើយមិនទាន់មានមន្រ្តីជំនាញពាក់ព័ន្ធណាមួយបញ្ជាក់ពីមូលហេតុនៅឡើយ៕