(ភ្នំពេញ)៖ លោកស្រី ងួន សុខា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងជំរុញដល់ អនាគារអភិវឌ្ឍន៍ជនបទ ឲ្យបន្តចុះកៀកជាមួយប្រជាកសិករ សហគមន៍កសិកម្ម និងក្រុមហ៊ុនដែលពាក់ព័ន្ធនឹងវិស័យ កសិកម្ម និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីដឹងពីបញ្ហាប្រឈមជាក់ស្តែង និងរិះរកយុទ្ធសាស្ត្រដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងនោះ។
ការជំរុញរបស់លោកស្រី ងួន សុខា ធ្វើឡើងក្នុងឱកាសដែលលោកស្រី អញ្ជើញ ក្នុងពិធីប្រកាសសុពលភាព ក្រុមប្រឹក្សាភិបាល អាណត្តិទី៧ នៃធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។
ក្រៅពីនេះ លោស្រីរដ្ឋលេខាធិការ ក៏បបានជំរុញឲ្យ អគ្គនាយកធនាគារអភិវឌ្ឍន៍ជបបទ ពង្រឹកការងារមួយចំនួនទៀតដូចជា៖
* បន្តពង្រឹងអភិបាលកិច្ច និងបន្តកំណែទម្រង់លើគ្រប់ផ្នែកសំខាន់ៗរបស់ស្ថាប័ន សំដៅធ្វើឱ្យ ធនាគារមានសមត្ថភាពកាន់តែរឹងមាំ ក្លាយជាធនាគារឈានមុខដែលបម្រើគោលនយោបាយ របស់រាជរដ្ឋាភិបាល។
* បន្តផ្តល់ឥណទាន សម្របសម្រួល និងផ្សាភ្ជាប់ដល់គ្រប់តួរអង្គក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម ដើម្បីធានាបាននូវស្ថេរភាពថ្លៃ ការផ្គត់ផ្គង់គ្រប់គ្រាន់ និងធានាបាននូវបរិមាណច្បាស់លាស់ សំដៅរួមចំណែកបង្កើនកម្រិតជីវភាពរបស់ប្រជាកសិករ និងជួយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។
* បន្តអនុវត្តគម្រោងដែលប្រគល់ជូន ដោយរាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅធ្វើយ៉ាងណាឱ្យមានជោគជ័យទាំងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទាំងជីវភាពរបស់ប្រជាកសិករ។
* ត្រូវធ្វើយ៉ាងណាឱ្យ ធនាគារអភិវឌ្ឍន៍ជនបទ ក្លាយជាធនាគារដែលផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស សំដៅប្រែក្លាយវិស័យកសិកម្មទៅជាវិស័យមួយដែលមានថាមពល មានចីរភាព និងមានភាពប្រកួតប្រជែង ដែលផ្តល់ផលប្រយោជន៍ដល់សេដ្ឋកិច្ចសង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
* សហការជាមួយ និង/ឬ ស្វែងរកដៃគូរអភិវឌ្ឍន៍នានា ដើម្បីស្វែងរកមូលនិធិពង្រីកសកម្មភាពរបស់ ធនាគារអភិវឌ្ឍន៍ជនបទ។
លោកស្រី ងួន សុខា បានថ្លែងទៀតថា ដោយមានការជឿជាក់ពីរាជរដ្ឋាភិបាលលើកិច្ចខិតខំប្រឹងប្រែង និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ច និងការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព នាពេលកន្លងមក រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានសម្រេចបន្ថែមដើមទុនដល់ធនាគារអភិវឌ្ឍន៍ជនបទជាបន្តបន្ទាប់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គ្រប់តួអង្គនៃខ្សែចង្វាក់ផលិតកម្ម កសិកម្មមានដូចជា ក្រុមហ៊ុនផ្គត់ផ្គង់ពូជ-ជី និងថ្នាំ សហគមន៍កសិករដែលជាអ្នកផលិត ក្រុមហ៊ុនកែច្នៃ និងអ្នកនាំចេញ ក៏ដូចជាស្ថាប័នមីក្រូហិរញ្ញវត្ថុ និងសហគ្រាសខ្នាតតូចនិងមធ្យមផងដែរ។
លោកស្រីបន្តថា រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឲ្យធនាគារអភិវឌ្ឍន៍ជនបទអនុវត្តគម្រោងដែលផ្តល់ហិរញ្ញប្បទានជាច្រើនទៀត ដោយដៃគូរអភិវឌ្ឍន៍នានាដូចជា IFAD, ADB, AFD និងធនាគារអភិវឌ្ឍន៍របស់ប្រទេសជាមិត្ត ក្នុងគោលដៅជួយទ្រទ្រង់វិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ។
ម៉្យាងទៀតធនាគារអភិវឌ្ឍន៍ជនបទ ក៏បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការសម្របសម្រួលនិង ផ្សារភ្ជាប់រវាងតួអង្គពាក់ព័ន្ធ ក្នុងខ្សែចង្វាក់ផលិតកម្មកសិកម្ម ដែលជាកម្លាំងចលករជួយជំរុញកំណើន ផលិតកម្មកសិកម្ម និងសេដ្ឋកិច្ចនៅជនបទ ដែលក្នុងនោះមាន៖ ការចងក្រងសហគមន៍កសិកម្ម ដើម្បីផ្សព្វផ្សាយគោលការណ៍ និងផ្តល់ឥណទាន ការសម្របសម្រួលក្នុងការផ្តល់បច្ចេកទេសដាំដុះ ការគ្រប់គ្រងនិងប្រើប្រាស់ទុនដែលទទួលបានពីធនាគារអភិវឌ្ឍប៍បទ ការសម្រប សម្រួលតភ្ជាប់ទីផ្សារជូនសហគមន៍កសិកម្ម។ ទន្ទឹមនឹងនេះ ធនាគារអភិវឌ្ឍន៍ជនបទ ក៏បានចូលរួមទប់ស្កាត់ការហូរចេញកសិផល មិនទាន់កែច្នៃទៅក្រៅប្រទេសនារដូវប្រមូលផល តាមរយៈការផ្តល់ឥណទានសាច់ប្រាក់ ដើម្បីទិញស្តុកទុកសម្រាប់ការកែច្នៃប្រើប្រាស់ក្នុងស្រុក និងការនាំចេញជាទៅកាន់ទីផ្សារក្រៅប្ររទេស៕