(កណ្តាល)៖ ករណីរំលោភសេពសន្ថវៈរួចសម្លាប់ ក្មេងស្រីអាយុ៧ឆ្នាំ នៅស្រុកកៀនស្វាយ រហូតមកទល់ថ្ងៃទី៧ ខែសីហា នេះ លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្ដាល បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទ ដាក់ពន្ធនាគារបណ្តោះអាសន្នហើយ ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត។
មន្ត្រីតុលាការបានថ្លែងថា ជនសង្ស័យត្រូវបានលោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល សម្រេចចោទប្រកាន់ បើកការស៊ើបសួរពីបទ «ឃាតកម្មគិតទុកជាមុន» តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ដែលបទល្មើសនេះ កំណត់ការផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។
មន្ត្រីតុលាការដដែលបានបន្តថា មូលហេតុដែលឈានដល់ការចោទប្រកាន់ពីបទ «ឃាតកម្មគិតទុកជាមុន» នេះ ដោយសារតាមរយៈការសាកសួរ គឺជនសង្ស័យសារភាពថា ពុំទាន់បានរំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះនៅឡើយ ហើយបាននាំក្មេងស្រីដល់កន្លែងស្រះទឹកមួយ រួចច្របាច់កសម្លាប់តែម្តង។
គួរបញ្ជាក់ថា ហេតុការណ៍នេះបានកើតឡើងកាលពីល្ងាចថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចសាលារៀនបឋមសិក្សា ហ៊ុន សែន ស្លាកែត ភូមិកោះចិន ឃុំគគីរ ស្រុកកៀនស្វាយ។ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហេង ចន្ធីម អាយុ២២ឆ្នាំ មុខរកម្មករសំណង់ មានទីលំនៅភូមិទួលដូង ឃុំគគីរ ស្រុកកៀនស្វាយ បានធ្វើសកម្មភាពបោកបញ្ឆោតលួងលោមក្មេងស្រីអាយុ៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១ សាលាបឋមសិក្សា ហ៊ុន សែន ស្លាកែត ដឹកតាមកង់ជិះយកមកទៅចាប់រំលោភសេពសន្ថវៈ។
នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យសារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន៕