(តូក្យូ-ជប៉ុន)៖ ប្រទេសជប៉ុន នឹងបើកការិយាល័យកុងស៊ុលនៅខេត្តសៀមរាបនាឆ្នាំ២០១៨ខាងមុខនេះ ដើម្បីបង្កភាពងាយស្រួលដល់ វិនិយោគិន និងភ្ញៀវទេសចរជប៉ុនទៅទស្សនកិច្ចនៅខេត្តសៀមរាប និងដើម្បីធ្វើឲ្យចំណងមិត្តភាពកម្ពុជា-ជប៉ុនកាន់តែជិតស្និទ្ធ។ ការអះ អាងរបស់ភាគីជប៉ុននេះ បានធ្វើឡើងក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមួយប្រធានសមាគមមិត្តភាព សភាមេគង្គ-ជប៉ុន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ក្នុងជំនួបនោះ ប្រធានសមាគមមិត្តភាពសភាមេគង្គជប៉ុន បានលើកឡើងថា គណៈប្រតិភូពិតជារីករាយ ដែលសម្តេចតេជោបានអនុញ្ញាតឲ្យចូលជួបសំដែងការគួរសមជាថ្មីម្តងទៀត និងសូមស្វាគមន៍សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។
ប្រធានសមាគម បានរំលឹកពីដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជាកាលពីខែមករាឆ្នាំ២០១៧។ លោកប្រធានសមាគមបានរំលឹកថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជានេះ លោក និងសមាជិក៤រូបទៀត បានជួបជាមួយថ្នាក់ដឹកនាំរបស់កម្ពុជា រួមទាំងបានជួបជាមួយលោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសរបស់សម្តេចតេជោផងដែរ។
ប្រធានសមាគមមិត្តភាពសភាមេគង្គ ជប៉ុនបានមានបន្តថា ការទៅបំពេញទស្សនកិច្ចនោះ គណៈប្រតិភូជប៉ុនបានទទួលស្គាល់នូវសារៈសំខាន់នៃរបៀងសេដ្ឋកិច្ច ដែលផ្សារភ្ជាប់ប្រទេសថៃ និងវៀតណាម តាមរយៈស្ពានអ្នកលឿង។ ជាមួយគ្នានេះ លោកបានស្នើឲ្យសម្តេចតេជោនាយករដ្ឋមន្រ្តី ជួយការងារទំនាក់ទំនងក្នុងក្របខណ្ឌអាស៊ានជប៉ុន គឺភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍កោតសរសើរ ចំពោះជប៉ុន ដែលបានបង្កើតសមាគមមេគង្គជប៉ុន និងមានទំនាក់ទំនងមិត្តភាពមេគង្គជប៉ុននេះ គឺមិនអាចកាត់ផ្តាច់បានឡើយពីទំនាក់ទំនងអាស៊ាន ដោយសារប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅក្នុងអាស៊ាននេះ គឺប្រទេសតំបន់មេគង្គតែម្តង។
សម្តេចតេជោ ក៏បានមានប្រសាសន៍ផងដែរអំពីការអភិវឌ្ឍធនធានមនុស្ស ដែលជារឿងសំខាន់សម្រាប់ប្រទេសទន្លេមេគង្គ ដូច្នេះហើយការបណ្តុះបណ្តាល ការផ្លាស់ប្តូរបទពិសោធន៍ឲ្យគ្នា ទៅវិញទៅមកជារឿងសំខាន់មួយ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញប្រធានសមាគមសភាមេគង្គជប៉ុនឲ ទៅបំពេញទស្សនកិច្ចនៅកម្ពុជា នាពេលវេលាសមស្របណាមួយ៕