(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអធិការនគរបាលខណ្ឌ លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ និងមន្ត្រីរាជការ ខណ្ឌ សង្កាត់ ភូមិ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ បានចុះពិនិត្យគោលដៅប៉ុស្តិ៍២៤ម៉ោង ដែលគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោ បានជួលផ្ទះ០១ល្វែង និងដាក់កម្លាំងនគរបាលរបស់អធិការដ្ឋាននគរបាលខណ្ឌ ប្រចាំការ២៤ម៉ោង នៅក្នុងបុរីសន្តិភាព២។
គោលដៅប៉ុស្តិ៍២៤ម៉ោង ដែលទើបតែកាត់បញ្ចូលមកក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខណ្ឌដង្កោ មានទិសដៅទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន លួចឆក់ប្លន់គ្រប់ប្រភេទ និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានចែកសៀវភៅស្នាក់នៅដែលបានធ្វើរួច ជូនដល់គ្រួសារមួយចំនួន ព្រមទាំងអំពាវនាវដល់បងប្អូនទាំងអស់ក្នុងបុរីសន្តិភាព២ ដែលមានសៀវភៅស្នាក់នៅចាស់ ឬពុំទាន់មានសៀវភៅស្នាក់នៅ ឲ្យមកធ្វើការផ្លាស់ប្តូរ ឬធ្វើថ្មីនៅប៉ុស្តិ៍២៤ម៉ោង ដោយឥតគិតថ្លៃ ហើយនេះជាយុទ្ធនាការធ្វើការផ្លាស់ប្តូរ និងធ្វើថ្មីជូនបងប្អូនទាំងអស់ដើម្បីសម្រួលដល់ការលំបាកក្នុងការធ្វើដំណើរ និងចំណេញពេលវេលា ហើយយុទ្ធនាការនេះ ធ្វើនៅប៉ុស្តិ៍២៤ម៉ោង និងបន្តចុះដល់តាមខ្នងផ្ទះតែម្តង និងពុំមានគិតតម្លៃសេវាឡើយ។
ជាការឆ្លើយតប បងប្អូនប្រជាពលរដ្ឋបានថ្លែងអំណរគុណ និងអបអរសាទរចំពោះការយកចិត្តទុកដាក់របស់អជ្ញាធរខណ្ឌ សង្កាត់ ភូមិ រក្សាបាននូវសន្តិសុខ សុវត្ថិភាពជូនដល់ការរស់នៅ របស់ពួកគាត់។
គួរបញ្ជាក់ថា បុរីសន្តិភាព២ មានប្រជាពលរដ្ឋប្រមាណ២០០០គ្រួសារ និងមានផ្ទះចំនួន១៨០៥ខ្នង ដែលជាប្រជាពលរដ្ឋមកពីសហគមន៍ដីក្រហម ប៊ូឌីញ និងបឹងកក់ ហើយក្នុងនោះចែកចេញជា៨សហគមន៍ បច្ចុប្បន្នស្ថិតក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ៕