(ភ្នំពេញ)៖ សមាគមលើកកម្ពស់ វប្បធម៌កម្ពុជា-ចិន បានបើកដំណើរការជាផ្លូវការហើយ ក្នុងគោលបំណងចែករំលែក វប្បធម៌ពីគ្នាទៅវិញទៅមក ឲ្យកាន់តែមានភាពស្និទ្ធស្នាលបន្ថែមទៀត ជាពិសេស ដើម្បីឲ្យប្រជាជននៃប្រទេសទាំង២ ដឹងពីសិល្បៈវប្បធម៌អរិយធម៌ រវាងប្រទេសទាំងពីរផងដែរ។

សមាគមលើកកម្ពស់ វប្បធម៌កម្ពុជា-ចិន ត្រូវបានដាក់ដំណើរការ នៅល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៧ ដោយមានការចូលរួមពី លោកស្រី ខ្លូត ធីតា អតីតប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក លីចេង ជៀន (LI CHENG JIAN) ប្រធាន «សមាគមលើកកម្ពស់វប្បធម៌កម្ពុជា-ចិន», លោកស្រី វាង លីភីង (WANG LI PING ) អនុប្រធានសមាគ រួមនឹងថ្នាក់ដឹកនាំមួយចំនួនទៀត។

ក្នុងឱកាសនោះ លោក លីចេង ជៀន បានលើកឡើងថា ការបង្កើតឡើងនូវ «សមាគមលើកកម្ពស់វប្បធម៌កម្ពុជា-ចិន» នេះគឺដើម្បីឲ្យប្រជាជនក៏ដូចជាប្រទេសទាំងមូល ដល់ដឹងពីគ្នានូវ វប្បធម៌ អរិយធម៌ ដែលប្រទេសនីមួយៗមាន ហើយកត្តាទាំងអស់នេះ អាចធ្វើឲ្យប្រទេសទាំង២កាន់តែមានភាពជិតស្និទ្ធទៀតផង។ លើសពីនេះ ការបង្កើតសមាគមនេះ គឺដើម្បីរកស្វែងមនុស្សធម៌ ជួយដល់ជនក្រីក្រមួយចំនួន នៅតំបន់ដាច់ស្រយ៉ាលផងដែរ ហើយសមាគនេះក៏មានគម្រោងនឹងជួយដល់ក្មេងៗកុមារតូចៗ នៅខេត្តរតនៈគិរី គឺកំពុងស្វែងរកថវិកា ដើម្បីកសាងសាលារៀនភាសាចិន នៅតំបន់មួយដែលតំបន់នោះមានជាប់ខ្សែសឡាយចិនផងដែរ។

ក្រៅពីធ្វើការជួបជុំពិសារអាហារពេល្ងាចនោះ «សមាគមលើកកម្ពស់ វប្បធម៌កម្ពុជា-ចិន» ក៏បានប្រគល់វិញ្ញាបនបត្រតួនាទីជូនដល់ ថ្នាក់ដឹកនាំទាំងអស់ដែលបានចូលរួម លើសពីនេះក៏មានការសម្តែង សិល្បៈបែបចិនជូនដល់ភ្ញៀវដែលបានចូលរួមទាំងអស់ ដើម្បីទស្សនាក្នុងការពិសារអាហារសាមគ្គីពេលល្ងាចផងដែរ៕