(ភ្នំពេញ)៖ ក្រុមហ៊ុន Smart Axiata ដែលជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេនៅប្រទេសកម្ពុជា នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ បានចាប់ដៃគូផ្តាច់មុខជាមួយក្រុមហ៊ុន iflix ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្ម វីដេអូតាមតំរូវការ (SVoD) ឈានមុខគេក្នុងទីផ្សារ ដែលកំពុងតែមានការរីកចម្រើនទាំងក្នុងតំបន់ និងពិភពលោក ដើម្បីនាំយកខ្សែភាពយន្ត និងកម្មវិធី ទូរទស្សន៍យ៉ាងច្រើនសម្បូរបែប ជូនអតិថិជននៅកម្ពុជា។

ចាប់ពីថ្ងៃនេះតទៅ អតិថិជន Smart ទាំងអស់អាចរីករាយជាមួយនឹងសេវាកម្មកម្សាន្ត លំដាប់ពិភពលោកនេះ រហូតដល់ទៅ៣ខែ ដោយអាចមានសិទ្ធិចូលទៅមើលខ្សែភាពយន្តដែលចេញមុនគេរាប់ពាន់រឿង និងកម្មវិធីទូរទស្សន៍ដែលទទួលបានពានរង្វាន់យ៉ាងសម្បូរបែប ខ្សែភាពយន្តដែលមានការគាំទ្របំផុតលើសកល ខ្សែភាពយន្តដែលពេញនិយមក្នុងតំបន់មានបញ្ចូលសំឡេងមានអក្សររត់ (subtitles) ពីខាងក្រោម កម្មវិធីកុមារ និងអ្វីៗផ្សេងៗជាច្រើនទៀត។

ជាមួយនឹងការចូលទៅកាន់ និងមើលរឿងលើ iflix អតិថិជន Smart អាចប្រើរហូតដល់ទៅ ៥ឧបករណ៍ជាមួយគណនីតែមួយ ហើយថែមទាំងអាចមើល (Streaming) រឿងក្នុង iflix ដោយប្រើឧបករណ៍ពីរផ្សេងគ្នា ក្នុងពេលតែមួយរួមមាន៖ ទូរស័ព្ទ ថេប្លេត(Tablet) កុំព្យូទ័រលើតុ ទូរទស្សន៍ និង Smart TV។ ជាមួយគ្នានេះដែរ លោកអ្នកអាចទាញយក(download)រឿង និងកម្មវិធីទូរទស្សន៍ តាមទូរស័ព្ទ ថេប្លេត(Tablet) ដើម្បីទុកមើលពេលដែលអ្នកមិនមានភ្ជាប់អ៊ិនធឺណិតផងដែរ។

លោក Thomas Hundt នាយកប្រតិបតិ្តក្រុមហ៊ុន Smart Axiata បានឲ្យដឹងថា Smart បានប្តេជ្ញាចិត្តធ្វើជាដៃគូផ្តល់ជូននូវសេវាឌីជីថលនានាសម្រាប់អតិថិជននៅកម្ពុជា។ ក្នុងនាមជាក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេ ដែលមានចក្ខុវិស័យចង់ក្លាយជាជើងឯកឌីជីថលរបស់ប្រទេសកម្ពុជា យើងមានការរំភើប ក្នុងការធ្វើជាដៃគូជាមួយ ក្រុមហ៊ុនឈានមុខគេក្នុងទីផ្សារដ៏លេចធ្លោដូចជា iflix ដើម្បីផ្តល់ជូននូវការកម្សាន្តលំដាប់ពិភពលោកដល់អតិថិជនរបស់យើង។ នេះក៏ដោយសារតែមានតម្រូវការលើមាតិកាបែបឌីជីថល មានការកើនឡើង
និងការចង់បានពីសំណាក់អតិថិជនរបស់យើង។

លោក James Bridges ប្រធានផ្នែកភាពជាដៃគូលើមាតិកា (Global Head of Content Partnerships) នៃក្រុមហ៊ុន iflix បានលើកឡើងដែរថា ស្របតាមការកើនឡើងនូវតម្រូវការពីទស្សនិកជនសម្រាប់ខ្សែភាពយន្តក្នុងស្រុក និងក្នុងតំបន់ជាច្រើន iflix បានខិតខំយ៉ាងខ្លាំងដើម្បីនាំមកជូន ខ្សែភាពយន្តក្នុងស្រុក និងតំបន់ដែលពេញនិយមបំផុតមកជូនអតិថិជន ឲ្យបានទស្សនាភ្លាមក្រោយពេលចាក់ផ្សាយនៅរោងកុនរួមនឹងកម្មវិធីផ្សេងៗជាច្រើនទៀត។

លោក James Bridges បានបន្ដទៀតថា តាមរយៈការផ្តល់នូវវេទិកាថ្មីស្រឡាងមួយនេះ ក៏បានចូលរួមចំណែកលើកទឹកចិត្ត ដល់ផលិតកម្មភាពយន្ត ក្នុងតំបន់ដែលប្រកបដោយទេពកោសល្យ ក៏ដូចជាការបង្កើតស្នាដៃល្អៗ ដែលប្រសើរជាងការចែកចាយរឿងថតចម្លង។ យើងបានបេ្តជ្ញានឹងគាំទ្រ ហើយ មានក្តីរំភើបរីករាយក្នុងការធ្វើជាដៃគូជាមួយ Smart ដែលក្រុមហ៊ុនទូរស័ព្ទចល័តឈានមុខគេក្នុង ប្រទេសកម្ពុជា ដើម្បីផ្តល់សេវាកម្មដែលរីកចម្រើនឥតឈប់ឈររបស់ក្រុមហ៊ុន iflix ដល់ឧបករណ៍ជាច្រើនតាមដែលអាចធ្វើបាន៕