(ពោធិ៍សាត់)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ សហការជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ និងនគរបាលមូលដ្ឋាន នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ បានបន្ត ចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារស្ថិតនៅផ្សារកណ្តៀង និងនៅតាមផ្ទះ ស្ថិតនៅក្នុងភូមិបឹងក្រាញ់ ឃុំស្វាយលួង ស្រុកកណ្តៀង ខេត្តពោធិសាត់។
មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានឲ្យដឹងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួនដែលកំពុងដាក់តាំងលក់ នៅក្នុងផ្សារខាងលើ រួចមក ជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារដែលបានពិនិត្យទាំងនោះឡើយ។
មន្ត្រីសាខាកាំកុងត្រូល បានបន្ដថា ដោយឡែកចំពោះការពិនិត្យ មើលលើផលិតផលកំប៉ុង និងដប និងផលិតផលវិចខ្ចប់រួច ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះមួយចំនួន ស្ថិតក្នុងឃុំស្វាយលួង ស្រុកកណ្តៀងរួចមក លទ្ធផលពិនិត្យឃើញមានផលិតផលមួយចំនួន ប្រែប្រួលខូចគុណភាព ច្រែះស៊ឺ ហួសកាលបរិច្ឆេទកំណត់ប្រើប្រាស់ ហើយត្រូវបានមន្រ្តីកាំកុងត្រូល ធ្វើកំណត់ហេតុដកហូតយកមករក្សាទុក ដើម្បីស្នើសុំ គោលការណ៍កំទេចចោលនៅពេលក្រោយ។
មន្ត្រីសាខាកាំកុងត្រូលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ផលិតផលខូចគុណភាពដែលបានដកហូតរួមមាន៖ ទឹកក្រូចចម្រុះ ភេសជ្ជៈ BIG ទឹកស៊ីអ៊ីវ ទឹកដោះគោជូ ទឹកក្រូច ម៉ាក់ Fanta និងប្រេងខ្យង សរុបមាន ទម្ងន់ ៦៦០គីឡូក្រាម។
ទន្ទឹមនោះ ក្រុមការងារ ក៏បានចែកផ្សាយនូវរូបភាព Poster និង ផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមីហាមឃាត់ចូលក្នុងម្ហូបអាហារផងដែរ។
មន្ត្រីកាំកុងត្រូលក៏បានអំពាវនាវដល់ អាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយ ត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ជប់ការលាយបន្ថែមនូវសារធាតុគីមីហាត់ទៅលើ ផលិតផលម្ហូបអាហារដែលធ្វើអោយប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ៕