(កណ្តាល)៖ ក្រុមហ៊ុន «មាតុភូមិយើងអចលនទ្រព្យ» ដែលកំពុងតែរកស៊ីពុះដីឡូតិ៍លក់នៅភូមិអង្គស្រែពោធិ៍ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅមិនទាន់ចប់រឿងដាច់ស្រេចជាមួយម្ចាស់ដើមនៃដី នៅសាលាដំបូងខេត្តកណ្តាលនៅឡើយទេ ពីព្រោះក្រុមហ៊ុនមិនទាន់ឲ្យប្រាប់គេគ្រប់ ម្យ៉ាងដីនៅទីតាំងខាងលើ ក៏ជាប់ដីការក្សាការពាររបស់តុលាការទៀត។
រឿងរ៉ាវទាំងនេះ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើននាក់ ដែលផុងទិញ និងចំណាយទិញទិញនៅទីនោះ អាចមានបញ្ហាកើតឡើងជាក់ជាមិនខានឡើយ។
លោកស្រី អ៊ឹង សៀកទៀង និងឈ្មោះ សិក មិត្តផេង ដែលជាម្ចាស់ដីចំនួន៥៤,៤០០ម៉ែត្រការ៉េ មានទីតាំងនៅក្នុងភូមិអង្គស្រែពោធិ៍ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បានថ្លែងថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ឈ្មោះ ធិប ចន្ទ្រា ភេទប្រុស អាយុ២៩ឆ្នាំ ជាប្រធានក្រុមហ៊ុន «មាតុភូមិយើងអចលនទ្រព្យ» ទីលំនៅផ្ទះលេខ៧៨ ផ្លូវលេខ១០៨៩ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានទៅទិញដីពីពួកគាត់ក្នុងតម្លៃ ៥,៥០ដុល្លារ (មួយម៉ែត្រការ៉េ) ដោយភាគីអ្នកទិញបានព្រមប្រគល់ប្រាក់កក់ចំនួន ១៥,០០០ដុល្លារ។
នៅក្នុងកិច្ចសន្យាទិញលក់នោះ ភាគីអ្នកទិញឈ្មោះ ធិប ចន្ទ្រា បានសន្យាថា នឹងប្រគល់លុយថ្លៃដីឱ្យគ្រប់ចំនួននៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៧ ប៉ុន្តែនៅពេលដល់ថ្ងៃកំណត់ប្រគល់លុយបង្គ្រប់ បែរជាឈ្មោះ ធិប ចន្ទ្រា គ្មានប្រាក់ប្រគល់ឱ្យភាគីអ្នកលក់នោះទេ ដោយបានសុំពន្យារពេលម្តងហើយម្តងទៀត។
បើទោះជាគ្មានលុយប្រគល់តាមការសន្យាក៏ដោយក៏ឈ្មោះ ធិប ចន្ទ្រា បានឱ្យគ្រឿងចក្រឈូសឆាយដីនោះ រៀបចំពុះដីជាឡូតិ៍លក់ជាបន្តបន្ទាប់ ដោយមិនគោរពតាមកិច្ចសន្យានោះទេ។
ដោយសារតែឈ្មោះ ធិប ចន្ទ្រា បានយកដីនោះទៅលក់បន្តបែបនេះ ទើបម្ចាស់ដីឈ្មោះ អ៊ឹង សៀកទៀង និងឈ្មោះ សិក មិត្តផេង បានប្តឹងទៅអាជ្ញាធរមូលដ្ឋានឱ្យមោឃភាព កិច្ចសន្យាទិញលក់នោះចោលវិញ ដោយមានការយល់ព្រមពីគូភាគីទាំងសងខាង។ ប៉ុន្តែឈ្មោះ ធិប ចន្ទ្រា នៅតែបន្តយកដីរបស់ឈ្មោះ អ៊ឹង សៀកទៀង ទៅពុះឡូតិ៍លក់ដោយខុសច្បាប់ដដែល។
ជាងនេះទៅទៀត នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ លោក ផូង វណ្ណ ចៅក្រមនៃសាលាដំបូងខេត្តកណ្តាល បានចេញដីការក្សាការពារឱ្យឈ្មោះ ធិប ចន្ទ្រា ដើម្បីកុំឱ្យម្ចាស់ដីឈ្មោះ អ៊ឹង សៀកទៀង និងឈ្មោះ សិក មិត្តផេង មានសិទ្ធិចាត់ចែងអ្វីទាំងអស់លើដីរបស់ពួកគេ ប៉ុន្តែអាចទុកឱ្យឈ្មោះ ធិប ចន្ទ្រា បន្តពុះឡូតិ៍លក់ជាធម្មតា ទាំងមិនឱ្យលុយម្ចាស់ដីគ្រប់ចំនួនផង។
ក្រោយមក នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ផូង វណ្ណ ចៅក្រមនៃសាលាដំបូងខេត្តកណ្ដាល បានសម្រេចលុបចោលដីការក្សាការពារដែលចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ នោះចោលវិញ។
ទាក់ទងនឹងករណីនេះ លោក ជឹម ជួន មេឃុំស្តីទី និងលោក មឿន រុណ ជាក្រុមប្រឹក្សាឃុំទួលព្រេជ បានថ្លែងអះអាងថា ពួកគាត់ពិតជាបានដឹងរឿងឈ្មោះ អ៊ឹង សៀកទៀង និងឈ្មោះ សិក មិត្តផេង លក់ដីខាងលើឱ្យទៅឈ្មោះ ធិប ចន្ទ្រា មែន ដោយមានអាជ្ញាធរខាងលោកជាអ្នកបោះត្រាដឹងឮ។ ក្រោយមកដោយសារភាគីអ្នកទិញឈ្មោះ ធិប ចន្ទ្រា គ្មានលុយឱ្យភាគីអ្នកលក់តាមកាលកំណត់ ទើបភាគីអ្នកលក់បានមកសុំហៅភាគីអ្នកទិញ មកធ្វើមោឃភាពលើកិច្ចសន្យាទិញលក់នោះវិញ នៅចំពោះមុខអាជ្ញាធរលោកដែរ។
ពួកគាត់បន្តថា ករណីដែលឈ្មោះ ធិប ចន្ទ្រា នៅតែបន្តយកគ្រឿងចក្រទៅឈូសឆាយ និងបោះបង្គោលពុះឡូតិ៍លើដីរបស់ឈ្មោះ អ៊ឹង សៀកទៀង និងឈ្មោះ សិក មិត្តផេង លក់នោះ គឺគ្មានសុំការអនុញ្ញាតពីអាជ្ញាធរឃុំទេ ហើយការលក់ដូរដីឡូតិ៍នោះទៀតសោត ក៏អាជ្ញាធរឃុំមិនបានដឹងឮដែរ ព្រោះឃុំមិនដែលបានទទួលស្គាល់ លើលិខិតទិញលក់រវាងឈ្មោះ ធិប ចន្ទ្រា ជាមួយអ្នកទិញដីឡូតិ៍នោះទេ។
តំណាងក្រុមហ៊ុន «មាតុភូមិយើងអចលនទ្រព្យ» លោក សាទ សេងហុង បានអះអាងថា ក្រុមហ៊ុនខ្លួនបានទទួលអាជ្ញាប័ណ្ណរកស៊ីត្រឹមត្រូវពីសាលាស្រុកអង្គស្នួល ដូច្នេះខ្លួន និងក្រុមការងារបានបន្តលក់ដីនោះអស់ជាង៧០%ហើយ។ តំណាងក្រុមហ៊ុនរូបនេះអះអាងថា ពួកគេនៅតែបន្តលក់ដីឡូតិ៍នេះឱ្យទាល់តែអស់ ព្រោះបើគ្មានដីកាពីតុលាការមកហាមឃាត់ផង ចឹងមានន័យថា អាចលក់បាន។
ចំពោះដំណើរការលក់ដូដីឡូតិ៍នេះ គឺក្រុមហ៊ុនបានធ្វើកិច្ចសន្យាទិញលក់បង់រំលោះ តែជាមួយអតិថិជន តែប៉ុណ្ណោះ ដោយគ្មានឱ្យអាជ្ញាធរណាដឹងឮទេ ចាំទាល់តែអតិថិជនបង់លុយគ្រប់ចំនួន បានរត់ការធ្វើប្លង់ទន់ដែលទទួលស្គាល់ដោយអាជ្ញាធរឃុំ និងស្រុក៕