Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មូលនិធិសម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន ផ្តល់ប្រាក់ឧបត្ថម្ភ ដល់ស្រ្តីសម្រាលកូន និងចូលរួមរំលែកទុក្ខគ្រួសារសព ប្រជាពលរដ្ឋចំនួន ៣៣គ្រួសារ

07-08-2017 15:12

(ប៉ៃលិន)៖ ក្រុមការងារមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម ស ខេង ខេត្តប៉ៃលិន នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ បានចុះសួរសុខទុក្ខ ស្រ្តីសម្រាលកូន ២៥គ្រួសារ និងបានចូលរួមរំលែកទុក្ខគ្រួសារសព ៨គ្រួសារ ក្នុងខេត្តប៉ៃលិន។ ជាមួយគ្នានេះ ក្រុមការងារ បាននាំយកគ្រឿងឧបភោគ បរិភោគ សម្ភារៈ ថវិកាមូលនិធិ សម្តេចក្រឡាហោម ផ្តល់ជូនដល់ប្រជាពលរដ្ឋទាំង៣៣គ្រួសារ ដោយក្នុងមួយគ្រួសារៗនូវ គ្រឿងឧបភោគ បរិភោគ សម្ភារៈទារក និងថវិកាចំនួន ២០០,០០០រៀល(ម្ភៃម៉ឺនរៀលគត់)។

ក្នុងឱកាសនោះ ក្រុមការងារបាននាំបណ្តាំផ្ញើសួរសុខទុក្ខ អបអរសាទរដល់សមាជិកគ្រួសារថ្មី ជូនគ្រួសារប្រជាពលរដ្ឋទើបសម្រាលកូន និងចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសព នាពេលនេះ ពីសំណាក់សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជាផងដែរ។

ជានិច្ចកាល គណបក្សប្រជាជនកម្ពុជា បានគិតគូយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ៗរូប តាមរយៈ អ្នកតំណាងរាស្រ្តគ្រប់មណ្ឌល និងក្រុមការងារគ្រប់លំដាប់ថ្នាក់នៅមូលដ្ឋានផ្ទាល់។

គួរបញ្ជាក់ថា សម្តេចក្រឡាហោម ស ខេង បានសាងសង់ផ្ទះជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត និងគ្មានលំនៅដ្ឋានស្នាក់នៅសមរម្យ ព្រមទាំងផ្តល់ជាសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកា ដល់ស្រ្តីសម្រាលកូន និងគ្រួសារសពប្រជាពលរដ្ឋដែលរស់នៅអចិន្ត្រៃយ៍ក្នុងខេត្តប៉ៃលិន ដើម្បីលើកកម្ពស់ជីវភាព សុខមាលភាពស្រ្តី-កុមារ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសពប្រជាពលរដ្ឋផងដែរ៕