(ភ្នំពេញ)៖ កម្ពុជា នឹងប្រជែងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ នាឆ្នាំ២០១៩ ជាមួយនឹងប្រទេសបារាំង។ នេះបើតាមការឲ្យដឹងពីលោក អ៊ូ រតនា អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បន្ទាប់ពីលោកដឹកនាំអត្តពលិកកីឡាវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយពិភពលោក ២២គ្រឿងពីទីក្រុងញូដេលី ប្រទេសមឥណ្ឌាកាលពីចុងសប្ដាហ៍កន្លងទៅ។
ក្រោយចុះពីលើយន្ដហោះ ធ្វើដំណើរតាមក្បូនរថយន្ដ អមដោយម៉ូតូធំ១២គ្រឿង ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ មកដល់ទីស្នាក់ការ NOCC លោក អ៊ូ រតនា បាននិយាយថា «យុទ្ធនាការលើឆាកអន្ដរជាតិលើកនេះ មិនត្រឹមតែទទួលបានជោគជ័យលើមេដាយនោះទេ ក្នុងនោះលោកឧកញ៉ា រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក៏ត្រូវបានជាប់ឆ្នោតជាអនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមពិភពលោក ខណៈលោកផ្ទាល់បានក្លាយជាសមាជិកសហព័ន្ធកីឡាវ៉ូវីណាមពិភពលោកទៀតផង»។
ជាមួយនឹងការដណ្ដើមបានជោគជ័យដ៏ធំសម្បើមនេះ ភ្លាមៗកម្ពុជាបានដាក់សំណើធ្វើម្ចាស់ផ្ទះកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ នាឆ្នាំ២០១៩។ ប៉ុន្ដែកម្ពុជាត្រូវប្រឈមនឹងគូប្រជែងមួយ គឺបារាំង ដែលទាមទារចង់ធ្វើម្ចាស់ផ្ទះដូចគ្នា។ តែយ៉ាងណាកម្ពុជាហាក់មានប្រៀបក្នុងការដណ្ដើមសិទ្ធិធ្វើម្ចាស់ផ្ទះនោះ ព្រោះកម្ពុជាមានថ្នាក់ដឹកនាំ ជាអនុប្រធានសហព័ន្ធពិភពលោក បូករួមទាំងការបង្ហាញនូវភាពអស្ចារ្យ ក្នុងការប្រកួតជើងឯកពិភពលោកលើកនេះជាដើម។ លោក អ៊ូ រតនា បញ្ជាក់បន្ថែម។
គួរបញ្ជាក់ថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកពិភពលោក ឆ្នាំ២០១៧ កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម៤៥ប្រទេស បន្ទាប់ពីដណ្ដើមបានមេដាយសរុប ២២គ្រឿង រួមមានមេដាយមាស៤ មេដាយប្រាក់៩ និងមេដាយសំរឹទ្ធ៩ ខណៈវៀតណាម ជាប្រទេសម្ចាស់ក្បាច់គុនវៀតណាមជាប់លេខ១ និងអាល់ហ្សេរី ជាប់ចំណាត់ថ្នាក់លេខ២ ពិភពលោក៕