(ជប៉ុន)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៧ ខែសីហានេះ បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនចំនួន៤ របស់ប្រទេសជប៉ុន ចូលជួបសំដែងការគួរសម ក្នុងលក្ខណៈដាច់ដោយឡែកៗពីគ្នា ដែលក្នុងនោះមានទី១៖ ក្រុមហ៊ុន ដេនសូ ខេមបូឌា, ទី២៖ ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ, ទី៣៖ ធនាគារមីហ្សឺណូ និងទី៤៖ ក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមី។
បើតាមសេចក្តីរាយការណ៍ពីប្រទេសជប៉ុនបានឲ្យដឹងថា ក្នុងជំនួបជាមួយក្រុមហ៊ុនដេនសូ ខេមបូឌា តំណាងក្រុមហ៊ុន បានជម្រាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីថា បច្ចុប្បន្នក្រុមហ៊ុនដេនសូ មានទីតាំងនៅតំបន់សេដ្ឋកិច្ច ពិសេសរាជធានីភ្នំពេញ ហើយក្រុមហ៊ុននេះ ភាគច្រើនពាក់ព័ន្ធនឹងគ្រឿងបង្គំ របស់រថយន្តធុនធ្ងន់ ដែលមានបុគ្គលិកខ្មែរចំនួនជាង២០០នាក់។ សម្រាប់ឆ្នាំ២០១៨ ខាងមុខ ក្រុមហ៊ុន នឹងបង្កើនផលិតផលរបស់ខ្លួនបន្ថែមទៀត ជាពិសេសជួយពង្រឹង សមត្ថភាពបុគ្គលិកខ្មែរ ដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យា។
តំណាងក្រុមហ៊ុនដេនសូ ក៏បានជំរាបសម្តេចតេជោថា នៅឆ្នាំ២០១៨ ក្រុមហ៊ុនរបស់ខ្លួននឹងបង្កើតទីតាំងថ្មី១ទៀត និងបានស្នើសុំសម្តេចតេជោ ហ៊ុន សែន ចំនួន៣ចំនុចទី១៖ ការបណ្តុះបណ្តាល ជំនាញបច្ចេកវិទ្យាជូនកម្មករ គឺខាងក្រុមហ៊ុននឹងជួយ ប៉ុន្តែស្នើសុំការជួយពីស្ថាប័នរដ្ឋ ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ទី២៖ ប្រព័ន្ធដឹកជញ្ជូនស្នើសុំឲ្យរៀបចំឲ្យបានល្អ និងទី៣៖ ប្រព័ន្ធពន្ធគយ។
ជាការឆ្លើយតប សម្តេចតេជោ ថ្លែងអំណរគុណដល់ខាងក្រុមហ៊ុនជប៉ុន ដែលបានរាយការណ៍ជូនសម្តេច និងបានខិតខំជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា ដោយសម្តេចបានបញ្ជាក់ថា ការជួយរបស់ក្រុមហ៊ុននេះ គឺស្របទៅតាមការងារ របស់រាជរដ្ឋាភិបាល ក្នុងការយកចិត្តទុក្ខដាក់ ចំពោះការអភិវឌ្ឍធនធានមនុស្ស។ សម្តេចតេជោបានបន្តទៀតថា យើងអាចធ្វើការរួមគ្នាក្នុងការអភិវឌ្ឍធនធានមនុស្ស។ ជាពិសេសសម្តេចនឹងអនុញ្ញាត ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញវិញ្ញាបនបត្រ ឲ្យសិស្សដែលបានទទួលការ បណ្តុះបណ្តាលជំនាញបច្ចេកទេស។
លើសពីនេះ តំណាងក្រុមហ៊ុនដដែល បានគោរពអញ្ជើញសម្តេចតេជោ នាយករដ្ឋមន្រ្តី ទៅសម្ពោធសាខាក្រុមហ៊ុនថ្មីមួយទៀត ដែលគ្រោងនឹងសម្ភោធនៅឆ្នាំ២០១៨ខាងមុខនេះ ក្នុងប្រទេសកម្ពុជា។
បន្ទាប់មកទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តអនុញ្ញាតឲ្យក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ តំណាងក្រុមហ៊ុន ក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ បានជម្រាបជូនសម្តេចតេជោថា ក្រុមហ៊ុនរបស់ខ្លួន ជំហានទី១ បានយកជនជាតិខ្មែរ ចំនួនប្រមាណជាង៣រយនាក់ សំរាប់បំពេញការងារ បន្ទាប់មកបានយកជនជាតិខ្មែរ បំរើការងាររហូតដល់ជាង១ពាន់នាក់ ហើយជំហានទី២ នឹងបង្កើនរហូតដល់ជាង២ពាន់នាក់។
តំណាងក្រុមហ៊ុន តូយ៉ូតាថ្សឺស្សូ បានជម្រាបជូនសម្តេចទៀតថា ដោយសារក្រុមហ៊ុនរបស់លោក មានរោងចក្ររថយន្តនៅប្រទេសជិតខាងកម្ពុជា ដូចជាប្រទេសថៃផងនោះ គឺមានការដឹកឆ្លងកាត់តំបន់ព្រំដែន ដូច្នេះក៏បានស្នើសុំសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីបន្តពង្រឹងនៃការងារ ជាមួយគ្នានេះសម្តេចតេជោក៏បានគាំទ្រ ប៉ុន្តែសុំឲ្យមានការសហការជាមួយប្រទេសជិតខាង ក្នុងន័យនេះ នាពេលប្រជុំរួមដែលមានភាគីពាក់ព័ន្ធចូលរួម ដូច្នេះនឹងលើកយកបញ្ហានេះមកជជែកពិភាក្សា។
សម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៏ទៀតថា បច្ចុប្បន្ននេះយើងមានច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ហើយថ្មីៗខាងមុខនេះយើងនឹងបើកច្រកអូរនាង ដើម្បីសំរួមពាណិជ្ជកម្ម កម្ពុជា-ថៃ។ សម្តេចតេជោ ក៏បានស្នើឲ្យក្រុមហ៊ុនតូយ៉ូតាថ្សឺស្សូ ចូលរួមបន្តអភិវឌ្ឍន៏ធនធានមនុស្សនៅកម្ពុជា ធ្វើយ៉ាងណាជួយអ្នកដែលបានទទួល ការបណ្តុះបណ្តាលរួចហើយ ឲ្យទទួលបានការងារធ្វើ ។
បន្ទាប់មកទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានអនុញ្ញាតឲ្យធនាគារមីហ្សឺណូ ចូលជួបពិភាក្សាការងារ ដោយ នៅក្នុងជំនួបនោះ ភាគីខាងជប៉ុនបានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ដែលចាប់តាំងពីឆ្នាំ២០០៣មក បានផ្តល់ឱកាសឲ្យធនាគារមីហ្សឺណូ បើកការិយាល័យធនាគារនៅកម្ពុជា ខាងធនាគារ គឺបានបញ្ជាក់ថា កម្ពុជាគឺជាប្រទេសដែលមានសក្កានុពលវិនិយោគ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ធនាគារ មីហ្សឺណូ ដែលបានបង្កើតសាខានៅប្រទេសកម្ពុជា ដែលការបើកសាខានេះ គឺបង្ហាញពីជំនឿនយោបាយ និងសេដ្ឋកិច្ចចំពោះប្រទេសកម្ពុជា។ ការដែលមានធនាគារជប៉ុននៅកម្ពុជាបែបនេះ ក៏ជាចំណុចមួយជួយសំរួលដល់ អ្នកវិនិយោគនានា នៅកម្ពុជារបស់ភាគីជប៉ុនផងដែរ ព្រមទាំងបង្កភាពងាយស្រួល ចំពោះភ្ញៀវទេសចរជប៉ុន ដែលធ្វើដំណើរកំសាន្តនៅកម្ពុជាផងដែរ ក្នុងការប្រើប្រាស់លុយជប៉ុន។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានស្នើដល់ធនាគារមីហ្សឺណូ របស់ជប៉ុន ចូលរួមចំណែកបណ្តុះបណ្តាល ធនធានមនុស្សនៅកម្ពុជា និងប្រើប្រាស់ពលរដ្ឋ ដែលទទួលបានការសិក្សាបណ្តុះបណ្តាល ចូលធ្វើការងារនៅធនាគារនេះ។
បន្ទាប់មកទៀត សម្តេចតេជោ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមី ដោយតំណាងក្រុមហ៊ុន បានគោរពជំរាបសម្តេចតេជោនាយករដ្ឋមន្រ្តីថា កន្លងមកក្រុមហ៊ុនរបស់លោក បានបង្កើតរោងចក្រចំនួន៣នៅកម្ពុជា និងបានចូលរួមបណ្តុះបណ្តាលបុគ្គលិកកម្ពុជាផងដែរ ជាមួយគ្នានេះក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមីក៏បានថ្លែងអំណរគុណសម្តេចតេជោ នាយករដ្ឋមន្រ្តីពាក់ព័ន្ធវិស័យអគ្គិសនី ដែលបានចុះកិច្ចព្រមព្រៀងជាមួយ EDC ក្នុងការផ្តល់អគ្គសនីគ្រប់គ្រាន់ និងតម្លៃថោក។
សម្តេចតេជោបានឆ្លើយតបថា មិនថាក្រុមហ៊ុនតូច ឬធំទេ គឺកម្ពុជាទាក់ទាញយកទៅវិនិយោគទាំងអស់ ជាក់ស្តែងដូចជាប្រវត្តិសម្តេចផ្ទាល់ គឺចាប់ផ្តើមតាំង ពីជីវិតក្មេងវត្តខិតខំប្រឹងរហូតដល់បច្ចុប្បន្ន។ ក្នុងជំនួបនេះសម្តេចក៏បានស្នើឲ្យក្រុមហ៊ុន មីនៃប៊ែ មីតស៊ូមី ជួយបន្តបណ្តុះបណ្តាលធនធានមនុស្ស។
គួររំលឹកថា កម្ពុជា និងជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីសេរីភាវូ បនីយកម្ម ការជំរុញនិងការការពារវិនិយោគ កាលពីថ្ងៃទី១៤ ខែមិថុនាឆ្នាំ២០០៧ និងបានចូលជាធរមានកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០០៨។ ចាប់តាំងពីមាន កិច្ចព្រមព្រៀងជាមួយគ្នារួចមក មានក្រុមហ៊ុនជប៉ុនចំនួន១២៨ក្រុមហ៊ុន បានមកបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា ដែលមានទុនសរុបចំនួនជា ២ពាន់៧២៨លានដុល្លា ជាប់ចំណាត់ថ្នាក់ទី៩៕