(ភ្នំពេញ)៖ «ម្ចាស់កាសែត Cambodia Daily ថ្មី គឺលោកស្រី Deborah Krisher-Steele បានបញ្ជាក់ជុំវិញបញ្ហា (ពន្ធដារ) នេះថា លោកស្រីពិតជាបាន ទទួលលិខិតពីក្រសួងខាងលើនេះមែន ហើយនឹងធ្វើការឆ្លើយតបនៅតាមពេលវេលាសមគួរ» នេះបើយោងតាមកាសែត Cambodia Daily ចេញផ្សាយនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧នេះ។
លោកស្រី Krisher-Steele ដែលជាម្ចាស់ថ្មីរបស់ Cambodia Daily បានបញ្ជាក់តាមរយៈសារព័ត៌មានរបស់លោកស្រីយ៉ាងដូច្នេះថា «ខ្ញុំពិតជាភ្ញាក់ផ្អើល ដែលបានឃើញលិខិតពី នាយកដ្ឋានពន្ធដារ នៅលើបណ្តាញសង្គម មុនពេលដែលលិខិតនោះមកដល់ ហើយអនុញ្ញាតឲ្យខ្ញុំធ្វើការឆ្លើយ តបនោះ»។ លិខិតនោះបានទៅដល់ដៃលោកស្រី កាលពីថ្ងៃអាទិត្យ ខណៈស្រីកំពុងស្នាក់នៅគេហដ្ឋានផ្ទាល់ខ្លួន ក្នុងទៅក្រុងតូក្យូ ប្រទេសជប៉ុន ហើយលោកស្រី បានអះអាងថា លោកស្រីកំពុងតែពិនិត្យមើលចំពោះឯកសារទាំង ៥៤ទំព័រនោះនៅឡើយ ដោយការត្រូវការពេលវេលាបន្ថែមទៀតដើម្បីធ្វើការឆ្លើយតប។
លោកស្រី Krisher បានបញ្ជាក់ថា កាសែតមួយនេះគឺបានចាប់ផ្តើមដំណើរការដោយ «មិនមែនជាគំរោងរកប្រាក់កម្រៃ» ប៉ុន្តែក៏មិនមែនជា NGO នោះដែរ ដោយបន្តពីឪពុកលោកស្រី គឺលោក Bernard Krisher ដែលកាលពីខែមេសា បានលក់ទ្រព្យ សម្បត្តិនានា ទៅឲ្យក្រុមហ៊ុន Bernard Kisher Jimusho Co. Ltd. ដែលជាក្រុមហ៊ុនមួយនៅកម្ពុជា របស់លោកស្រី Krisher បានបង្កើតឡើងដូចដែលមាន សរសេរឈ្មោះនៅក្នុងលិខិតក្រសួង។
សូមជំរាបថា ឯកសារសំខាន់មួយរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញនៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ ផ្ញើជូនកាសែតអាមេរិក Cambodia Daily ដោយជូនដំណឹងអំពីការជំពាក់ថ្លៃពន្ធរយៈពេល១០ឆ្នាំ ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១៦ មានទឹកប្រាក់ 25,756,015,695 រៀល ត្រូវបានបែកធ្លាយនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook របស់លោក អ៊ូ ច័ន្ទរិទ្ធ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៧នេះ។
នៅក្នុងលិខិតរបស់អគ្គនាយកដ្ឋានពន្ធដារ ដែលចុះហត្ថលេខាដោយលោក ហេង ណារិទ្ធ នៅថ្ងៃទី០៤ ខែសីហានេះ បានសរសេរផ្ញើជូន នាយកសហគ្រាស៖ ប៊ែណាត គ្រីសឺ ជីម៉ូស្ស ឯ.ក BERNARD KRISHER JIMUSHO Co, LTD. អាសយដ្ឋានសហគ្រាស៖ លេខ២៩ ផ្លូវ៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សហគ្រាសរបស់លោកត្រូវបានពិនិត្យបញ្ជីគណនេយ្យ និងរាល់កិច្ចប្រតិបត្តិការដែលកើតមានក្នុងការិយបរិច្ឆេទគណនេយ្យឆ្នាំ ២០០៧ ដល់ ឆ្នាំ២០១៦ ជំពាក់ពន្ធរដ្ឋ 25,756,015,695 រៀល ។ តាមតួលេខទឹកប្រាក់ប្រហាក់ប្រហែលជាង៦លានដុល្លារសហរដ្ឋអាមេរិក៕