Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សិស្សសាលាបឋមសិក្សាទឹកអាងប្រមាណ៤០០នាក់ នៅស្រុកស្អាង បានទទួលបានអំណោយ និងសម្ភារសម្រាប់សិក្សាពីក្រុមហ៊ុនចំនួន២

07-08-2017 13:01

(កណ្តាល)៖ សិស្សានុសិស្សសាលាបឋមសិក្សាទឹកអាង ប្រមាណ៤០០នាក់ ស្ថិតនៅក្នុងភូមិពោធិតាប៉ាង ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល នៅថ្ងៃចុងសប្តាហ៍ បានទទួលបានអំណោយជាសម្ភារ សម្រាប់សិក្សាពីក្រុមហ៊ុនខេលីង និងប៊ីអេនអាយ ម៉ាស្ទ័រ ព្រមទាំងបានផ្តល់នូវថវិកាសម្រាប់ការជួយជួសជុលសាលា។

លោក អ៊ី អាង នាយកសាលាបឋមសិក្សាទឹកអាង បានប្រាប់ឱ្យដឹងថា នេះជាលើកទី២ហើយ ដែលក្រុមហ៊ុនខេលីង បាននាំយកអំណោយមកចែកជូនដល់សិស្សានុសិស្ស មិនតែប៉ុណ្ណោះថែមទាំង បានជួយជួសជុលកែលម្អសោភ័ណភាពសាលា ផ្តល់នូវធុងសំរាម និងដាំកូនឈើទៀតផង។

លោកបន្តថា លើកទី១ កាលពីឆ្នាំ២០១៥ ក្រុមហ៊ុន បានផ្តល់អំណោយជាសម្ភារសិក្សា ដល់សិស្សចំនួន៣០០នាក់ម្តងរួចមកហើយ ហើយលើកនេះ ក្រុមហ៊ុនបានជួយធ្វើរបង ទ្វារសាលាខាងមុខប្រវែង២០ម៉ែត្រអស់ទឹកប្រាក់១៧០០ដុល្លារ ផ្តល់នូវតុថ្មដុ ស១ឈុតតម្លៃ១២០ដុល្លារ ធ្វើខឿនដងទង់ជាតិ២៨៥ដុល្លារ ជួយកែលម្អរសួនច្បារ និងដាំផ្កាអស់១៦៨ដុល្លារ ព្រមទាំងផ្តល់នូវធុងសំរាមចំនួន១០ និងបានផ្តល់ឱ្យសិស្សចំនួន៤០០នាក់ នូវសម្ភារសិក្សាមានដូចជា កាតាប ប៊ិច ខ្មៅ ដៃ សៀវភៅ បន្ទាត់ ជ័រលុប ក្តារឆ្នួន និងបានចូលរួមដាំកូនឈើនៅក្នុងសាលាថែមទៀតផង។

លោកបានបន្ថែមដែរថា ក្នុងនាមលោកគណៈគ្រប់គ្រងសាលា លោកពិតជាមានមោទនភាពណាស់ ហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់ក្រុមហ៊ុន ដែលបានយកចិត្តទុកដាក់ និងជួយឧបត្ថមគាំទ្រដល់សាលាបឋមសិក្សាទឹកអាងនេះ។

លោក កូយ ឡេសាន អគ្គនាយកក្រុមហ៊ុនខេលីង បានថ្លែងថា ដោយសារតែចង់ចូលរួមចំណែកលើកស្ទួយវិស័យអប់រំ និងលើកទឹកចិត្តក្មេងៗ ឱ្យស្រឡាញ់ការសិក្សា ព្រមទាំងកាត់បន្ថយការបោះបង់ចោលការសិក្សានោះ ទើបបានជាក្រុមហ៊ុនខេលីង តែងធ្វើការសហការជាមួយ BNI Master បរិច្ចាគនូវធនធានផ្តល់នូវអំណោយជាសម្ភារសិក្សា ក៏ដូចជា ជួយជួសជុលសាលារៀនឱ្យមានសោភ័ណភាព ដើម្បីជាការទាក់ទាញឱ្យកុមារ ស្រឡាញ់ចូលចិត្តសាលារៀន។

លោកក៏បានបញ្ជាក់ដែរថា មូលហេតុដែលយើងលើកប្រធានបទ «កាតាបខ្ញុំអនាគតខ្ញុំ» នេះឡើងគឺដើម្បីបំផុសនិងលើកទឹកចិត្ត ឱ្យកុមារកាន់តែមានទឹកចិត្តស្រឡាញ់ការសិក្សា និងកាត់បន្ថយការបោះបង់ចោលការសិក្សា និងគេចសាលាផងដែរ៕