(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាសិទ្ធិមនុស្សកម្ពុជា បានថ្លែងថា សូម្បីតែនាយកសារព័ត៌មានដ៏ធំចំនួនពីរ របស់បរទេសដែលផ្សព្វផ្សាយជាភាសាបរទេស គឺកាសែត Cambodia Daily និងកាសែតភ្នំពេញប៉ុស្តិ៍ ក៏ទទួលស្គាល់ថា សេរីភាពនៃការគោរពសិទ្ធិមនុស្ស និងសេរីភាពនៃការផ្សព្វផ្សាយព័ត៌មានរបស់ខ្លួននៅកម្ពុជា គឺខ្លាំងជាងកាសែត New York Times និងកាសែត Washinton Post នៅសហរដ្ឋអាមេរិកទៅទៀត។
លោក កែវ រ៉េមី បានថ្លែងបែបនេះក្នុងឱកាសលោកជួបពិភាក្សាការងារទ្វេភាគីជាមួយលោកស្រី Eva Nguyen Bing ឯកអគ្គរដ្ឋទូតថ្មីរបស់បារាំង ប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ។
លោក កែវ រ៉េមី បានបញ្ជាក់ថា «វិទ្យុដែលគាំទ្រដោយបរទេស អាស៊ីសេរី និង VOA ពួកគាត់បាន តរ៉ូឡេគ្រប់ខេត្តទាំងអស់នៅកម្ពុជា ហើយក្នុងការចេញផ្សាយរបស់ពួកគេ រដ្ឋាភិបាលមិនដែលត្រួតពិនិត្យមើលអត្ថបទមុនការចេញផ្សាយនោះទេ ទោះបីជាផ្សព្វផ្សាយរបស់ពួកគាត់ចូល ទៅក្នុងបែបបទមួយ ឲ្យហួសពីសិទ្ធសេរីភាព ក្នុងការផ្សព្វផ្សាយព័ត៌មានទៅទៀត»។
លោក កែវ រ៉េមី បានបន្តទៀតថា ប៉ុន្តែអ្វីដែលសំខាន់បំផុតនោះ គឺកម្ពុជាចង់បញ្ជាក់ថា សិទ្ធិសេរីភាព នៃការផ្សព្វផ្សាយបរិហារកេរ្តិ៍ប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់អ្នកដ៏ទៃ គិតថាទូលំទូលាយ នៃការសម្តែងមតិ ហើយតាមរយៈការផ្សព្វផ្សាយតាមបណ្តាញសង្គមវិញ គឺមានប្រជាប្រិយភាពយ៉ាងខ្លាំង នៅកម្ពុជាសូម្បីតែនៅលើទូកដ ឡានក្រុង តៀមកាហ្វេ អ្នកលក់ប្រកបកាហ្វេតូចតាច អ្នកលក់ចេកចៀន ក៏មាន WIFI ប្រើដែរ។ ប្រជាជនកម្ពុជាមានចំនួនជាង១៥លាននាក់ តែទូលេខនៃការលក់ស៊ីមកាតវិញ ឡើងរហូតដល់២០លានស៊ីមកាត ដូច្នេះអ្នកប្រើប្រាស់ប្រព័ន្ធសង្គម មានសេរីភាពច្រើន ក្នុងផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា បានបើកទូលាយនេះ ដោយសារតែរដ្ឋាភិបាល បានផ្តល់សិទ្ធិពេញទីដល់ប្រជាជន។
ប្រធានសិទ្ធិមនុស្សកម្ពុជា បានបញ្ជក់ថែមទៀតថា ដោយសារតែការបើកទូលាយ នៃការប្រើប្រាស់ប្រព័ន្ធសង្គមនេះហើយ រហូតមានជនខ្លះ បានប្រើប្រាស់ប្រព័ន្ធនេះ ទៅមួលបង្កាច់ ប្រមាថដល់ព្រះមហាក្សត្រ ប្រមាថអាយុជីវិតថ្នាក់ដឹកនាំរដ្ឋាភិបាល ដោយមានការកាត់តរូបភាព ដូច្នេះសព្វថ្ងៃនេះយើង មានការព្រួយបារម្ភលើការផ្សព្វផ្សាយ ដែលជនអគតិមួយចំនួន មកធ្វើជាមុខរបរដើម្បីកេងចំណេញអ្វីមួយ។ លោកបន្តថា «ទោះបីជាការចុះផ្សាយរបស់ពួកគាត់ វាយប្រហារមកលើរដ្ឋាភិបាលកម្ពុជា ដោយប្រើពាក្យថា សង្ស័យមិនច្បាស់លាស់ យ៉ាងណាក៏ដោយ រហូតពាក្យខ្លះអាច ដែលរដ្ឋាភិបាល ចាប់កំហុសប្តឹងតែរដ្ឋាភិបាលកម្ពុជា មិនដែលប្តឹងពីការផ្សព្វផ្សាយរបស់ខ្លួននោះទេ»៕