(ភ្នំពេញ)៖ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន ស៊ីភីអែល ខេមបូឌា ប្រភើធី លីមីតធីត បានធ្វើបទបង្ហាញចែករំលែកបទពិសោធន៍ស្តីពី «៥ជំហ៊ាន នៃភាពជោគជ័យ ក្នុងវិស័យអចលនទ្រព្យ» កាលពីចុងសប្តាហ៍កន្លងទៅនេះ នៅសាលសន្និសីទសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប។
លោកឧកញ៉ា ចេង ខេង សហគ្រិន ជោគជ័យក្នុងវិស័យអចលនទ្រព្យ បានរៀបរាប់ពី៥ជំហ៊ាន ដែលធ្វើឱ្យលោកមានបាន និងជោគជ័យក្នុងវិស័យអចលនទ្រព្យ ជាប់រហូតក្នុងរយៈពេល២០ឆ្នាំនេះ។ តើជំហ៊ានទាំង៥ នោះមានអ្វីខ្លះ? លោកឧកញ៉ាបានរៀបរាប់ថា ៥ជំហ៊ាននោះរួមមាន ទី១៖ ផ្នត់គំនិត (Core Value) ទី២៖ សិក្សាពីគំរូអ្នកជោគជ័យ (Role Models and Mentors) ទី៣៖ រៀន និងហ្វឹកហាត់ជាប្រចាំ (Learning and Training) ទី៤៖ បង្កើតឱកាសក្នុងអាជីព (Lead Generation) និងទី៥៖ ត្រូវមានធនធានសក្តានុពល (Leverage Resources)។
លោកឧកញ៉ា ចេង ខេង ក៏បានស្រាយបញ្ជាក់សេចក្តីនៃជំហាននីមួយៗ ដូចជា៖ ផ្នត់គំនិត (Core Mindset) ត្រូវមានចំណង់ចំណូលចិត្ត (Passion) គោលបំណងច្បាស់លាស់ (Purpose) និងវិជ្ជមានគិតអ្វីដែលល្អៗ (Positivity) និងសេពគប់មនុស្សល្អៗ (People)។
លោកបណ្ឌិត ជា សុភាព សាកលវិទ្យាធិការសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប បានបានថ្លែងថា សព្វថ្ងៃនេះសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានអគារសិក្សាចំនួន៤ខ្នង ស្មើនឹង១៧៦បន្ទប់ បំពាក់សម្ភារៈទំនើបអាចទទួលនិស្សិតឱ្យរៀនបានប្រហែលពីរម៉ឺននាក់។ និស្សិតដែលបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប មានប្រមាណជាងមួយម៉ឺននាក់ និងកំពុងសិក្សាជិតមួយម៉ឺននាក់ គ្រប់កម្រិតចាប់ពីបរិញ្ញាបត្ររងរហូតដល់ថ្នាក់បណ្ឌិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រៅពីមានកម្មវិធីសិក្សាល្អ គ្រូល្អ និងសម្ភារៈទំនើប ជានិច្ចកាល សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប តែងតែអញ្ជើញវាគ្មិនល្បីៗ ដែលទទួលបានជោគជ័យក្នុងអាជីពមកធ្វើបទបង្ហាញចែករលែកបទពិសោធន៍ ដល់គណៈគ្រប់គ្រង បុគ្គលិក សាស្រ្តាចារ្យ និងនិស្សិតជារៀងរាល់ឆ្នាំ៕