(តាកែវ)៖ លោក សុក សិត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយាដីខេត្តតាកែវ ដែលបានកាន់កាប់តំណែងប្រធានមន្ទីរនេះ អស់រយៈពេល ជាង១០ឆ្នាំកន្លងមកហើយនោះ ត្រូវបានផ្លាស់ប្ដូរឲ្យទៅបំរើការងារនៅក្រសួង ដោយដាក់ជំនួសអនុប្រធានមន្ទីរម្នាក់វិញ។
ពិធីប្រកាស់ប្ដូតំណែងនេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ដោយមានការចូលរួមពីលោក ឆាន់ សាផាន រដ្ឋលេខាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់តំណាងឲ្យលោករដ្ឋមន្រ្តី ជា សុផារ៉ា ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
បើយោងតាមសេចក្ដីប្រកាស់ផ្លាស់ប្ដូតំណែង និងផ្ទេភារកិច្ចដែលអានដោយលោកប្រធាននាយកដ្ឋានបុគ្គលិកក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេចផ្ទេភារកិច្ចលោក សុក សិត ពីប្រធានមន្ទីរឲ្យទៅទទួលតំណែងថ្មីជាអនុប្រធាននាយកដ្ឋាន អភិរក្សសូរិយាដី និងបានតម្លើងតំណែងលោក នួន សុធា ពីអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយាដីខេត្តតាកែវ ទៅជាប្រធានមន្ទីរជំនួសវិញ។
បើយោងតាមមន្រ្តីមួយចំនួន នៅក្នុងមន្ទីរនេះបានលួចបង្ហើបឲ្យដឹងថា ការសម្រេចផ្លាស់ប្ដូរប្រធានមន្ទីរសូរិយាដីខេត្តតាកែវនេះ គឺអាជ្ញាធខេត្តជាអ្នកស្នើរសុំទៅក្រសួង ឲ្យមានការផ្លាស់ប្ដូរ ដោយសារតែប្រធានមន្ទីរធ្វើការមិនចុះសម្រុងជាមួយអាជ្ញាធរខេត្ត ពាក់ព័ន្ធទៅនិងការចេញប្លង់ដីលើផ្ទៃបឹងរបស់រដ្ឋ នៅស្រុកបាទី ប្រគល់ឲ្យក្រុមហ៊ុនមួយដែលបានទិញដីបឹងពីប្រជាពលរដ្ឋ។
លោកប្រធានមន្ទីរបានជំទាស់ និងអាជ្ញាធរខេត្តក្នុងការចេញប័ណ្ណកម្មសិទ្ធិលើផ្ទៃបឹងនេះ ទើបបានជាមានការស្នើសុំដកតំណែង។
ពាក់ព័ន្ធទៅនិងការលើកឡើងខាងលើលោក សេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យរបស់ក្រសួងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបដិសេធឆ្លើយពីមូលហេតុ នៃការផ្លាស់ប្ដូតំណែងនេះ ដោយលោកបានប្រាប់យ៉ាងខ្លីថា «សូមសសេរតាមតែលិខិតផ្លាស់ប្ដូរតំណែង និងផ្ទេរភាកិច្ចរបស់ក្រសួងទៅបានហើយ»។
លោក យស់ ណាស៊ី អ្នកនាំពាក្យសាលាខេត្តតាកែវ មិនអាចសុំការអត្ថាធិប្បាយបានទេ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ ពាក់ព័ន្ធទៅនិងការផ្លាស់ប្ដូតំណែង ប្រធានមន្ទីរសូរិយាដី ដោយលោកបានបញ្ជាក់ថា លោកកំពុងតែជាប់ប្រជុំ៕