(ភ្នំពេញ)៖ ក្រោយទទួលបានបញ្ជាពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក សៀង សុខ ផងនោះលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានបើកកិច្ច សហប្រតិបត្តិការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ ក្នុងរយៈពេល២ថ្ងៃ រហូតឈានទៅដល់ការបង្ក្រាបឃាត់ខ្លួនបាន និងដាក់បង្ហាញមុខក្រុមចោរ ដែលតែងតែ ធ្វើសកម្មភាពឆក់កាបូបស្ពាយ ទូរស័ព្ទ និងសម្ភារផ្សេងៗយ៉ាងសកម្ម ពីប្រជាពលរដ្ឋតាមដងផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញចំនួន៤នាក់ ដកហូតវត្ថុតាងម៉ូតូ១គ្រឿង និងកាបូបស្ពាយ ដែលមានឯកសារ និងថវិកា៩៤០០ដុល្លារ។
លោក អេង សោភា បានបញ្ជាក់ថា ក្រុមជនសង្ស័យ ជាចោរឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញទាំង៤នាក់ខាងលើ ដែលបង្ក្រាបបាន និងត្រូវដាក់បង្ហាញមុខ ជាសាធារណៈនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧នេះ មុនបញ្ជូនខ្លួនទៅកាន់តុលាការ ចាត់ការតាមច្បាប់ បន្ទាប់ពីប្រតិបត្តិការស៊ើបអង្កេតរយះពេល២ថ្ងៃ បន្ទាប់ពីកើតមានករណីក្រុមជនសង្ស័យ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីជនជាតិកូរ៉េម្នាក់ ដែលកំពុងដើរតាមផ្លូវ រហូតបានសម្រេច ហើយយកបានប្រាក់ជាង២ម៉ឺនដុល្លារ កាលពីព្រឹកថ្ងៃទី៣ ខែសីហា កន្លងមកថ្មីៗនេះ នៅត្រង់ចំណុចលើកំណាត់ផ្លូវលេខ១៣៦ កែងផ្លូវលេខ៥១ ភូមិ២ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ហើយក៏ត្រូវបានកម្លាំងនគរបាលការិយាល័យកំរិតធ្ងន់ បើកការស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ភ្លាមៗរយៈពេល២ថ្ងៃប៉ុណ្ណោះ អាចឈានទៅដល់ការបង្ក្រាប ឃាត់ខ្លួនក្រុមជនសង្ស័យបានតែម្ដងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ នៅត្រង់ចំណុចស្ថានីយ៍ប្រេងតេលាមួយកន្លែង ម្ដុំវត្តទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ ១GG-៨៦៣៧ រួមនិងកាបូបស្ពាយ១ មានប្រាក់៩៤០០ដុល្លារ និងឯកសារមួយចំនួនផងដែរ។
លោក អេង សោភា បានបញ្ជាក់ទៀតថា ក្រោយបង្ក្រាបក្រុមជនសង្ស័យជាក្រុមចោរឆក់ទាំង៤នាក់ ពួកគេបានឆ្លើយសារភាពថា កន្លងមកពួកគេ បានធ្វើសកម្មភាពឆក់ចំនួន២២លើក ក្នុងរាជធានីភ្នំពេញ ប៉ុន្តែឆក់លើកចុងក្រោយនេះ ពោលគឺឆក់ជាលើកទី២៣ ស្រាប់តែត្រូវនគរបាលចាប់ខ្លួនតែម្ដង។ ជនសង្ស័យត្រូវឃាត់ខ្លួនទី១-ឈ្មោះ ទូច ម៉េងហ័ង ហៅហ័ង ភេទប្រុស (ជាជនដៃដល់ធ្វើសកម្មភាពឆក់) ទី២-ឈ្មោះ ជ័យ សំណាង ភេទប្រុស (ជាអ្នកបើកម៉ូតូឌុបជនដៃដល់) ទី៣-ឈ្មោះ វ៉ា គីមហ័រ ភេទប្រុស (ជាអ្នកបើកម៉ូតូបិទគូថ) ជនសង្ស័យជាក្រុមចោរឆក់ទាំង៣នាក់ អាយុ១៧ឆ្នាំស្មើគ្នា និងមានមុខរបរជាសិស្ស ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទី៤-ឈ្មោះ រិន ចាន់ត្រា ហៅត្រា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស (ជាអ្នកជិះម៉ូតូបិទគូថ) ស្នាក់នៅផ្ទះមិនចាំលេខ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ឯជនរងគ្រោះឈ្មោះ DAVID ZHOU ភេទប្រុស ជនជាតិកូរ៉េ អាយុ៦៦ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ១១២ ផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ និងជាអ្នកទេសចរ។
សូមបញ្ជាក់ថា ក្រោយបង្ក្រាប និងដាក់បង្ហាញមុខក្រុមជនសង្ស័យទាំង៤នាក់ រួមជាមួយវត្ថុតាង ដែលដកហូតបានពីសកម្មភាព ត្រូវបានកម្លាំងការិយាល័យ នគរបាលព្រហម្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការ វិនិឆ្ឆ័យតាមផ្លូវច្បាប់ នៅថ្ងៃនេះហើយ៕