(បាត់ដំបង)៖ មន្រ្តីកាំកុងត្រូលខេត្តបាត់ដំបង សហការជាមួយមន្រ្តីគយ នគរបាល ប្រចាំការនៅស្នាក់ការ ប៉ុស្ដិ៍អូររំដួលស្រុកភ្នំព្រឹក បានចុះបង្រ្កាប និងចាប់បានទំនិញ ខូចគុណភាព មានជង្គង់មាន់ ស្លាបមាន់ ខូចគុណភាព១៥០គីឡូក្រាម និងទំនិញចម្រុះ៣០គីឡូក្រាមទៀតដែលឈ្មួញកួចនាំចូលពីប្រទេសថៃ យកមកដុតកម្ទេចចោល នៅនឹងកន្លែងភ្លាមៗ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបង បានបញ្ជាក់ទៀតថា កន្លងមក លោកតែងបានចាត់ឲ្យមន្រ្តីជំនាញ ដែលឈរជើងប្រចាំការ តាមគោលដៅរៀងៗខ្លួន ពិសេសនៅតាមច្រកព្រំដែនកម្ពុជា ថៃ ក្នុងដែនដីខេត្តបាត់ដំបង តែងបានតាមឃ្លាំមើលជាប្រចាំដើម្បីទប់ស្កាត់ នូវការនាំចូលទំនិញពាក់ព័ន្ធ ទៅនឹងចំណីអាហារ ខូចគុណភាពមិនឲ្យហូរចូលលក់ក្នុងទីផ្សារនានាបានឡើយ ព្រមទាំងបានធ្វើការផ្សព្វផ្សាយ ដល់អាជីវករលក់តាមផ្សារនិងអ្នកប្រើប្រាស់ជាប្រចាំផង។
លោកប្រធានសូមអំពាវនាវ ដល់អ្នកនាំចូលទំនិញខូចគុណភាពមេត្តាបញ្ឈប់នាំចូលទៀតទោះជាក្នុងរូបភាពណាក៏ដោយ គឺធ្វើដើម្បីសុវត្តិភាព និងជួយទប់ស្កាត់ការនាំចូលនូវទំនិញខូចគុណភាព ដែលធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋយើងទាំងអស់គ្នា៕