(បន្ទាយមានជ័យ)៖ មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល និងក្រោមការសម្របសម្រួលពីលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ បានបង្ក្រាបការនាំសាច់មាន់មាន់ខូចគុណភាព ចំនួន៦២០គីឡូក្រាម ដែលនាំចូលពីប្រទេសថៃ និងបានយកទៅរក្សាទុក ដើម្បីត្រៀមដុតកម្ទេចចោលតែម្តង។
លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកការិយាល័យប្រមូលចំណូល និងទីផ្សារ ខេត្តបន្ទាយមានជ័យបានថ្លែងប្រាប់ Fresh News ថា «សាច់មាត់ខូចគុណភាព ទាំងនេះ ត្រូវមន្រ្តីយើងចាប់បាន បន្ទាប់ពីមន្រ្តីជំនាញបានស៊ើបអង្កេតឃ្លាំមើលជាប្រចាំទើបឈានដល់ធ្វើការបង្រ្កាបបានតែម្តង»។
ជាមួយគ្នានេះ លោកប្រធានសាខាកាំកុងត្រូល តែងតែចាត់ឲ្យមន្រ្តីជំនាញឈរជើងនៅតាមមាត់ច្រកព្រំដែនកម្ពុជា-ថៃ ឃ្លាំមើលជាប្រចាំ ដើម្បីទប់ស្កាត់ការនាំចូលទំនិញ ខូចគុណភាពទាំងនេះ ពិសេសទំនិញពាក់ព័ន្ធនឹងចំណីអាហារប្រចាំថ្ងៃ ដល់អ្នកប្រើប្រាស់ក្នុងទឹកដីខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានេះ លោកបានអំពាវនាវបន្ថែមទៀត ដល់ប្រជាពលរដ្ឋទូទៅ អ្នកនាំទំនិញចូលទីផ្សារ ក៏ដូចជាអាជីវករលក់ដូរទំនិញ ក្នុងផ្សារត្រូវសហការអនុវត្តឲ្យបានល្អ ដើម្បីទប់ស្កាត់ការនាំចូលទំនិញខូចគុណភាពនេះ ដែលធ្វើឲ្យមានការប៉ះពាល់សុខភាពយើងទាំងគ្នា៕