(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ប្រមាណ១៥០នាក់ (ស្រី១៥នាក់) នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ (៧-៨ ខែសីហា ឆ្នាំ២០១៧) បានរៀបចំពិធីបាញ់គ្រាប់ពិត នៅក្នុងបរិវេណអង្គភាពតម្រួតបទបញ្ជា (ត្រពាំងក្រសាំង) ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលការហ្វឹកហាត់បាញ់គ្រាប់ពិត ធ្វើឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពលើកិច្ចការពារបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ជូនរាជរដ្ឋាភិបាលស្របច្បាប់ និងប្រជាជន។
ប្រតិបត្តិការហ្វឹកហាត់បាញ់គ្រាប់ពិតខាងលើនេះ បានធ្វើឡើងក្រោមការណែនាំដោយផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញនិងដឹកនាំបញ្ជាការ បាញ់ផ្ទាល់់ពីលោកវរសេនីយ៍ឯក ព្រំ ចាន់ណា នាយរងសេនាធិការ និងជាមេបញ្ជាការអង្គភាពតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ខណៈកំពុងដឹកនាំកម្លាំងនគរបាលហ្វឹកហាត់ បាញ់គ្រាប់ពិតខាងលើនេះ លោក ព្រំ ចាន់ណា បានបញ្ជាក់ដោយភាពម៉ឺងម៉ាត់ យ៉ាងដូច្នេះថា «ការបាញ់គ្រាប់ពិតនេះ គឺដើម្បីពង្រឹងសមត្ថភាព នៅពេលចេញប្រតិបត្តិការ យើងនឹងទទួលបានជោគជ័យ បើយើងមិនចេះប្រើប្រាស់អាវុធទេ ពេលយើងចេញប្រតិបត្តិការ យើងនឹងមិនទទួលបានជោគជ័យទេ។ យើងហ្វឹកហាត់នេះ ដើម្បីថែរក្សា ការពារ រាជរដ្ឋាភិបាលស្របច្បាប់ និងប្រជាជន។ ការដឹកនាំនេះធ្វើឡើង ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងស្នងការនគរបាលរាជធានីភ្នំពេញ ដែលចង្អុលមកខ្ញុំ ដឹកនាំការបាញ់ផ្ទាល់ លើការចេះប្រើប្រាស់អាវុធ»។
បើតាមលោក ព្រំ ចាន់ណា ការបាញ់នេះមាន៣ប្រភេទរួមមាន៖ ក្រាបបាញ់ចំងាយ១០០ម៉ែត្រ, លុតជង្គង់បាញ់ចំងាយ៥០ម៉ែត្រ និងឈរបាញ់ចំងាយ៣០ម៉ែត្រ ហើយក្នុងនោះដែរ យើងទទួលបានលទ្ធផលបឋម បានល្អបង្គួររហូតដល់៨៩%៕