(ព្រះវិហារ)៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ នៅបរិវេនសាលាខេត្តព្រះវិហារ បានប្រារព្ធពិធីដុតបំផ្លាញគ្រឿងញៀនតាមអំណាចសាលក្រម និងសាលដីកា ចំនួន០៤ខេត្តរួមមាន ខេត្តព្រះវិហារ ខេត្តសៀមរាបខេត្តកំពង់ធំ និងខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាពលោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការបង្ការ ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់តាមច្រក។
ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពី ព្រះសង្ឃ យាយជី តាជី ប្រធានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តទាំង០៤ ប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ គ្រូបង្រៀន សិស្សានុសិស្ស យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធកម្ពុជា សហភាពសហព័ទ្ធយុវជនកម្ពុជា ប្រមាណជាង៣០០០នាក់។
ចំពោះវត្ថុតាងជាថ្នាំញៀនដែលរឹបអូសបានដែល នឹងត្រូវធ្វើការដុតបំផ្លាញចោលនៅពេលនេះមានដូចជា៖ មេតំហ្វេតាមីនWYចំនួន ១៤៩,៤៦៦.៥គ្រាប់ មេតំហេ្វតាមីនICEចំនួន ៦,៣៨៤.៥ក្រាម មេតំហេ្វតាមីនICEចំនួន ១,៣៥៧កញ្ចប់តូច និង១៧៤កញ្ចប់ធំ កូកាអ៊ីនចំនួន ០២កញ្ចប់ធំ កញ្ឆាក្រៀមចំនួន ០៧បេ ស្មើនឹង១៦៦គីឡូក្រាម និង១២កញ្ចប់ធំ កញ្ឆាគ្រាប់ចំនួន ០២ថង់ និង០១ដកទឹកសុទ្ធ ដែលមានតម្លៃសរុបប្រមាណជាង១លានដុល្លា។
គួរបញ្ជក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញនូវផែនការលេខ០១ ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ស្តីពី យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ ដែលមានរយៈពេល០៦ខែ ដែលគិតចាប់ពីខែមករា ឆ្នាំ២០១៧ ដោយមានសម្តេចក្រឡាហោម ស ខេង ជាប្រធានយុទ្ធនាការ។
ក្រោយពីបានបញ្ចប់ផែនដែលមានរយៈពេល០៦ខែនេះមក រាជរដ្ឋាភិបាលកម្ពុជាបានទទួលនូវជោគជ័យគួរឲ្យកត់សម្គាល់ដោយបាន បង្ក្រាបបទល្មើស គ្រឿងញៀនចំនួន ៤,៣៣១ករណី និងចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបជាង ១១៩គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ និងអ្នកប្រើប្រាស់បាន ចំនួនជាង១ម៉ឺននាក់។
ជាចុងបញ្ចប់លោករដ្ឋមន្ត្រី បានផ្តល់នូវអនុសាសន៍ ផ្តាំផ្ញើមួយចំនួននៅក្នុងអង្គពិធីទាំងមូលដូចតទៅ៖
* ត្រូវនិយាយថា «ទេ» ចំពោះគ្រឿងញៀន និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន
* ជម្រុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋឲ្យចូលរួមសហការក្នុងការបង្កា ទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀន ដើម្បីសម្រេចបាននូវទស្សនៈវិស័យ «ចូលរួមទាំងអស់គ្នាដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»
* អំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយ ឲ្យជួយផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យបានទូលំទូលាយ
* ស្នើសុំអង្គភាព ស្ថាប័នដែលពាក់ព័ន្ធ និងអាជ្ញាធរមានសមត្ថកិច្ច ពង្រឹងកិច្ចសហការគ្នាក្នុងការទប់ស្កាត់ និងបង្រា្កបគ្រឿងញៀន ជាពិសេសខេត្តជាប់ព្រំប្រទល់
* ស្នើឲ្យតុលាការជួយពន្លឿននីតិវិធីចំពោះបទល្មើសគ្រឿងញៀនឲ្យបានឆាប់រហ័ស។